សមាគម គ្រូបង្រៀន ព្រមាន ធ្វើកូដកម្ម ទាមទារប្រាក់ខែ ១លានរៀល
ភ្លាមៗបន្ទាប់ពីអង្គសមាជ ឬសមាជិកគ្រូបង្រៀនពីតាមបណ្ដាខេត្តនានាទូទាំងប្រទេស បានបោះឆ្នោតឲ្យបន្តដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងអាណត្តិទី៥ រួចមក លោក រ៉ុង ឈុន បានប្រកាសនៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ថា នឹងដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេសធ្វើកូដកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដំឡើងប្រាក់ខែជូនគ្រូបង្រៀនក្នុង១ខែឲ្យបាន ១លានរៀល។
លោកបន្តថា កូដកម្មនេះធ្វើឡើងតាមរយៈគ្រូបង្រៀនមិនចូលបង្រៀន ឬលើកបដាតវ៉ាដំឡើងប្រាក់ខែ ១លានរៀលនៅតាមរបងសាលានីមួយៗ នៅថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០១៤៖ «ធ្វើមហាកូដកម្មនៅនឹងកន្លែង ដោយមិនបង្រៀន។ សូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ចូលរួម ហើយនឹងសរសេរបដាចងនៅតាមរបងសាលានីមួយៗទាំងអស់គ្នា គឺសុំប្រាក់ខែ ១លានរៀលក្នុង១ខែ សម្រាប់គ្រូបង្រៀនម្នាក់ៗ»។
ការព្រមាននេះ កើតឡើងស្របពេលដែលក្រុមកម្មករកាត់ដេរ និងផលិតស្បែកជើងស្ទើរទូទាំងប្រទេស បានធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ខែសម្រាប់កម្មករម្នាក់ៗ។
កូដកម្មនេះសម្រាប់សមាជិកសមាគមគ្រូ ឬតំណាងគ្រូបង្រៀននៅតាមបណ្ដាខេត្តមួយចំនួន បានប្រកាសថានឹងចូលរួមធ្វើកូដកម្មមិនចូលបង្រៀនរហូតមានដំណោះស្រាយដំឡើងប្រាក់ខែជូនគ្រូបង្រៀន ឬមន្ត្រីរាជការដទៃទៀត។
គ្រូបង្រៀននៅសាលាវិទ្យាល័យអង្គរ ខេត្តសៀមរាប លោក ស៊ីម ពៅ មានប្រសាសន៍ថា បានត្រៀមលក្ខណៈចូលរួមធ្វើកូដកម្មជាមួយមេដឹកនាំសមាគមគ្រូបង្រៀន ដើម្បីទាមទារដំឡើងប្រាក់ខែ ១លានរៀលរួចហើយ។ គ្រូបង្រៀនរូបនេះបានថ្លែងរិះគន់រដ្ឋាភិបាលថា ប៉ុន្មានអាណត្តិមកនេះ មិនបានជួយគិតគូរដល់ជីវភាពគ្រូបង្រៀននោះទេ។ លោកបន្តថា ទន្ទឹមនឹងប្រាក់បៀវត្សដែលមានចំនួនតិចតួចទៅហើយនោះ ប៉ុន្តែបែរជារដ្ឋាភិបាលបើកជូនគ្រូបង្រៀនមិនបានទៀងទាត់តាមខែនីមួយៗថែមទៀត។
លោក ស៊ីម ពៅ៖ «នៅទីជនបទ ឬទីក្រុងក៏ដោយ បានចោទអំពីបញ្ហាទំនិញឡើងថ្លៃ មិនស្របទៅនឹងប្រាក់បៀវត្សរបស់គ្រូបង្រៀនដែលទទួលបានប្រចាំខែ។ អ៊ីចឹង ទោះបីប្រាក់បៀវត្សមួយលានរៀល ក៏មិនទាន់គ្រប់គ្រាន់ដែរ ក៏ប៉ុន្តែការទាមទារនេះ គ្រាន់តែជាការទាមទារទៅតាមដំណាក់កាល ឬជាជំហានៗ។ អ៊ីចឹង សង្ឃឹមថា គ្រូបង្រៀនទាំងអស់នឹងចូលរួមឲ្យសកម្មបំផុត និងផុសផុលនៅទូទាំងប្រទេស ដើម្បីធ្វើកូដកម្មបញ្ឈប់ការបង្រៀន ដើម្បីឲ្យរដ្ឋាភិបាលទទួលយកសំណូមពរគ្រូបង្រៀននៅទូទាំងប្រទេស»។
ដូចគ្នាដែរសម្រាប់គ្រូបង្រៀននៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ជាដើម ក៏បានត្រៀមចូលរួមធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១លានរៀលនេះដែរ។
គ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តបន្ទាយមានជ័យ លោក អឿ សុផា មានប្រសាសន៍ថា ប្រាក់ខែគ្រូបង្រៀនដែលទទួលបានសព្វថ្ងៃនេះ ស្ទើរចិញ្ចឹមខ្លួនឯងពុំគ្រប់ផង កុំថាឡើយយកទៅផ្គត់ផ្គង់ប្រពន្ធកូន ឬក្រុមគ្រួសារឲ្យមានជីវភាពរស់នៅសមរម្យនោះ។ គ្រូបង្រៀនរូបនេះប្រកាសគាំទ្រ និងចូលរួមសហការជាមួយសមាគមគ្រូបង្រៀនធ្វើពហិការមិនចូលបង្រៀន ដើម្បីទាមទារដំឡើងប្រាក់ខែឲ្យបាន ១លានរៀល៖ «ចំពោះគ្រូបង្រៀន បើយើងនិយាយទៅវាជាឪពុកម្តាយ ទី២ របស់សិស្ស។ អ៊ីចឹង រាជរដ្ឋាភិបាលគួរតែត្រូវជួយគិតគូរទៅលើបញ្ហាប្រាក់បៀវត្សរបស់ក្រុមគ្រូបង្រៀន ដើម្បីឲ្យគ្រូទាំងអស់ហ្នឹងទទួលបានសមស្របទៅនឹងជីវភាពរស់នៅរបស់ពួកគាត់»។
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងអប់រំ មិនធ្វើអត្ថាធិប្បាយជុំវិញសារព្រមានដឹកនាំក្រុមគ្រូបង្រៀនធ្វើកូដកម្មនៅទូទាំងប្រទេសរបស់ លោក រ៉ុង ឈុន ទេនៅរសៀលថ្ងៃច័ន្ទ។ ប៉ុន្តែ រដ្ឋាភិបាល និងស្ថាប័នរដ្ឋមួយចំនួនមានទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឬក្រសួងការងារ ជាដើម បានព្រមានប្ដឹងមេដឹកនាំសមាគមគ្រូរូបនេះទៅកាន់តុលាការ ចំពោះសកម្មភាពដឹកនាំកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ ប៉ុន្មានថ្ងៃមកនេះ។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន ដែលជាមេដឹកនាំសហភាពសហជីពកម្ពុជា ផងនោះ មានប្រសាសន៍ថា មិនញញើត ឬតក់ស្លុតនឹងពាក្យបណ្ដឹងរបស់រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធមកលើរូបលោកទេ។ ហើយបានអះអាងថា នឹងបន្តដឹកនាំក្រុមកម្មករ និងក្រុមគ្រូបង្រៀន ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យបានសមរម្យមិនរាថយទេ៖ «យើងឃើញទង្វើ និងសកម្មភាពដែលស្ថាប័នមិនស្របច្បាប់របស់រដ្ឋាភិបាល ធ្វើមកលើមេដឹកនាំសង្គមស៊ីវិល វាជាការរំលោភសិទ្ធិ និងរំលោភច្បាប់រដ្ឋធម្មនុញ្ញ ពីព្រោះការទាមទារប្រាក់ឈ្នួលមួយសមរម្យ ការសម្ដែងមតិតាមរយៈធ្វើកូដកម្ម ឬបាតុកម្មដោយសន្តិវិធី ត្រូវបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ហើយត្រូវបានកំណត់នៅក្នុងអនុសញ្ញា អាយ.អិល.អូ (ILO) ថែមទៀតផង ដែលកម្ពុជា យើងបានផ្តល់សច្ចាប័ន»។
លោក រ៉ុង ឈុន បានឲ្យដឹងថា សមាជិករបស់សមាគមគ្រូបង្រៀននៅទូទាំងប្រទេស សរុបមានចំនួនជិត ១ម៉ឺននាក់។ មេដឹកនាំសមាគមគ្រូរូបនេះ បានអំពាវនាវដល់គ្រូបង្រៀន ឬមន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋដទៃទៀត ឲ្យចូលរួមធ្វើកូដកម្មមិនចូលបង្រៀន ឬមិនចូលធ្វើការឲ្យបានច្រើនកុះករនៅថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទារប្រាក់បៀវត្សសមរម្យ និងអាចមានជីវភាពរស់នៅបានថ្លៃថ្នូរជាមនុស្ស៕
No comments:
Post a Comment