Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

បក្ស​ប្រឆាំង​ ចង់​រួម​គ្នា​ ជាមួយ​ ភាគី​ពាក់ព័ន្ធ​ ដោះស្រាយ​ បញ្ហា​នយោបាយ

បក្ស​ប្រឆាំង​ ចង់​រួម​គ្នា​ ជាមួយ​ ភាគី​ពាក់ព័ន្ធ​ ដោះស្រាយ​ បញ្ហា​នយោបាយ

វិទ្យុអាស៊ីសេរី | ២៧ ធ្នូ ២០១៣

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ពី​ចេតនា​ រួម​គ្នា​ ជាមួយ​ គណបក្ស​ ប្រជាជន​កម្ពុជា ព្រម​ទាំង​ សង្គម​ស៊ីវិល​ ដែល​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ វិបត្តិ​នយោបាយ​ នា​ពេល​បច្ចុប្បន្ន។  ការ​ប្រកាស​នេះ ធ្វើ​ឡើង​ ក្នុង​ពេល​ ដែល​ គណបក្ស​ប្រឆាំង​ មួយ​នេះ​ កំពុង​ដឹក​នាំ​បាតុកម្ម​ ជា​រៀង​រាល់​ថ្ងៃ, ហើយ​ ក៏​ស្រប​ពេល​ ដែល​កម្មករ​ ផ្ទុះ​កូដកម្ម​ ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ ដំឡើង​ប្រាក់​ខែ​គោល​ ឲ្យ​បាន ១៦០​ដុល្លារ​ ក្នុង​មួយ​ខែ។ 
សម រង្ស៊ី កឹម សុខា ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ស្ដាំ) និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Vann Vichar
មដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្វែង​រក​ដំណោះស្រាយ​នយោបាយ​តាម​រយៈ​ការ​ជួប​ចរចា​ជា​ទ្រង់ទ្រាយ​ធំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ​នេះ។
ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី បាន​ថ្លែង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ទៅ​កាន់​គូបដិបក្ខ​នយោបាយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​រួម​មាន​តំណាង​សហជីព អង្គការ​ការពារ​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត តំណាង​ប្រជាពលរដ្ឋ​មាន​បញ្ហា​នានា រួម​ទាំង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បើក​កិច្ច​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​មួយ​ឈាន​ទៅ​ជំរុញ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញ​លេញ។ ជំនួប​ទាំង​នេះ នឹង​ពិភាក្សា​លើ​បញ្ហា​ជាតិ​សំខាន់ៗ រួម​មាន ដំណើរ​ការ​បោះ​ឆ្នោត បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី បញ្ហា​ពុក​រលួយ មធ្យោបាយ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ និង​កម្មករ។
នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​មិន​ព្រម តើ​បក្ស​ប្រឆាំង​នឹង​ធ្វើ​អ្វី​បន្ត​ទៀត? លោក សម រង្ស៉ី តប​ថា គណបក្ស​ប្រឆាំង​ជឿ​ថា លោក ហ៊ុន សែន នឹង​យក​បញ្ហា​ជាតិ​ជា​ធំ ហើយ​ក៏​ប្រហែល​ជា​មិន​ចង់​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​គ្រោះ​មហន្តរាយ​នោះ​ទេ។
«សំឡេង»
ចំណែក​ឯ លោក កឹម សុខា វិញ​ព្រមាន​ថា ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​ភាព​វឹកវរ ខណៈ​ការ​តវ៉ា​របស់​ក្រុម​បាតុករ​មក​ពី​ច្រើន​វិស័យ កំពុង​តែ​មាន​សន្ទុះ​ខ្លាំងក្លា​នោះ។ លោក​បន្ត​ថា អាជ្ញាធរ​មិន​អាច​មើល​ស្រាល​ទឹក​ចិត្ត​ពលរដ្ឋ​ដែល​ចង់​បាន​ដំណោះស្រាយ​ឡើយ ព្រោះ​បាតុករ​ទាំង​នោះ​កំពុង​រង​នូវ​អំពើ​អយុត្តិធម៌ ហើយ​ទឹក​ចិត្ត​កំពុង​តែ​ពុះ​កញ្ជ្រោល។
«សំឡេង»
ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ថ្លែង​ប្រាប់​អ្នក​កាសែត​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ចំហ​សម្រាប់​ការ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង ប៉ុន្តែ​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​បាន​បិទ​ផ្លូវ​ចរចា។ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​មាន​យន្តការ​សម្រាប់​ចរចា​រួច​ហើយ។ ប៉ុន្តែ លោក ស ខេង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ស្ថានការណ៍​នយោបាយ​ពេល​សព្វថ្ងៃ​នេះ​ឡើយ។
ទោះ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​គណបក្ស​ប្រឆាំង​ជា​រឿយៗ​តាំង​ពី​ពេល​ដែល​បក្ស​ប្រឆាំង​ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម​ជា​លើក​ដំបូង។ នៅ​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ ក្រុម​កម្មករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​កូដកម្ម ដោយ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ ដោយ​ក្រុម​កម្មករ​បាន​បិទ​ផ្លូវ​ជាតិ​មួយ​ចំនួន ដើម្បី​បង្ហាញ​ពី​ការ​មិន​សុខ​ចិត្ត។
ទន្ទឹម​នឹង​នោះ សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់ លោក ម៉ម សុណង់ដូ និង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់ លោក វន់ ពៅ ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ក្នុង​បំណង​ផ្សេង​គ្នា​ដែរ។ លោក ម៉ម សុណង់ដូ ទាមទារ​ក្រសួង​ព័ត៌មាន ឲ្យ​អនុញ្ញាត​បង្កើត​ស្ថានីយ​ទូរទស្សន៍​ឯករាជ្យ និង​បង្កើត​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត។ ក្រុម​ម៉ូតូ​ឌុប និង​ម៉ូតូ​កង់​បី​របស់ លោក វន់ ពៅ ធ្វើ​បាតុកម្ម​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​នៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​១​លីត្រ។
និស្សិត​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នក​សរសេរ​អត្ថបទ​ទស្សនៈ​វិភាគ​នយោបាយ​លើ​ទំព័រ​កាសែត លោក សូ សមយុទ្ធ មាន​ប្រសាសន៍​ថា បាតុកម្ម​ផ្ទុះ​ឡើង​ពី​គ្រប់​ភាគី​សព្វថ្ងៃ​នេះ ជា​លទ្ធផល​ដែល​គណបក្ស​កាន់​អំណាច​មើល​រំលង​កម្លាំង​មហា​ជន និង​សន្ទុះ​នៃ​ការ​ប្រមូល​កម្លាំង​មហា​ជន​របស់​បក្ស​សង្គ្រោះ​ជាតិ ពី​ចំណោម​មនុស្ស​បី​ក្រុម គឺ​ក្រុម​ពលរដ្ឋ​រង​នូវ​អំពើ​អយុត្តិធម៌ ក្រុម​យុវជន និង​ក្រុម​កម្មករ។ ហើយ​ទៅ​ថ្ងៃ​មុខ បក្ស​ប្រឆាំង​នឹង​ប្រមូល​ក្រុម​អាជីវករ គ្រូ​បង្រៀន មន្ត្រី​រាជការ និង​ក្រុម​ប្រដាប់​អាវុធ ដើម្បី​ធ្វើ​បាតុកម្ម​ទៀត។ លោក​បន្ថែម​ថា បើ​សិន​ជា​បាតុកម្ម​កាន់​តែ​ធំ​នោះ បក្ស​កាន់​អំណាច​មាន​ជម្រើស​តែ​ពីរ​គត់ គឺ​ទី​១ បង្កើត​ដៃ​ទី​៣ ដើម្បី​បន្ថយ​ឥទ្ធិពល​បាតុកម្ម និង​ទី​២ គឺ​បំបែក​បាតុកម្ម​ដោយ​ហិង្សា។ តែ​បើ​បន្ថយ​កម្លាំង​បាតុករ​មិន​បាន​នោះ មហន្តរាយ​នឹង​មាន​ដល់​បក្ស​កាន់​អំណាច​ខ្លួន​ឯង​វិញ និង​ដល់​ជាតិ​ទាំង​មូល។ លោក​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវ​តែ​អង្គុយ​ចុះ ចរចា​គ្នា​ដោយ​ភាព​ស្មោះ​ត្រង់។
«សំឡេង»
បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​បាន​អូស​បន្លាយ​ជាង ១០​ថ្ងៃ​មក​ហើយ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង បាន​បញ្ជាក់​ថា បាតុកម្ម​នេះ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ពលរដ្ឋ​ខ្មែរ ឲ្យ​ហ៊ាន​តវ៉ា និង​រិះគន់​នូវ​ទង្វើ​អយុត្តិធម៌​ក្នុង​សង្គម ដែល​បណ្ដាល​មក​ពី​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល និង​ជា​ការ​បណ្ដុះ​មនសិការ​ជាតិ​និយម។
កន្លង​ទៅ ភាគី​ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ ដូច​ជា ជប៉ុន អូស្ត្រាលី សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប មិន​ទាន់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ទេ និង​ថែម​ទាំង​បាន​ស្នើ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អង្គុយ​តុ​ចរចា​ទៀត​ផង។ ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ បាន​ចរចា​គ្នា​ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា កាល​ពី​ខែ​កញ្ញា ប៉ុន្តែ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា ហើយ​ក៏​មិន​ទាន់​មាន​សញ្ញា​ពី​ការ​ចរចា​គ្នា​ជា​ថ្មី​ដែរ៕

No comments:

Post a Comment