ពលរដ្ឋខ្មែរ ១៥ នាក់ ត្រូវទាហាន ការពារ ព្រំដែនថៃ ចាប់
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ បានអះអាងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន ១៥នាក់ ត្រូវកងទាហានការពារព្រំដែន និងមេព្រៃថៃ នៃស្រុក កាន់ថារៈឡាក់ ខេត្តស៊ីសាកេត បានចាប់ខ្លួននៅ ២កន្លែងផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែធ្នូ។
ការចាប់ខ្លួននោះ នៅពេលដែលអ្នកភូមិខ្មែរដែលភាគច្រើនជាបុរស បាននាំគ្នាឆ្លងដែនចូលទៅក្នុងព្រំដែនថៃ ដើម្បីកាប់ឈើគ្រញូងមកលក់ដូរឱ្យក្រុមឈ្មួញ។
ចំណែកអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ ស្រុកអន្លង់វែង លោកវរសេនីយ៍ តូច រ៉ា បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៤ ខែធ្នូ នោះដែរ គឺទាហានថៃ បានជូនដំណឹងមកលោកថា គេបានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១១នាក់ នៅចំណុចព្រលានដូនពោធិ នៃទឹកដីថៃ៖ «តាមឯកសារ គេជូនដំណឹងមក ឈើគ្រញូងគេ ២០ដុំ ក្នុងចំណោមគ្នា ១១នាក់នោះ។ ខ្ញុំបានពិនិត្យមើល គឺមានអ្នកស្រុកនេះ នៅត្រពាំងប្រាសាទមួយចំនួន អ្នកស្រុកតាកែវ មានបាត់ដំបង មានខេត្តពោធិ៍សាត់។ មកពី៤ខេត្តក្នុងចំណោមប្រជាពលរដ្ឋ ១១នាក់នោះ»។
ទោះយ៉ាងណា មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរបានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា មិនមានលទ្ធភាពដើម្បីស្នើសុំឱ្យភាគីថៃ ដោះលែងប្រជាពលរដ្ឋខ្មែរទាំង ១៥នាក់នោះបានទេ ដោយសារតែអ្នកភូមិខ្មែរទាំងនោះ បានចូលទៅកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃ។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ ទាហានថៃ នៃខេត្តស៊ីសាកេត បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ នៅពេលដែលឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ នៃភូមិសាស្ត្រច្រកជប់រុន នៃស្រុកត្រពាំងប្រាសាទ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា រដ្ឋាភិបាលដែលដាក់វិធានការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃនោះ មិនមានប្រសិទ្ធភាពទេ ដោយសារតែកងឆ្មាំព្រំដែនខ្មែរ បានទទួលផលប្រយោជន៍ និងលាភសក្ការៈពីក្រុមឈ្មួញដែលជួញដូរឈើគ្រញូង។
អង្គការអាដហុក ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ចាប់តាំងពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០១៣ គឺទាហានថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់។
របាយការណ៍ត្រួសៗរបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានបង្ហាញថា ចាប់តាំងពីអំឡុងខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០១៣ គឺទាហានថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់ របួស ២នាក់ ព្រមទាំងចាប់ខ្លួនចំនួន ១៥នាក់។ កាលពីខែសីហា កន្លងទៅ ទាហានថៃ បានដោះលែងប្រជាពលរដ្ឋខ្មែរ ៤នាក់ឱ្យវិលត្រឡប់មកវិញ៕
No comments:
Post a Comment