កិច្ចប្រជុំ រវាង សហជីព និងក្រសួងការងារ មិនទទួលបាន លទ្ធផល
«សម្រែកក្រុមកម្មករតវ៉ា»
គិតត្រឹមថ្ងៃសុក្រ ទី២៧ ខែធ្នូ មានរយៈពេល ៤ថ្ងៃហើយដែលក្រុមកម្មករតាមរោងចក្រកាត់ដេរ និងផលិតស្បែកជើង បន្តធ្វើកូដកម្ម ឬបាតុកម្មមិនចូលធ្វើការ និងតវ៉ាទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលជូនពួកគេឲ្យបាន ១៦០ដុល្លារក្នុង១ខែ។
តាមផ្លូវជាតិសំខាន់ៗដែលជាច្រកចេញចូលមករាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ មានកម្មករដើរហែក្បួនច្រើនកុះករ និងមានប៉ូលិសចរាចរណ៍ជួយសម្រួលការកកស្ទះចរាចរណ៍ផង។
ច្រកសំខាន់ៗដែលក្រុមកម្មករហែក្បួនចូលក្រុងភ្នំពេញ មានតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។ ហើយការហែក្បួនរបស់ក្រុមកម្មករពីតាមខេត្តជិតខាងក្រុងភ្នំពេញ ក៏មានការរារាំងពីកម្លាំងកងរាជអាវុធហត្ថតាមផ្លូវជាតិមួយចំនួនផង។ ការហែក្បួនរបស់ក្រុមកម្មករមានតាមមធ្យោបាយដើរដោយថ្មើរជើង ជិះរថយន្តកូរ៉េ ឬម៉ូតូកង់បីជាដើម។ ហើយក្នុងពេលតវ៉ានោះ ក្រៅពីទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារក្នុង១ខែ ក្រុមកម្មករក៏បានលើកឡើងពីការរំលោភសិទ្ធិការងារ និងសិទ្ធិផ្សេងៗទៀតពីសំណាក់ថៅកែរោងចក្រ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ស្ថិតក្នុងចំណោមមេដឹកនាំសហជីពច្រើនទៀត ដែលបានដឹកនាំកម្មកររាប់ពាន់នាក់ដើរហែក្បួនពីតាមគោលដៅផ្សេងៗគ្នា មកប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ។
មេដឹកនាំសហជីពទាំងនោះបានអះអាងថា មានកម្មករតាមរោងចក្រនានាជាង ២០០ក្រុមហ៊ុន និងមានចំនួនរាប់ម៉ឺននាក់ បានធ្វើកូដកម្មមិនចូលធ្វើការ មានកម្មករខ្លះបានប្រមូលផ្តុំគ្នានៅមុខរោងចក្រ និងកម្មករខ្លះទៀតបានដើរហែក្បួនពីទីតាំងរោងចក្រខ្លួន មកប្រមូលផ្តុំគ្នានៅពីមុខក្រសួងការងារ និងមកកាន់ទីលានប្រជាធិបតេយ្យ។
ការតវ៉ារបស់ក្រុមកម្មករ ក៏មានបិទផ្លូវជាតិមួយចំនួនផង មានផ្លូវជាតិលេខ៤ ផ្លូវសហព័ន្ធរុស្ស៊ី នៅមុខក្រសួងការងារ និងផ្លូវជាតិមួយចំនួនទៀតក្នុងរយៈពេលខ្លី។ ប៉ុន្តែផ្លូវសហព័ន្ធរុស្ស៊ី នៅមុខក្រសួងការងារ គឺក្រុមកម្មករបានបិទរយៈពេលវែងចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោងជិត ៦ល្ងាច។
ទាក់ទិនវិវាទនេះ ក្រសួងការងារបានអញ្ជើញមេដឹកនាំសហជីពកម្មករមួយចំនួន ដែលជំទាស់ចំពោះការផ្តល់ប្រាក់ខែគោលជូនកម្មករចំនួន ៩៥ដុល្លារ ទៅជួបប្រជុំនៅល្ងាចថ្ងៃសុក្រ ទី២៧ ខែធ្នូ រួមមាន លោក អាត់ ធន់ លោក ជា មុនី លោក រ៉ុង ឈុន លោក ប៉ាវ ស៊ីណា លោកស្រី ម៉ម ញឹម និងលោកស្រី យ៉ាង សោភ័ណ្ឌ ដោយមាន លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ ជាអ្នកសម្របសម្រួល។
លោក រ៉ុង ឈុន បានឲ្យដឹងពីខ្លឹមសារជំនួបរវាងមន្ត្រីក្រសួងការងារ និងមេដឹកនាំសហជីពកម្មករថា កិច្ចពិភាក្សា គឺពុំមានលទ្ធផលឡើយ និងបានកំណត់ពេលថា នឹងជួបប្រជុំម្តងទៀតនៅថ្ងៃច័ន្ទ ទី៣០ ខែធ្នូ។ មិនមែនមានតែកម្មករតាមរោងចក្រមានទីតាំងក្នុងរាជធានីភ្នំពេញទេ ដែលប្រមូលផ្តុំគ្នាធ្វើបាតុកម្មចំណែកកម្មករនៅតាមខេត្តក្រុងមួយចំនួនទៀត ក៏ប្រមូលផ្តុំគ្នាតវ៉ាដូចគ្នាដែរ មានដូចជានៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងនៅក្រុងបាវិត ខេត្តស្វាយរៀង ជាដើម។
ក្រុមមេដឹកនាំសហជីព និងកម្មករ បានអះអាងថា នឹងបន្តដឹកនាំ ឬចូលរួមធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាល ជួយដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារក្នុង១ខែ រហូតមានដំណោះស្រាយសមរម្យពីផ្នែកពាក់ព័ន្ធ ទើបបញ្ចប់ការតវ៉ា៕
No comments:
Post a Comment