ព្រៃឈើនៅតំបន់អូរស៊ិនលៃរ៍ នៅឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវគេកាប់រានដើម្បីយកដីកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣។ (Adhoc photo)
ព្រៃឈើ ប្រមាណ ៣០ហិកតារ ថ្មីទៀត ត្រូវគេ កាប់រាន នៅរតនគិរី
ព្រៃឈើ នៅសេសសល់ ពីសកម្មភាព កាប់រាន យកដី នៅតំបន់ភ្នំគន្ធី ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបាន សហគមន៍ជនជាតិដើម អះអាង ថា កំពុងត្រូវបាន គេជួលកម្មករ កាប់រាន បន្តទៀត ដើម្បីយកដី ជាកម្មសិទ្ធិ ឬលក់។ ក្រុមសហគមន៍ ចោទប្រកាន់ទៅលើ មន្ត្រីមូលដ្ឋាន ភូមិឃុំ ថា ជាអ្នក នៅពីក្រោយ សកម្មភាពកាប់រានព្រៃ ខុសច្បាប់ នេះ។
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ២៦ មករា ២០១៤
ព្រៃឈើប្រមាណ ៣០ហិកតារថ្មីទៀត ត្រូវបានគេកាប់រំលំរួចហើយនៅតំបន់ភ្នំគន្ធី ក្នុងឃុំប៉ាតាង ស្រុកលំផាត់។
កាលពីសប្ដាហ៍មុននេះ ក្រុមសហគមន៍ភូមិប៉ាតាង បានចុះទៅពិនិត្យកន្លែងកាប់រានព្រៃនោះ បានរាយការណ៍ថា ដើមឈើមានតម្លៃក្នុងព្រៃដែលនៅសេសសល់ពីការកាប់រានកាលពីប៉ុន្មានឆ្នាំកន្លងទៅ ត្រូវបានកម្មករស៊ីឈ្នួលកាប់រំលំមិនទាន់ដុតរាននៅឡើយ។
តំណាងសហគមន៍ លោក ហ្សុន លិក ចោទប្រកាន់ទៅលើមេភូមិ មេឃុំ និងស្មៀនឃុំថា ជាអ្នកនៅពីក្រោយបទល្មើសនេះដើម្បីរានយកដីលក់។ លោកអះអាងថា កំពុងរកកិច្ចអន្តរាគមន៍ទប់ស្កាត់ករណីនេះ ពីព្រោះសហគមន៍មិនមានជំនឿលើមន្ត្រីមូលដ្ឋានទាំងនោះក្នុងការទប់ស្កាត់ករណីនេះបានទេ៖ «ខ្ញុំប្រមូលសហគមន៍ខ្ញុំទៅទប់ស្កាត់ គ្រាន់តែផ្អាកមួយរយៈៗ ហើយគេធ្វើទៀត។ អ្នកកាប់ជាអាជ្ញាធរជួលគេកាប់ហ្នឹងហើយលក់បន្តៗ អ៊ីចឹងលក់ឯកជន។ ខាងឃុំមានឃាត់ឯណា បើឃុំអ្នកធ្វើបានអ្នកណាឃាត់ទៀត?»។
មួយភាគធំនៃព្រៃឈើនៅតំបន់ភ្នំគន្ធី បានក្លាយជាដីវាលក្រាលដោយគំនរឈើដែលកាប់រំលំមិនទាន់ដុតរាននៅឡើយ។ ភ្នំគន្ធី ឋិតក្នុងទឹកដីឃុំប៉ាតាង ស្រុកលំផាត់ មានទំហំដីប្រមាណជាង ១០០ហិកតារ ជាតំបន់ព្រៃឈើសហគមន៍អភិរក្សទុកជាសម្បត្តិធនធានធម្មជាតិ។
កាលពីខែសីហា កន្លងទៅ ព្រៃឈើនៅភ្នំគន្ធី រងការកាប់រានអស់ប្រមាណ ២០ហិកតារបន្ថែមលើសកម្មភាពកាប់រានយកដីអស់ជាង ២០ហិកតារ ដោយអតីតអនុប្រធានតុលាការខេត្តរតនគិរី លោក ថោ សារ៉ន កាលពីឆ្នាំ២០១០។ ប្រជាសហគមន៍អ្នកអភិរក្សតំបន់ព្រៃឈើនោះប្រតិកម្មសុំកិច្ចអន្តរាគមន៍ជួយទប់ស្កាត់ពីសកម្មភាពកាប់រានព្រៃដើម្បីយកដីទាំងអស់នោះ។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី២៦ ខែមករា មិនអាចទាក់ទងមេភូមិ មេឃុំប៉ាតាង សុំបំភ្លឺសេចក្ដីចោទប្រកាន់នេះបានទេ។ ចំណែកស្មៀនឃុំ លោក ថោង គឹមឈុន មានប្រសាសន៍បដិសេធថា ពាក្យចោទរបស់សហគមន៍គឺជាការមិនពិត។
លោកទទួលស្គាល់ថា ប្រជាពលរដ្ឋដែលមានក្បាលដីជាប់នឹងព្រៃនៅតំបន់នោះ បានកាប់ឆ្ការព្រៃជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ៖ «ធ្វើតាមគាត់ អ៊ីចឹងតិចទៀតចាប់ទាំងគាត់ដែរ ព្រោះពួកគាត់ក៏ដីព្រៃនៅសល់បន្តិចបន្តួចដែរ ហើយបើយើងមិនអនុគ្រោះទេ ម៉ោងនេះយើងអភិវឌ្ឍន៍ហើយ។ គាត់ថា កាប់ភ្នំៗហ្នឹងវាធ្ងន់ធ្ងរ»។
ទាក់ទិនសេចក្ដីចោទប្រកាន់នេះ អភិបាលស្រុកលំផាត់ លោក គង់ ស៊្រុន អះអាងថា លោកមិនជឿថា មន្ត្រីមូលដ្ឋានគឺជាអ្នកនៅពីក្រោយបទល្មើសនោះទេ។ លោកសង្កត់ធ្ងន់ថា ប្រសិនមានភស្តុតាងថា មន្ត្រីមូលដ្ឋានមានពាក់ព័ន្ធបទល្មើសព្រៃឈើនោះមែន លោកនឹងរៀបចំពាក្យប្ដឹងមន្ត្រីនោះតាមផ្លូវតុលាការ៖ «បើសិនជាអ្នកហ្នឹងជាអាជ្ញាធរហើយកាន់ច្បាប់គេអនុវត្តរបៀបហ្នឹង ខ្ញុំត្រូវតែប្ដឹងចូលតុលាការ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា សហគមន៍បានសុំកិច្ចអន្តរាគមន៍ពីសមាគមលោកចុះអង្កេតករណីនេះ។ លោកបន្តថា កន្លងទៅសកម្មភាពកាប់ព្រៃរានយកដីនៅតំបន់នោះ មន្ត្រីជំនាញបានដកហូតមួយចំនួនវិញហើយ ប៉ុន្តែមិនឃើញជនពាក់ព័ន្ធកាប់រានព្រៃណាម្នាក់ត្រូវបានចោទប្រកាន់ក្នុងរឿងនេះឡើយ។
លោក ឆាយ ធី៖ «សេចក្ដីរាយការណ៍របស់សហគមន៍ថា កាប់រយៈពេលកន្លងមកគឺប្រហែលជា ៥០ហិកតារហើយ។ សមាគមអាដហុក គ្រោងនឹងចុះស៊ើបអង្កេតកសាងសំណុំរឿងហ្នឹងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើ»។
ទោះជាយ៉ាងនេះក្តី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន ថ្លែងថា សហគមន៍ត្រូវផ្ដល់របាយការណ៍បន្ទាន់មកស្ថាប័នលោកដើម្បីចុះពិនិត្យសេចក្ដីរាយការណ៍ពីបទល្មើសព្រៃឈើថ្មីនេះ៕
No comments:
Post a Comment