ក្រសួងការងារ នឹងបើក ការពិភាក្សា នៅថ្ងៃចន្ទ ទោះមិនមាន វត្តមាន របស់ GMAC
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013
ក្រសួងការងារ នឹងបើកកិច្ចពិភាក្សាជាមួយសហជីពទាំង៦ ដោយមានការចូលរួមពីដៃគូរពាក់ព័ន្ធនានា តាមការគ្រោងទុកនៅថ្ងៃចន្ទ ទី៣០ ខែធ្នូនេះ បើទោះបីជាមិនមានភាគីនិយោជក និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ចូលរួមក្តី។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ ខែធ្នូនេះ ឲ្យដឹងថា ក្រសួង សោកស្តាយចំពោះការប្រកាសមិនចូលរួមរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ ការខូចខាត រួមនឹងផលប៉ះពាល់ដែលបង្កឡើងដោយការធ្វើបាតុកម្ម ហិង្សាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
យ៉ាងណាក៏ដោយ លិខិតក្រសួងការងារ សង្ឃឹមថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងពិចារណាឡើងវិញ ចូលរួមកិច្ចភាក្សានៅថ្ងៃស្អែកនេះ ដើម្បីបញ្ចប់បាតុកម្មតវ៉ា ស្ថានសភាពការណ៍វិលមករកភាពប្រក្រតីវិញ ដើម្បីធានាដំណើរការអាជីវកម្មរបស់អ្នកវិនិយោគ និងរក្សាផលប្រយោជន៍របស់កម្មករ។
ក្រសួងការងារ នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អង្គការសហជីព អង្គការនិយោជក និងដៃគូពាក់ព័ន្ធនានា ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់សកម្មភាពញុះញង់បង្កអស្ថិរភាពនៅតាមតំបន់រោងចក្រសហគ្រាសនានា៕
No comments:
Post a Comment