ពលរដ្ឋ នៅពោធិ៍សាត់ ប្រកាស ធ្វើបាតុកម្ម ប្រឆាំង ក្រុមហ៊ុន រំលោភដី
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានចាត់ទុកគម្រោងធ្វើបាតុកម្មនេះថា គឺជារឿងល្អ បើទោះបីជាស្ថានការណ៍នៅកម្ពុជា នៅពេលនេះ មានភាពតានតឹងខ្លាំងស្ទើរគ្មានដំណោះស្រាយអ្វីក៏ដោយ ប៉ុន្តែវាគឺជាឱកាសមួយដ៏កម្រក្នុងការជំរុញឲ្យរាជរដ្ឋាភិបាលលើកស្ទួយសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ឲ្យបានពេញលេញ។
ប្រជាពលរដ្ឋនិងសកម្មជនដីធ្លីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានមួយចំនួនទៀតមកពីខេត្តកំពង់ឆ្នាំង គម្រោងប្រមូលផ្ដុំគ្នាយ៉ាងតិច ៥០០នាក់ ដើម្បីដង្ហែក្បួននៅតាមទីប្រជុំជនមួយចំនួន រួចនាំគ្នាហែទៅឈរតវ៉ានៅខាងមុខសាលាដំបូងខេត្តពោធិ៍សាត់។ អ្នកដែលនឹងចូលរួមក្នុងសកម្មភាពនេះ ភាគច្រើនគឺជាសកម្មជនដីធ្លី និងប្រជាពលរដ្ឋមានទំនាស់ដីធ្លី ហើយកំពុងតែជាប់បណ្ដឹងនៅក្នុងប្រព័ន្ធតុលាការ។
សកម្មជនដីធ្លីប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក គុជ វេង មានប្រសាសន៍ថា នៅស្រុកក្រគរ មានប្រជាពលរដ្ឋចំនួន ១៧នាក់ កំពុងជាប់បណ្ដឹងនៅសាលាដំបូងខេត្តពោធិ៍សាត់ ដោយសារតែក្រុមហ៊ុនរតនា វិសាល និងក្រុមហ៊ុនភាពីម៉ិច ប្ដឹងទាក់ទងទៅនឹងរឿងដីធ្លី។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតមកពីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី បញ្ជាក់ថា អ្នកស្រីនិងប្រជាពលរដ្ឋផ្សេងៗទៀត នឹងទៅចូលរួមធ្វើបាតុកម្មនេះដែរ ក្នុងគោលបំណងទប់ស្កាត់អំពើរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋពីសំណាក់អ្នកមានអំណាច ឬមានលុយ។ ម្យ៉ាងអ្នកស្រីចង់បង្ហាញអំពីកម្លាំងសាមគ្គីភាពរវាងសហគមន៍និងសហគមន៍ នៅពេលដែលមានបញ្ហាកើតឡើង។
ទាក់ទងនឹងបញ្ហានេះ ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ លោក ថោង អុល មានប្រសាសន៍ថា ចំពោះការទាមទារឲ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើពួកគាត់ទាក់ទងនឹងរឿងដីធ្លីនេះ គឺលោកមិនទាន់អាចឆ្លើយយ៉ាងណាបាននៅឡើយទេ ដោយរង់ចាំការពិនិត្យមើលលើសំណុំរឿងទាំងនោះជាមុនសិន៖ «បាទ! វាជាសំណូមពរទៅយើងគួរតែថា ពិនិត្យមើលសំណុំរឿងហ្នឹងឡើងវិញដែរ ហើយត្រូវអ្នកណាអ្នកដោះស្រាយអី យើងបញ្ជូនទៅដោះស្រាយទៅតាមដំណើរសាច់រឿងទៅ»។
ចំណែកអភិបាលស្រុកក្រគរ លោក ទឹម សារិន មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែធ្នូ។ យ៉ាងណាលោកធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុនទាំងអស់មិនអាចបន្តការឈូសឆាយរបស់ខ្លួនដោយមិនបានផ្ដល់ដំណឹង ឬរួមសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានឡើយ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ដីធ្លី និងមានបញ្ហាជាមួយប្រជាពលរដ្ឋ។
អនុប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិនៃសមាគមអាហុក (Adhoc) លោក ចាន់ សុវ៉េត ថ្លែងថា នៅក្នុងឆ្នាំ២០១៣ សមាគមអាដហុក បានរកឃើញករណីចោទប្រកាន់ទៅលើសកម្មជនដីធ្លី និងប្រជាពលរដ្ឋចំនួន ១០៩នាក់ ក្នុងនោះមានប្រជាពលរដ្ឋមិនតិចជាង ១០នាក់ឡើយកំពុងតែជាប់ពន្ធនាគារទាក់ទងនឹងរឿងដីធ្លី៖ «វាជាចំណែកមួយក្នុងការទាមទារដែរឲ្យមានកំណែទម្រង់បញ្ហាពាក់ព័ន្ធនឹងដីធ្លី ព្រោះដីធ្លីកន្លងផុតមកគឺជាចំណុចក្ដៅ។ ឥឡូវនេះក៏នៅតែមានបញ្ហាដីធ្លីដែរដោយសារថា ដំណោះស្រាយដីធ្លីនេះត្រូវបានជាប់គាំងម្ដងហើយម្ដងទៀត»។
ក្រុមហ៊ុនភាពីម៉ិច បានទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលក្នុងទំហំផ្ទៃដីសរុបជាង ៣០ម៉ឺនហិកតារ (៣១៥.០២៨) ដើម្បីដាំដំឡូងមី។ ក្រុមហ៊ុននេះ បានផ្អាកសកម្មភាពឈូសឆាយរបស់ខ្លួននៅអំឡុងខែឧសភា ឆ្នាំ២០១៣ ក៏ប៉ុន្តែការឈូសឆាយកាលពីពេលកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងស្រុកចំនួនបី គឺស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ចំណែកក្រុមហ៊ុនរតនា វិសាល ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៣ពាន់ហិកតារ ដើម្បីចិញ្ចឹមជ្រូក និងគោ ក៏បានផ្អាកសកម្មភាពឈូសឆាយរបស់ខ្លួនដែរ ក៏ប៉ុន្តែកាលពីពេលកន្លងទៅក្រុមហ៊ុននេះ ក៏បានធ្វើឲ្យមានប៉ះពាល់ដល់ដីធ្លីប្រជាពលរដ្ឋប្រមាណជា ៤០គ្រួសារដែរ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់៕
No comments:
Post a Comment