Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

អ្នកនាំពាក្យ​ ក្រសួង​មហាផ្ទៃ ស្នើ​ជា​ថ្មី​ ឲ្យ​ ថ្នាក់ដឹកនាំ​ សហជីព បញ្ឈប់​ បាតុកម្ម​ ជា​បណ្តោះអាសន្ន​​


ការប៉ះទង្គិចគ្នា​នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី​២៦ខែ​មករា (រូបថត តាត ឧត្តម)

អ្នកនាំពាក្យ​ ក្រសួង​មហាផ្ទៃ ស្នើ​ជា​ថ្មី​ ឲ្យ​ ថ្នាក់ដឹកនាំ​ សហជីព បញ្ឈប់​ បាតុកម្ម​ ជា​បណ្តោះអាសន្ន​​


ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវ​ឲ្យ​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម មេត្តា​យោគយល់​បឈ្ឈប់​​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ រង់ចាំ​ស្ថានភាព​ស្ងប់ស្ងាត់​ឡើងវិញ​។​
​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​បាន​កើតឡើង នៅ​ព្រឹក​នៅ​ថ្ងៃ​អាទិត្យ​នេះ រវាង​សន្តិសុខ​មួយក្រុម ដែល​ត្រូវបាន​រាយការណ៍​មក​ថា ជា​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​៨​នាក់ រង​របួសធ្ងន់​និង​ស្រាល ក្នុងនោះ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ម្នាក់ ក៏​ត្រូវ​បាន​ពលរដ្ឋ​វាយ​ឲ្យ​រងរបួស​ធ្ងន់​ផងដែរ ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​។​
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា អាជ្ញាធរ​បាន​ជូនដំណឹង​រួចហើយ ពី​ការ​មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​នេះ តែ​ទោះជា​យ៉ាងណា ​លោក​អំពាវនាវ​​ដល់​ថ្នាក់ដឹកនាំ​​សហព័ន្ធ​សហជីព និង​​សមាគម​ទាំងនោះ មេត្តា​យោគយល់ និង​បញ្ឈប់​នូវ​ការធ្វើ​បាតុកម្ម​​នេះ រងចាំ​ដល់​ស្ថានភាព​ស្ងប់ស្ងាត់​ឡើង​វិញ​សិន​។ លោក​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ នៅតែ​រឹងទទឹង​ធ្វើបាតុកម្ម សមត្ថកិច្ច នឹង​​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។
​កាលពី​ថ្ងៃ​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធាន​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩​នោះ មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ ប្រសិនបើ​បាតុកម្ម និង​ការ​ដង្ហែ​ក្បួន​ណាមួយ ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ ធ្នាប់​សង្គម និង​មាន​ការប៉ះទង្គិច​។​
​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីព​ទាំងអស់​នៅ​តែ​ប្រកាន់​ជំហរ​តស៊ូ​មតិ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ យ៉ាងតិច ១៦០​ដុល្លារ​អាមេរិក​។ លោក​ចាត់​ទុក​ទង្វើ​បង្ក្រាប​របស់​អាជ្ញាធ​រខណ្ឌ​ដូនពេញ​នៅ​ព្រឹក​នេះ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស និង​ឈាន​ទៅ​រក​របប​ផ្តាច់ការ​។
កាលពី​ថ្ងៃ​ទី​២០​ខែ​មករា សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៩ ដែល​ធ្វើការ​ជាមួយ​កម្មករ​ជា​ច្រើន​វិស័យ បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ត្រូវបាន​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​និង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ប្រធាន​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩​នោះ បើ​នៅ​តែ​ប្រកាន់​ជំហរ​ប្រមូលផ្តុំ​គ្នា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​មាន​ការប៉ះទង្គិច​ណាមួយ​នោះ​៕



No comments:

Post a Comment