មានសង្ឃឹមអ្វី បើជញ្ជីងក្រសួងរដ្ឋ ដូចជញ្ជីងថ្លឹងក្តាម ក្នុងអតីតកាលដែរនោះ
ដោយ: នរិន្ទ / CEN | ថ្ងៃទី ២៥ ធ្នូ ២០១៣
ភ្នំពេញ: ទីតាំងជញ្ជីងថ្លឹងរថយន្ត ទាំងចល័ត និងអចល័ត របស់រដ្ឋ នៅទូទាំងប្រទេស គឺជាគោលដៅដ៏សំខាន់សម្រាប់ជួយទប់ស្កាត់រថយន្តដែលដឹកលើសទម្ងន់កំណត់ ដើម្បីបញ្ចៀសការខូចផ្លូវជាតិ និងការបាក់បែកស្ពាន។ ប៉ុន្តែការឆ្លុះបញ្ចាំងថ្មីៗនេះ បង្ហាញថាក្រុមជញ្ជីង បែរជាយកគោលដៅទាំងនេះ និងតួនាទីដែលរដ្ឋប្រគល់ឲ្យ ដើម្បីប្រមូលយកតែលុយតែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណេះ ជញ្ជីងដែលក្រុមជញ្ជីងថ្លឹងរថយន្ត បានយកមកប្រើនេះ ត្រូវបានគេធ្វើវាឲ្យទៅជាជញ្ជីងមួយ ជំរិតទារប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ថែមទៀត បើទោះបីជាគេដឹងថា ទង្វើនេះជាការរំលោភលើស្មារតីនៃប្រកាសលេខ ៤១១ ប្រក. សក/គតលទ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៩ ស្តីពីការកម្រិតកំណត់ទម្ងន់ អតិបរិមារបស់យានយន្ត ដែលធ្វើចរាចរលើបណ្ដាញផ្លូវជាតិ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៏ដោយ។
ប្រភពនានាបានលើកឧទាហរណ៍មួយគឺ ក្រុមជញ្ជីងថ្លឹងរថយន្តប្រចាំនៅអូរពងមាន់ ខេត្តស្ទឹងត្រែង ដែលសព្វថ្ងៃ អត់ជួយទប់ស្កាត់ ដាក់ប៉ុស្តិ៍ចាំយកតែលុយ។ គេសង្កេត ឃើញរាល់ថ្ងៃ ពិសេសពេលយប់ គ្រប់រថយន្តដឹកធ្ងន់ ឆ្លងកាត់អូរពងមាន់ គេមិនដែលសូវឃើញ ឈប់ថ្លឹងជញ្ជីងទេ ផ្ទុយទៅវិញ ម្ចាស់រថយន្ត គ្រាន់តែឈប់បង់ លុយរួច បើកទៅបាត់តែម្តង។ លុយដែលបង់ទៅក្រុមជញ្ជីង រាប់លានរៀលក្នុង១ខែៗ ពុំមានវិក័យប័ត្រទេ។ លុយដែលមានវិក័យប័ត្រ ទាល់តែគេចាប់រថយន្តដឹកធ្ងន់ មកផាក ពិន័យ ទើបបង់ចូលរដ្ឋជាក្រោយ។ សរុបមក លុយចូលរដ្ឋបានតិចតួចប៉ុណ្ណោះ។
ដោយឡែក ទំនាស់ជាគំរូមួយមិនទាន់បញ្ចប់ទេនិងកំពុងស្ថិតក្នុងដៃតុលាការ នោះគឺទំនាស់រវាងម្ចាស់ឡានដឹកស្រូវ និងក្រុមជញ្ជីងចល័តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ។ ក្រុមជញ្ជីងចល័ត បានចាប់ឡានដឹកស្រូវមួយ នៅផ្លូវជាតិលេខ១១ ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយតម្រូវឲ្យបង់ប្រាក់ពិន័យជាង ៦លានរៀល។ តែម្ចាស់ឡានដឹកស្រូវ មិនព្រម ហើយទាមទារឲ្យសមត្ថកិច្ច ថ្លឹងនៅស្ថានីយ៍ឡើងវិញម្តងទៀត ទើបយល់ព្រមបង់ប្រាក់ពិន័យនោះ។បញ្ហាទំនាស់នេះស្ថិតនៅត្រង់ថា“ការលួចភ្នែកជញ្ជីងរបស់ក្រុមជញ្ជីងមានភាពលើសលុបពេក”។
ម្ចាស់រថយន្តដឹកស្រូវនោះ បានសំអាងថា រថយន្តលេខកំពង់ចាម 3A-2735 ដែលសមត្ថកិច្ចបានឃាត់ កាលពីព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០១៣នោះ មានសម្បករថយន្តទទេ ទម្ងន់១៥តោននិង៣៦០គីឡូក្រាម និងផ្ទុកស្រូវ ទម្ងន់ ២៣តោន និង៥៦០គីឡូក្រាម សរុបជាង ៣៩តោន។ ទម្ងន់ទាំងអស់នេះ ខ្លួនបានថ្លឹងចេញពីឃ្លាំងស្រូវ ឈ្មោះអ៊ឺម អៀម ហៅ វុធ នៅភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីយកទៅលក់ឲ្យឈ្មួញវៀតណាមតាមព្រំដែនខេត្តព្រៃវែង។ប៉ុន្តែពេលខាង ក្រុមជញ្ជីងចល័ត ថ្លឹងបែរជាថា មានទម្ងន់៤៥តោន គឺលើសទម្ងន់កំណត់ ១០តោន ហើយតម្រូវឲ្យបង់ពិន័យ ៦.១៣០.០០០រៀល។
មានការថ្លឹងឡើងវិញបួនប្រាំលើកមកហើយ ហើយរាល់លើកនៃការថ្លឹងគឺមានលម្អៀងលើសពីអត្រាអនុញ្ញាត ដែលមានកំណត់របស់មជ្ឈមណ្ឌលមាត្រសាស្ត្រជាតិ។ឯម្ចាស់ឡានទាមទាររកយុត្តិធ៌មព្រោះគាត់ដឹងថាសំបកឡានទទេទម្ងន់ប៉ុន្មាន ស្រូវមួយបាវទម្ងន់ប៉ុន្មាន បូកចូលគ្នាទៅគឺឃើញនៅលើគោក។នេះក៏ជាភស្តុតាងគ្រប់គ្រាន់មួយបង្ហាញថាអ្នករកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បានរងគ្រោះច្រើនឆ្នាំ កន្លងមក ដោយសារ“ការស៊ីភ្នែកជញ្ជីង”របស់ក្រុមជញ្ជីងចល័តខាងលើនេះ។
ទោះជាបែបនេះក្តី កន្លងមក នៅមិនទាន់មានការប្តឹងពីករណីផាកពិន័យមិនត្រឹមត្រូវណាមួយនៅឡើយទេ, ករណីនៅកំពង់ចាមជាករណីដំបូង។ ប៉ុន្តែច្បាប់ប្រឆាំងអំពើពុករលួយ បានកំណត់អោយប្តឹងសមត្ថកិច្ចណា ដែលយកលុយលើសពីការ កំណត់។ ករណីកំពង់ចាម អាចជាការចាប់ផ្តើមបដិវត្តន៍ផ្តួលរំលំជញ្ជីងថ្លឹងតាមផ្លូវ ដែលមានភាពមិនប្រក្រតី។
បើតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មា ធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ក្នុងការទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បច្ចុប្បន្ន មានស្ថានីយជញ្ជីងអចល័តចំនួន ៩ស្ថានីយ ដែលដាក់តាមបណ្ដាញផ្លូវជាតិ លេខ១ ៥ ៦ និងលេខ៧ ក្រុមត្រួតពិនិត្យចល័តតាមបណ្តាខេត្តចំនួន ១៣ក្រុម គឺក្រុមខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង និងក្រុមខេត្តរតនគីរី និងក្រុមចល័តចម្រុះរបស់ក្រសួងចំនួន ២ក្រុម សម្រាប់ចល័តឆ្មក់ ដោយសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការត្រួតពិនិត្យ ឆ្មក់តាមបណ្តាផ្លូវសំខាន់ៗ។
របាយការណ៍ដដែលនេះ បានបង្ហាញថា គិតត្រឹមចុងខែវិច្ឆិកាឆ្នាំ២០១៣ យានយន្តល្មើសដែលបានផាកពិន័យ មានចំនួន ១.៤៥៤គ្រឿង ក្នុងចំណោមយានយន្តបានត្រួតពិនិត្យ ចំនួន ១៧៥.៤៥៦គ្រឿង ហើយគិតជាប្រាក់ មានចំនួន ៣.៤៥៩.៨៥៣.៨០០រៀល។
ទង្វើកង្វះតម្លាភាពបែបនៅកំពង់ចាម បានត្រូវគេសង្កេតឃើញកើតមានផងដែរលើក្រុមជញ្ជីងចល័តដទៃទៀត ដូចជានៅលើផ្លូវជាតិលេខ៦ ស្រុកពួក, ស្រុកស្វាយធំ ខេត្តសៀមរាប, ស្រុកសន្ទុក ខេត្តកំពង់ធំ, ជញ្ជីងចល័តលើផ្លូវជាតិលេខ១១ ជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម, កំពង់លាវ និងតាគោក ខេត្តព្រៃវែង និងប្រសូត្រ ខេត្ត ស្វាយរៀង គឺជញ្ជីងទាំងប៉ុន្មានកន្លែងនេះ ទោះជាមិនដឹកលើសទម្ងន់ ក៏គេបង្ខំធ្វើឲ្យរថយន្តឈប់ បង់លុយពី ១០ម៉ឺន ទៅ១៥ម៉ឺនរៀល ក្នុងមួយគ្រឿងដែរ។
ករណីបើរថយន្តណាមិនព្រមបង់ទេ គឺក្រុមជញ្ជីងចល័តទាំងនោះ បានបញ្ជាឲ្យសមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថដែលបានចុះទៅសហការនោះ ឃាត់មិនឲ្យដឹកទំនិញបន្តទៅមុខទៀតទេ បង្ខំឲ្យបង់ប្រាក់ក្រៅបញ្ជីពី ៧០ម៉ឺន ទៅជាងមួយលានរៀល។ ដោយគ្មានជម្រើស និងម្យ៉ាងដើម្បីជៀសវាង ការខាតពេលវេលា ខូចគុណ ភាពទំនិញ ប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនទំនិញ ចាំបាច់ត្រូវបង់លុយឲ្យក្រុមជញ្ជីងទាំងអស់នេះ ជាច្រើនឆ្នាំមកហើយ ទោះបីជាលុយនោះ ពួកគេត្រូវខ្ចីបុលយ៉ាងណា ក៏ដោយ។
ប្រជាពលរដ្ឋ ប្រាកដណាស់ គាំទ្រទាំងស្រុងចំពោះវិធានការរបស់ក្រសួងសាធា រណការ និងដឹកជញ្ជូនក្នុងការការពារផ្លូវ ក៏ប៉ុន្តែភស្តុតាងខាងលើតម្រូវឲ្យតុលាការ ឬអង្គភាពប្រឆាំងអំពីពុករលួយ ស៊ើបអង្កេតឲ្យប្រាកដប្រជា។មជ្ឈមណ្ឌលមាត្រសាស្ត្រជាតិនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក៏ត្រូវតែជួយផ្តល់ជញ្ជីងត្រឹមត្រូវ ដើម្បីផ្តល់នូវយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលធ្លាប់រងគ្រោះ ដោយសារភាព លម្អៀងនៃជញ្ជីងទាំងនោះ។
ក្រសួងសាធារណការនិងដឹកជញ្ជូន គប្បីត្រួតពិនិត្យមន្ត្រី និងជញ្ជីងទាំងអស់ ដែល មាននៅតាមដងផ្លូវបច្ចុប្បន្ន, គេមិនត្រូវការពារខ្លួនលើគ្រប់តម្លៃនោះទេ។ ចំពោះអាជ្ញាធរដែនដី ដែលមានស្ថានីយជញ្ជីងអចល័ត ក៏ត្រូវតែហ៊ានទទួលខុសត្រូវ និងមានឆន្ទៈលុបបំបាត់ ភាពមិនប្រក្រតី នៃជញ្ជីងទាំងនោះ និងត្រូវជួយការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ប្រកបដោយយុត្តិធម៌។
បើស្ថាប័នពាក់ព័ន្ធទាំងឡាយមិនចាត់ការករណីរឿងនេះ ឲ្យមានដំណោះស្រាយមួយ ដែលគេអាចទទួលយកបានទេនោះ តើឲ្យប្រជាពលរដ្ឋសង្ឃឹមម្តេចបាន បើជញ្ជីងក្រសួងរបស់រដ្ឋ ដូចជញ្ជីងរបស់អ្នកលក់ក្តាមនៅខេត្តជាប់សមុទ្រ ស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាកាលពីអតីតកាលដែរនោះ៕
No comments:
Post a Comment