ILO ជំរុញ ឲ្យដោះស្រាយ ជម្លោះ កម្មកររោងចក្រកម្ពុជា ជាបន្ទាន់
អង្គការអន្តរជាតិខាងការងារដែលមានការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និង ឡាវ បានចេញលិខិតមួយនៅថ្ងៃទី៣១ ធ្នូ អំពាវនាវឲ្យមានដំណោះស្រាយនៃជម្លោះលើវិស័យវាយនភណ្ឌនេះជាបន្ទាន់ ដោយជំរុញឲ្យភាគីពាក់ព័ន្ធ ដូចជាភាគីកម្មករ សហជីពកម្មករ រដ្ឋាភិបាល និងនិយោជក និងពាណិជ្ជករពាក់ព័ន្ធ រួមគ្នាដោះស្រាយទើបអាចបញ្ចប់ជម្លោះនេះបាន។
ស្របពេលនេះ អង្គការអន្តរជាតិខាងការងារបញ្ជាក់ថា វិស័យវាយនភណ្ឌជាវិស័យមួយយ៉ាងសំខាន់បានផ្ដល់ប្រាក់ចំណូលថវិកាជាតិកម្ពុជា ក្នុងនោះ ការនាំចេញលើវិស័យនេះមានចំនួនទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងផ្ដល់ការងារប្រហែល ៤០០.០០០នាក់។ អាយឡូ បានអំពាវនាវឲ្យរោងចក្រទាំងអស់បើកទ្វារឡើងវិញយ៉ាងឆាប់ ដែលអាចធ្វើទៅបាន និងធានាសុវត្ថិភាពការងាររបស់កម្មករ និងគោរពការពារអចលនទ្រព្យរោងចក្រ។
លិខិតអំពាវនាវនេះបានរំលឹកថា ការបះបោរធ្វើបាតុកម្មរបស់កម្មករកម្ពុជាលើកនេះ ជាមេរៀនមួយសម្រាប់កម្ពុជា ត្រូវរៀនបន្ថែមទៀត អំពីទំនើបកម្ម ដើម្បីធ្វើឲ្យប្រាក់ខែគោលកម្មករបានសមរម្យ ដោយធ្វើការកែសម្រួលប្រព័ន្ធនេះតាមខ្នាតអន្តរជាតិ ដោយប្រើខ្នាតទិន្នន័យផ្ទៀងផ្ទាត់ឥតលំអៀង។
ម្យ៉ាងវិញទៀត លិខិតអំពាវនាវនេះសរសេរថា ការពិនិត្យមើល ឬការដំឡើងប្រាក់ខែគោល គួរធ្វើឡើងរៀងរាល់ឆ្នាំ ហើយប្រាក់ខែគោលត្រូវធានាឲ្យបានសមស្របទៅតាមសេចក្ដីត្រូវការក្នុងជីវភាពរស់នៅរបស់កម្មករ ជាមួយលក្ខណៈសេដ្ឋកិច្ចទូទៅ។
លិខិតអំពាវនាវដដែលបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារផ្ដល់ការគាំទ្ររបស់ខ្លួនដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍកែសម្រួលប្រព័ន្ធប្រាក់ខែគោលនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ នៅថ្ងៃទី៣១ ធ្នូ ដើម្បីសុំការបញ្ជាក់លើលិខិតអំពាវនៃអង្គការអន្តរជាតិខាងការងារនេះ។ ក៏ប៉ុន្តែ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសមួយនៅរសៀលថ្ងៃទី៣១ ធ្នូ សម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករ ១០០ដុល្លារ។ ចំនួននេះគឺរដ្ឋាភិបាលដំឡើង ៥ដុល្លារបន្ថែមទៀតលើចំនួន ៩៥ដុល្លារ ដែលរដ្ឋាភិបាលបានសម្រេចកាលពីសប្ដាហ៍មុន។
បច្ចុប្បន្ន កម្មកររោងចក្រកាត់ដេរនិងស្បែកជើងបានទទួលប្រាក់គោលចាប់បី ៧៥ ទៅ ៨០ដុល្លារ។
ទោះយ៉ាងណា ប្រធានសហជីពមួយចំនួន ជាពិសេសក្រុមសហជីពដែលធ្វើបាតុកម្មកន្លងមក នៅតែមិនពេញចិត្តចំពោះការដំឡើងប្រាក់ខែគោលចំនួន ១០០ដុល្លារនេះ ហើយពួកគេគាំទ្រលិខិតរបស់អង្គការអន្តរជាតិខាងការងារ ដែលសុំឲ្យមានការដំឡើងប្រាក់ខែគោលឲ្យសមស្របទៅនឹងសេចក្ដីត្រូវការនៃជីវភាពរស់នៅរបស់កម្មករនិងតម្លៃទំនិញទីផ្សារ។
ប្រធានសម្ព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា អ្នកស្រី ម៉ម ញឹម ដែលដឹកនាំកម្មកររាប់ពាន់នាក់ធ្វើបាតុកម្មបន្តទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅមុខក្រសួងការងារថ្ងៃទី៣១ ធ្នូ បញ្ជាក់ថា អ្នកស្រីគាំទ្រប្រព័ន្ធត្រួតពិនិត្យ និងរបៀបរៀបចំប្រាក់ខែគោល ដែលស្នើឡើងដោយអង្គការអន្តរជាតិខាងការងារ៖ «ខ្ញុំមិនគិតថា រដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យកម្មករប៉ុណ្ណឹង តម្លៃទំនិញទីផ្សារឡើងខ្លាំងអ៊ីចឹង យើងរស់បានទេ។ ខ្ញុំគាំទ្រលិខិត អាយឡូ ការដំឡើងប្រាក់ខែគោលត្រូវឲ្យត្រូវតាមតម្លៃទំនិញទីផ្សារឡើងថ្លៃដូចសព្វថ្ងៃអ៊ីចឹង ទើបយើងអាចរស់បាន»៕
No comments:
Post a Comment