"ថៅកែ រោងចក្រ កាត់ដេរ គ្មានប្រាក់ខែ បើកឲ្យ កម្មករ"

ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំកម្មករហែក្បួនបាតុកម្មនារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៣។
RFA/Mom Sophon
ក្នុងលិខិតចំហរបស់ជីម៉ាក់ ចុះថ្ងៃទី២៩ ធ្នូ មានតែត្រា មិនមានឈ្មោះនិងមិនមានចុះហត្ថលេខា ដោយមន្ត្រីណាម្នាក់នោះ បានទាមទារឲ្យប្រធានសហជីពកម្មករទាំង ៦ ទទួលខុសត្រូវលើការខាតបង់របស់ថៅកែរោងចក្រ និងការបាត់បង់ការងាររបស់កម្មករ រួមទាំងការបាត់បង់ឱកាសវិនិយោគលើវិស័យរោងចក្រកាត់ដេរ ដោយសារវិនិយោគិនបរទេសអាចឈប់រកស៊ីនៅកម្ពុជា ពីព្រោះសហជីពទាំង៦នេះ បានញុះញង់ឲ្យកម្មករឈប់ធ្វើការ ដោយនាំគ្នាធ្វើបាតុកម្មទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារ ចាប់តាំងពីថ្ងៃទី២៥ ធ្នូ មក ដែលធ្វើឲ្យដំណើរការរោងចក្រកាត់ដេរជាប់គាំងមិនមានទំនិញនាំចេញលក់ឲ្យអ្នកបញ្ជាទិញ។
លិខិតរបស់ជីម៉ាក់ ក៏បានអំពាវនាវឲ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសហជីព ធានាសុវត្ថិភាពការងារដល់កម្មករ និងធានាទ្រព្យសម្បត្តិរបស់អ្នកវិនិយោគិន ហើយមន្ត្រី ជីម៉ាក់ រង់ចាំចម្លើយយ៉ាងអត់ធ្មត់ក្នុងការពិភាក្សាគ្នាបន្តទៅទៀត ដើម្បីបើកឲ្យដំណើរការរោងចក្រឡើងវិញ។
ក្រោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញលិខិតចំហនេះមក ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងការសោកស្ដាយចំពោះការមិនចូលរួមរបស់សមាគមរោងចក្រក្នុងកិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាការងារនៅថ្ងៃទី៣០ ធ្នូ។ ក្រសួងការងារសង្ឃឹមថា សមាគមរោងចក្រនឹងពិចារណាឡើងវិញ ក្នុងការចូលរួមពិភាក្សាដោះស្រាយបញ្ហានេះ។
គណៈកម្មការក្រុមប្រឹក្សាការងារនេះ មានសមាសភាពត្រីភាគី គឺតំណាងរាជរដ្ឋាភិបាល តំណាងក្រុមសមាគមរោងចក្រ និងខាងសហជីពតំណាងកម្មករ៕
No comments:
Post a Comment