សភា នឹងរាយការណ៍ ទៅ ព្រះមហាក្សត្រ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពី អវត្តមាន របស់ តំណាងរាស្ត្រ CNRP ក្នុងសភា
ដោយ៖ ឡាយ សាមាន / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
(រូបភាពដោយ ឡាយ សាមាន)
មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ នៅថ្ងៃចន្ទនេះ ឲ្យដឹងថា រដ្ឋសភា នឹងធ្វើរបាយការណ៍មួយស្តីអំពីការប្រជុំពេញអង្គនៃរដ្ឋសភាលើកទី១នៃនីតិកាលទី៥ទៅភាគីពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីអវត្តមានរបស់ តំណាងរាស្ត្រទាំង៥៥របស់គណបក្សសង្គ្រោះជាតិ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីការប្រជុំសភាពេញអង្គនៃរដ្ឋសភាលើកទី១នៃនីតិកាលទី៥នៅព្រឹកថ្ងៃចន្ទ ទី៣០ខែធ្នូ នៅវិមានរដ្ឋសភា។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីការប្រជុំសភាពេញអង្គនៃរដ្ឋសភាលើកទី១នៃនីតិកាលទី៥នៅព្រឹកថ្ងៃចន្ទ ទី៣០ខែធ្នូ នៅវិមានរដ្ឋសភា។
អនុប្រធានទី១នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ងួន ញ៉ិល ថ្លែងទៅកាន់អ្នកសារព័ត៌មានថា រដ្ឋសភា នឹងធ្វើរបាយការណ៍ដាក់ថ្វាយព្រះមហាក្សត្រ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) និងក្រុមប្រឹក្សាធម្មនុញ្ញពីអវត្តមានរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំសភាលើកទី១នៃនីតិកាលទី៥។ លោកបញ្ជាក់ថា មិនទាន់អាចកំណត់ថ្ងៃនៃការបញ្ជូនរបាយការណ៍ទៅភាគីពាក់ព័ន្ធបាននៅឡើយទេ។
បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង៥៥រូប មិនបានចូលរួមកិច្ចប្រជុំណាមួយរបស់រដ្ឋសភាឡើយ សូម្បីតែបើកកិច្ចប្រជុំសភាលើកដំបូង ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី។
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៨៣ថ្មី ឲ្យដឹងថា អាសនៈរបស់តំណាងរាស្ត្រដែលនៅទំនេរ ដោយសុំលាលែងដោយបោះបង់ចោលការងារចំនួនបីខែគ្មានការអនុញ្ញាត ដោយទទួលមរណភាព ដោយប្រាសចាកសមាជិកភាពរដ្ឋសភា ឬ ដោយប្រាសចាកសមាជិកភាពពីគណបក្សជាប់ឆ្នោត ត្រូវបំពេញជំនួសដោយតំណាងរាស្ត្រថ្មីលំដាប់លេខរៀងបន្ទាប់ ដែលជ្រើសរើសក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងគណបក្សក្នុងមណ្ឌលជាមួយគ្នា។
អគ្គលេខាធិការ គជប លោក ទេព នីថា ប្រាប់ VODថា លោកនឹងពិចារណាតាមសមត្ថកិច្ចរបស់ខ្លួន ដែលមាននៅក្នុងច្បាប់ នៅពេលទទួលបានលិខិតពីរដ្ឋសភា៕
No comments:
Post a Comment