Paris Peace Accords 23 Oct. 1991

Wednesday, December 25, 2013

[Vietnamization] ពលរដ្ឋ​ នៅ​ព្រំដែន​ ខ្វះ​ទឹក​ ដាក់​ស្រែ ​ដោយសារ វៀតណាម​ ហាមឃាត់ | Cambodians living along the border without water due to blockage by Vietnam

ពលរដ្ឋ​ នៅ​ព្រំដែន​ ខ្វះ​ទឹក​ ដាក់​ស្រែ ​ដោយសារ វៀតណាម​ ហាមឃាត់

បញ្ហា​ព្រំដែន​ រវាង​ ប្រទេស​កម្ពុជា​ និង​វៀតណាម ទោះ​បី​ជា រដ្ឋាភិបាល​ បាន​បោះ​បង្គោល​ព្រំ​សីមា​ ហើយ​ក្ដី ក៏​ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​ រស់​នៅ​ ជាប់​ព្រំដែន​ខ្មែរ-​វៀតណាម​នេះ មិន​មាន​សិទ្ធិ​សេរីភាព​ ពេញលេញ​ ក្នុង​ការ​ប្រកប​ អាជីវកម្ម ពិសេស​ការប្រកប​មុខ​របរ​ ស្រែ​ចម្ការ​ នៅ​លើ​ដី​ របស់​ខ្លួន​ ជាប់​ព្រំ​ប្រទល់​វៀតណាម​នោះ។
វិទ្យុ អាស៊ី សេរី | ២៤ ធ្នូ ២០១៣
ព្រំដែន វៀតណាម ៦១០
២១-ធ្នូ-២០១៣៖ ព្រែក​ជាឫស្សី ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម នា​ខេត្ត​ស្វាយរៀង។
RFA/Tin Zakariya
ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ ខែត្រ​ស្វាយរៀង បាន​លើក​ឡើង​ថា ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ដាក់​ស្រែ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ដាក់​លើ​ដី​ស្រែ​របស់​ខ្លួន។
ទឹក​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​បូម​យក​មក​ប្រើ​ប្រាស់​របស់​ប្រជាកសិករ​ក្នុង​ការ​ប្រកប​មុខ​របរ​កសិកម្ម។ ក៏ប៉ុន្តែ​សម្រាប់​ប្រជាកសិករ​នៅ​តាម​តំបន់​ដាច់​ស្រយាល​តាម​ព្រំដែន​វៀតណាម នៅ​ខែត្រ​ស្វាយរៀង វិញ កំពុង​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រើប្រាស់​ទឹក​ព្រែក​ជាឫស្សី។
ប្រជាពលរដ្ឋ​នៅ​ភូមិ​ជាឫស្សី ស្រុក​ស្វាយជ្រំ ខែត្រ​ស្វាយរៀង បាន​ត្អូញត្អែរ​ថា ពួកគាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​យក​ទឹក​ព្រែក​ជាឫស្សី ដែល​នៅ​ជាប់​ព្រំដែន​វៀតណាម បង្ហូរ​ដាក់​ស្រែ​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជីក​ដី​ព្រែក​នៅ​ជាប់​ស្រែ​ពួក​គាត់​នោះ​បង្ហូរ​ចូល​ស្រែ ទោះ​បី​ព្រែក​នោះ​នៅ​ខាង​ដី​ខ្មែរ​ក៏ដោយ។
ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សុវណ្ណ បាន​រៀបរាប់​ថា គាត់​បាន​ធ្វើ​ស្រែ​ជា​រៀងរាល់​ឆ្នាំ ដោយ​ពឹង​អាស្រ័យ​លើ​ទឹក​ភ្លៀង និង​ទឹក​ព្រែក​ជាឫស្សី ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់។ លោក​បញ្ជាក់​ថា នៅ​ខែ​ប្រាំង​នេះ ពួក​គាត់​ត្រូវ​បូម​ទឹក​ព្រែក​ដាក់​ស្រែ ក៏​ប៉ុន្តែ​ការ​បូម​ទឹក​នេះ ត្រូវ​ចំណាយ​លុយ​ច្រើន ដោយសារ​ត​ទុយយោ​វែង និង​ចរន្ត​ទឹក​មិន​សូវ​ខ្លាំង តែ​បើ​ជីក​ប្រឡាយ​បង្ហូរ​ពី​ព្រែក​ចូល​ទៅ​ក្នុង​ស្រែ​ទើប​មាន​ទឹក​ច្រើន តែ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ហាម​ឃាត់។
ព្រែក​ជាឫស្សី​មួយ​បច្ចុប្បន្ន​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម នៃ​ស្រុក​ស្វាយជ្រំ ខែត្រ​ស្វាយរៀង។ ព្រែក​នេះ​មាន​ប្រវែង​វែង​ជាប់​ទៅ​ខែត្រ​ព្រៃវែង។ អ្នក​ស្រុក​អះអាង​ដូចៗ​គ្នា​ថា ពួកគាត់​មិន​អាច​ជីក​ប្រឡាយ​ដោយ​ប្រើ​គ្រឿងចក្រ​ដើម្បី​បង្ហូរ​ទឹក​ពី​ព្រែក​ចូល​ស្រែ​បាន​ទេ អាជ្ញាធរ​វៀតណាម​ឆ្លង​ព្រែក​មក​ហាម​ឃាត់ ទោះ​បី​បង្គោល​ព្រំដែន​ខណ្ឌ​ដាច់​ពី​គ្នា​ក៏ដោយ។ ពួកគាត់​បាន​លើក​ឡើង​ថា ពួកគាត់​ជីក​ប្រឡាយ​ស្ថិត​នៅ​លើ​ដី​ខ្មែរ​ទេ តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត ហើយ​អាជ្ញាធរ​កម្ពុជា មិន​ហ៊ាន​ការពារ​ពួក​គាត់​នោះ​ឡើយ។
ប្រជាពលរដ្ឋ​ទាំង​នេះ​បាន​លើក​ជា​ចម្ងល់​ថា មូលហេតុ​អ្វី​បាន​ជា​ពួកគាត់​ចង់​ជីក​ប្រឡាយ​បង្ហូរ​ទឹក​នៅ​លើ​ដី​ស្រែ​របស់​ខ្លួន​មិន​បាន? តើ​ហេតុ​អ្វី​បាន​ជា​វៀតណាម មាន​សិទ្ធិ​គ្រប​ដណ្ដប់​មក​លើ​ទឹក​ដី​កម្ពុជា ដូច្នេះ?
ស្ត្រី​មាន​វ័យ​ជាង ៥០​ឆ្នាំ ឈ្មោះ សៅ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​និង​វៀតណាម រស់​នៅ​តាម​ព្រំដែន​ដូច​គ្នា គឺ​មាន​សិទ្ធិ​ខុស​គ្នា។ លោកស្រី​បញ្ជាក់​ថា ប្រជាពលរដ្ឋ​វៀតណាម មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បូម​យក​ទឹក​ពី​ព្រែក ទាំង​បូម ទាំង​ជីក​ប្រឡាយ​បង្ហូរ​ទឹក តែ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ បើ​អ្នក​ណា​ហើយ​ហ៊ាន​ជីក​ប្រឡាយ​បង្ហូរ​ទឹក​នោះ អាជ្ញាធរ​វៀតណាម​នឹង​ចាប់​ខ្លួន។
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស (កិច្ចការ​ព្រំដែន) និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​របាយការណ៍​នេះ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឡើយ។ តែ​យ៉ាង​ណា​ក៏ដោយ លោក វ៉ា គឹមហុង អះអាង​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​សិទ្ធិ​ស្មើៗ​ក្នុង​ការ​យក​ទឹក​ព្រែក​មក​ប្រើប្រាស់។
ព្រែក​ជាឫស្សី ជា​តំបន់​ព្រំ​ប្រទល់​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ប្រជាពលរដ្ឋ​ទាំង​ពីរ​រស់​នៅ​តាម​ដង​ព្រែក​នេះ ប្រកប​មុខ​របរ​កសិកម្ម​ដែល​ពឹង​ប្រភព​ទឹក​ពី​ព្រែក​ជា​សំខាន់។ ក៏ប៉ុន្តែ​បើ​ក្រឡេក​មើល​នៅ​ផ្នែក​ខាង​វៀតណាម​វិញ មាន​ប្រឡាយ​ទឹក​ធំៗ​ជា​ច្រើន ដែល​វៀតណាម ជីក​បង្ហូរ​ទឹក​ដាក់​ស្រែ និង​ដាក់​ដំណាំ​កសិកម្ម​ផ្សេងៗ។ ដោយ​ឡែក​នៅ​ប៉ែក​ខាង​កម្ពុជា​វិញ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ជីក​ព្រែក​ដូច​វៀតណាម បាន​ទេ ត្រូវ​បាន​វៀតណាម ហាម​ឃាត់។
លោកស្រី សៅ បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្វះ​ស្បៀង​ដោយសារ​តែ​ពួកគាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ជីក​ព្រែក​បង្ហូរ​ទឹក​ដូច​វៀតណាម​នេះ។ លោកស្រី​អះអាង​ថា ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ពួក​គាត់​ស្កក ហើយ​ស្រែ​ដែល​ធ្វើ​បាន​ផល​នោះ គឺ​ស្រែ​នៅ​ជិត​មាត់​ព្រែក។
របាយការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDRI ឆ្នាំ​២០១៣ បាន​សរសេរ​ថា អនុ​វិស័យ​សំខាន់ៗ មាន​ស្រូវ ដំណាំ​ផ្សេងៗ​ទៀត ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សន្តិសុខ​ស្បៀង និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​កម្ពុជា ដោយ​ផ្ដល់​ការ​ងារ​ប្រមាណ ៧២% នៃ​កម្លាំង​ពលកម្ម​សរុប។ ក្នុង​នេះ​មាន​ទាំង​ប្រជាជន​ក្រីក្រ​មួយ​ភាគ​ធំ​ផង។ វិស័យ​កសិកម្ម ជា​ពិសេស​ដំណាំ​ស្រូវ ជា​វិស័យ​សំខាន់​បំផុត​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។
ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បង្ហូរ​ទឹក​ពី​ព្រែក​មិន​បាន​នេះ ជា​ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ការ​ប្រមូល​ទិន្នផល​ស្រូវ​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ឆ្នាំៗ ជាពិសេស​ទៅ​ទៀត​នោះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បោះបង់​ដី​ស្រែ ហើយ​ធ្វើ​ចំណាក​ស្រុក​ក៏​មាន។
ម្យ៉ាង​វិញ​ទៀត ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន​វិញ ក៏​មិន​ការពារ ឬ​តទល់​ជាមួយ​អាជ្ញាធរ​វៀតណាម នៅ​ពេល​អាជ្ញាធរ​វៀតណាម មក​ទប់​ស្កាត់​នោះ​ទេ ម្យ៉ាង​ទៀត អាជ្ញាធរ​ក៏​ហាម​ពួកគាត់​មិន​ឲ្យ​ជីក​ប្រឡាយ​បង្ហូរ​ទឹក​នេះ​ដែរ។
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ដែល​លោក​បាន​ចុះ​ទៅ​មើល​ទីតាំង​ប្រជាពលរដ្ឋ​មាន​បញ្ហា​នេះ​ផ្ទាល់​ដែរ​នោះ មាន​ប្រសាសន៍​ថា វៀតណាម​ហាក់​កំពុង​ធ្វើ​អាណានិគម​មក​លើ​កម្ពុជា ពីព្រោះ​ថា អាជ្ញាធរ​វៀតណាម មាន​សិទ្ធិ​គ្រប់​យ៉ាង​មក​លើ​អាជ្ញាធរ​កម្ពុជា។
នៅ​តាម​ព្រំ​ប្រទល់​ដែន​រវាង​កម្ពុជា​និង​វៀតណាម មាន​ភាព​ខុស​គ្នា។ នៅ​ខាង​វៀតណាម ជាប់​មាត់​ព្រែក​នោះ បាន​រៀប​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កៅស៊ូ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឆ្លង​កាត់ ដោយ​ឡែក​នៅ​ប៉ែក​ខាង​កម្ពុជា​វិញ មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាស់លាស់​នោះ​ទេ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ការ​កំណត់​ព្រំ​ប្រទល់​ដី​ជាដើម។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​មុន​គេ និង​រៀបចំ​ភូមិ ព្រមទាំង​ត្រូវ​ពង្រឹង​សមត្ថភាព​អាជ្ញាធរ​ដែន​ដី​នៅ​តាម​ព្រំដែន​នោះ ឲ្យ​មាន​ការ​គ្រប់គ្រង​ដែនដី​ឯករាជភាព។ រដ្ឋាភិបាល​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៃ​ការ​ប្រើប្រាស់​ធនធាន​រួម​នោះ​ឲ្យ​បាន​ច្បាស់លាស់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា បើ​មិន​ដូច្នេះ​ទេ ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​ខាង​មុខ៕

1 comment:

  1. Anonymous2:16 PM

    Where is AH Ou Virak? Where are you? Cambodian people need you!

    ReplyDelete