ពលរដ្ឋ តវ៉ាប្រឆាំង នឹងក្រុមហ៊ុនពីរ នៅខេត្តព្រះវិហារ ទាក់ទង ជម្លោះដី
ដោយ៖ បូ សាវី និង អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
ក្រុមអ្នកតវ៉ាទាំងនោះ មកពីរភូមិស្រយ៉ង់ជើង និងភូមិស្រយ៉ង់ត្បូង បានតវ៉ាចាប់ពីម៉ោងជាង៨ព្រឹក នៅចំណុចផ្សារស្រយ៉ង់ និងបន្ដទៅខាងមុខក្រុមហ៊ុនទាំងពីរនោះ ហើយបានរំសាយទៅវិញ នៅម៉ោងជាង១២ថ្ងៃត្រង់នេះ។ពលរដ្ឋជាង៥០០នាក់ នៅស្រុកគូលេន ខេត្ដព្រះវិហារ នៅថ្ងៃចន្ទនេះ បានតវ៉ាប្រឆាំង នឹងក្រុមហ៊ុនបរទេសចំនួនពីរ ដែលពួកគាត់អះអាងថា ក្រុមហ៊ុនទាំងនោះ បានយកគ្រឿងចក្រឈូសឆាយ និងបោះបង្គោលហ៊ុមព័ទ្ធ យកដីពួកគេ ដែលក្រុមនិស្សិតបានវាស់ឲ្យកន្លងមក។
អ្នកចូលរួមតវ៉ា លោក តែម រុំ ប្រាប់VODថា ពលរដ្ឋជាង២០០គ្រួសារ នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ទាមទារឲ្យក្រុមហ៊ុន សេឡាដាមិច ដែលមានម្ចាស់ជាជនជាតិបារាំង បញ្ឈប់ឈូសឆាយ និងបោះបង្គោលព្រំដី នៅតំបន់នោះ ដែលប៉ះពាល់ដីធ្លីពួកគេជាង៣០០០ហិកតា និងឲ្យក្រុមហ៊ុន បើកផ្លូវឲ្យពលរដ្ឋបានឆ្លងកាត់ឡើងវិញ។ លោកបន្តថា ការទាមទារនេះ ក៏ឲ្យអាជ្ញាធរ ផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដី ដែលក្រុមនិស្សិតវាស់ជូនឲ្យកន្លងមកដែរ ៖ "អត់ទាន់ឲ្យជួល ក៏អត់ឲ្យបោះបង្គោលដែរ លុះត្រាតែចេញប្លង់រឹងដែលកងស្ម័គ្រសម្តេចតេជោ ហ៊ុន សែន ដែលគាត់បានមកវាស់វែងដីធ្លីឲ្យប្រជាពលរដ្ឋ បានចេញប្លង់រឹងសិន បានគាត់នឹងឲ្យឈូស ហើយក្រុមហ៊ុនទាំងពីរហ្នឹងយើងចរចាគ្នា បើថា បើចរចាគ្នាមិនត្រូវទេ គឺអត់ឲ្យបោះបង្គោលលើដីប្រជាពលរដ្ឋទេ"។

ដោយឡែក ពលរដ្ឋ នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ លោក ឈុន អឿង អាយុ៧០ឆ្នាំ ឲ្យដឹងថា ដីអ្នកភូមិ ជាង៣០០គ្រួសារ ត្រូវបានក្រុមហ៊ុនអេមីនីន យកគ្រឿងចក្រឈូស និងជីកប្រឡាយ ព័ទ្ធយកដីពួកគេ ដែលក្រុមនិស្សិតវាស់ឲ្យកន្លងមក ជាច្រើនហិកតា។ លោកថា ពួកគេទាមទារឲ្យក្រុមហ៊ុនដកគ្រឿងចក្រចេញ និងបញ្ឈប់អភិវឌ្ឍន៍នៅតំបន់នោះ ៖ "គឺថាហាមឃាត់ដាច់ខាតមិនឲ្យចូលទេ លុះត្រាណាតែដោះស្រាយអារឿងដីប្រជាពលរដ្ឋរួច ដីក្រុមហ៊ុនរួច វែកញែកឲ្យច្បាស់លាស់ បានឲ្យចូលធ្វើម៉េចធ្វើទៅដីរបស់ឯង។ បើឥឡូវនេះក្រុមហ៊ុនគេទាមទារឲ្យឈូសធ្វើផ្លូវ ប្រជាពលរដ្ឋអត់ព្រមទេ តែកាលណាតែឈូសចូលវាទៅគេយកហើយ អត់បានទេអត់ឲ្យចូលទេ"។
VODមិនអាចទាក់ទង អ្នកគ្រប់គ្រងក្រុមហ៊ុនទាំងពីនោះ បាននៅឡើយទេ។ ចំណែកអភិបាលស្រុកគូលេន ដែលទៅដោះស្រាយនៅកន្លែងតវ៉ា លោក ជុំ ពុយ ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយលោកប្រាប់ថា ជាប់រវល់។
ប៉ុន្ដែ ពលរដ្ឋឲ្យដឹងថា អាជ្ញាធរបានសន្យា ឲ្យក្រុមហ៊ុនឈប់ធ្វើសកម្មភាពបណ្ដោះអាសន្នសិន។
អ្នកសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា តាមការចុះអង្គេតកន្លងមក ក្រុមហ៊ុនសេឡាដាមិច ពិតជាបានអភិវឌ្ឍន៍ប៉ះពាល់ ដីពលរដ្ឋនៅតំបន់នោះមែន ហើយអាជ្ញាធរគួរអនុវត្ដតាមពលរដ្ឋ ព្រោះដីនោះក្រុមនិស្សិតបានវាស់ជួនពួកគេរួចហើយ។ លោកបន្ដថា ដោយឡែកដីទំនាស់ ជាមួយក្រុមហ៊ុនអេមីនីន លោកមិនដឹងច្បាស់នៅឡើយទេ តែលោកនឹងចុះស៊ើបអង្កេតនៅសប្ដាហ៍ក្រោយ៕
No comments:
Post a Comment