ពលរដ្ឋ ១៨គ្រួសារ នៅឫស្សីកែវ បារម្ភ ខ្លាចអាជ្ញាធរ ឈូសសំយាបផ្ទះ នៅថ្ងៃចូលឆ្នាំសាកល
ពលរដ្ឋ ១៨គ្រួសារ រស់នៅភូមិទួលគោក ក្នុងខណ្ឌឫស្សីកែវ ព្រួយបារម្ភថា អាជ្ញាធរខណ្ឌអាចដាក់កម្លាំងឈូសឆាយរបងសំយាបផ្ទះ និងសំណង់ផ្សេងៗចេញ ដោយគ្មានសំណងនៅថ្ងៃបុណ្យចូលឆ្នាំសាកល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។
ការពង្រីកផ្លូវលំនោះ ត្រូវបានប៉ះពាល់ចូលដីពលរដ្ឋជម្រៅពី ២ម៉ែត្រទៅជិត ៤ម៉ែត្រ ដោយអ្នកខ្លះត្រូវវាយកម្ទេចរបងថ្មធំៗ អ្នកខ្លះប៉ះពាល់សំយាបផ្ទះ តម្រូវឲ្យរុះរើ ហើយផ្ទះអ្នកខ្លះត្រូវឈូសផ្នែកខាងមុខចេញ ដើម្បីស្ថាបនាពង្រីកផ្លូវចាក់បេតុងដែលមានទទឹង ៨ម៉ែត្រ។ តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ពលរដ្ឋមិនជំទាស់ចំពោះការពង្រីកផ្លូវទេ តែស្នើសុំឲ្យមានការផ្តល់សំណង ឬទិញលក់ដូរដីដែលប៉ះពាល់ស្របតាមតម្លៃទីផ្សារ។
«សំឡេង»
តំណាងរូបនោះបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន អាជ្ញាធរខណ្ឌបានឃុបឃិតជាមួយម្ចាស់បុរីផ្ទះល្វែងមួយនៅតំបន់នោះចំនួន ៣ម៉ឺនដុល្លារ ដើម្បីចាប់បង្ខំឲ្យពលរដ្ឋរុះរើរបងសំយាបផ្ទះ និងសំណងខ្លះចេញ ដើម្បីពង្រីកផ្លូវឲ្យធំងាយស្រួលលក់ផ្ទះល្វែងឆាប់ដាច់។
តំណាងអ្នកភូមិក៏មានភស្តុតាងជាសំឡេង បញ្ជាក់ថា តាមគម្រោង នៅថ្ងៃទី១ ខែមករា អាជ្ញាធរខណ្ឌគ្រោងដាក់កម្លាំងចុះទៅរុះរើសំណង់របស់អ្នកភូមិចេញ បន្ទាប់ពីឱសានវាទចុងក្រោយដែលកំណត់ដោយអាជ្ញាធរខណ្ឌបានដល់ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ ជុំវិញគម្រោងឈូសឆាយដី និងសំណង់ផ្សេងៗរបស់ពលរដ្ឋរស់នៅក្រុមទី១២ ភូមិទួលគោក បានទេ នៅថ្ងៃទី៣១ ធ្នូ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
យ៉ាងណា ក្នុងលិខិតរបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ករណីពលរដ្ឋនៅតែរឹងរូសមិនរុះរើរបង សំយាប និងសំណង់ផ្សេងៗដែលប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំដែលតភ្ជាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូក ទៅផ្លូវ ៥៩៨ ទេនោះ សាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាល ចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈអ្វីឡើយ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរឈូសឆាយដីពលរដ្ឋដោយគ្មានសំណងទេនោះ គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានរបស់ពលរដ្ឋ។
«សំឡេង»
ទិន្នន័យឆ្នាំ២០១២ របស់សាលារាជធានីភ្នំពេញ បង្ហាញថា មានសហគមន៍មិនទាន់រៀបរយជាង ៦០០សហគមន៍នៅរាជធានីភ្នំពេញ ត្រូវធ្វើការអភិវឌ្ឍ និងកែលំអ ហើយគោលការណ៍រដ្ឋាភិបាលអាចបណ្ដេញពលរដ្ឋចេញពីលំនៅឋានឲ្យបានយ៉ាងតិច ១០០សហគមន៍ក្នុងមួយឆ្នាំៗដើម្បីអភិវឌ្ឍ៕
No comments:
Post a Comment