ក្រសួងការងារ ព្រមាន ចាត់វិធានការ ផ្លូវច្បាប់ ចំពោះ ជនញុះញង់ កម្មករ តវ៉ា និងស្នើឲ្យ រោងចក្រ បើកដំណើរការ នៅថ្ងៃទី០២ខែមករា
ដោយ៖ ថុល ស្រីលក្ខណ៍ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
កម្មករ និងសមត្ថកិច្ច នៅរសៀលថ្ងៃចន្ទនេះ ប្រឈមមុខដាក់គ្នានៅខាងមុខទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីក្រសួងការងារ សម្រេចមិនដំឡើងប្រាក់ឈ្នួលបន្ថែម/តាំង វីដា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទនេះ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបន្តសកម្មភាពញុះញង់បង្កការរំខានដល់កម្មករនិយោជិត និងរោងចក្រសហគ្រាស ដោយស្នើឲ្យកម្មករ ចូលធ្វើការវិញបន្ទាប់ពីឈប់សម្រាកឆ្លងឆ្នាំ២០១៣។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៤ខែធ្នូ រហូតមកដល់ពេលនេះ សហជីពចំនួន៥ និងសមាគមមួយ កំពុងញុះញង់ដឹកនាំកម្មករឲ្យធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រសួង។ សេចក្តីជូនដំណឹងដដែលបន្ថែមថា ក្នុងសកម្មភាពបាតុកម្មនេះ មានការគំរាមកំហែង បង្ខំឲ្យកម្មករឈប់សម្រាកពីការងារ វាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍កម្មករ និងសេដ្ឋកិច្ចជាតិ។
សហជីពទាំង៦នោះ រួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ របស់លោក អាត់ ធន់ ទី២ សហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជារបស់លោក ជា មុន្នី ទី៣ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ទី៤ សម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ទី៥ សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជារបស់លោកស្រី ម៉ម ញឹម និងទី៦ សហព័ន្ធសហជីពកម្ពុជា របស់លោកស្រី យ៉ាង សោភ័ណ្ឌ។
ក្រសួងអំពាវនាវឲ្យនិយោជិកទាំងអស់បើកដំណើរការសកម្មភាពការងារឡើងវិញ និងអង្គការសហជីពទាំងអស់ត្រូវសហការជាមួយនិយោជក ដើម្បីឲ្យកម្មករចូលធ្វើការវិញនៅថ្ងៃទី០២ខែមករា ឆ្នាំ២០១៤។ ក្រសួង ក៏បានព្រមានចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ចំពោះជនណា ដែលនៅបន្តសកម្មភាពញុះញង់បង្កការរំខានដល់កម្មករនិយោជិត និងរោងចក្រសហគ្រាស។
ក្រសួងការងារ ក៏ប្រកាសឲ្យសហជីព និងកម្មករទាំងអស់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី២៤ខែធ្នូ ដែលកំណត់ដំឡើងប្រាក់ឈ្នួល៩៥ដុល្លារសម្រាប់ឆ្នាំ២០១៤។
ក្រសួងបានសម្រេចដំឡើងប្រាក់ឈ្នួលគោលចំនួន១៥ដុល្លារនៅឆ្នាំ២០១៤ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករអាចទទួលប្រាក់ឈ្នួលបាន១៦០ដុល្លារតាមការទាមទារ។ ទោះជាយ៉ាងណា ក្រុមកម្មកររាប់ម៉ឺននាក់អះអាងថា ពួកគេនឹងបន្តធ្វើបាតុកម្មរហូតទាល់តែពួកគេទទួលបានប្រាក់ឈ្នួលដែលអាចរស់នៅបានសមរម្យ៕
(តារាងតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចរបស់ក្រសួងការងារ/ដោយស៊ុន ណារិន)
No comments:
Post a Comment