ទិដ្ឋភាពនៃការបង្ក្រាបរបស់សមត្ថកិច្ចទៅលើបាតុកម្មនៅមុខក្រសួងព័ត៌មានកាលពីព្រឹកមិញ (រូបថត ឡាយ សាមាន)
យ៉ាងតិច មនុស្ស ៧នាក់របួស ក្នុងការបង្ក្រាប របស់ សមត្ថកិច្ច ទៅលើ បាតុកម្ម លោក ម៉ម សូណង់ដួ
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
លោក ម៉ម សូណង់ ប្រធានវិទ្យុសំបុកឃ្មុំ មកដល់កន្លែងប្រមូលផ្តុំ នៅម៉ោង៩:២០នាទីលោកក៏បានចាប់ផ្តើមហែក្បួនពីស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យទៅកាន់ក្រសួងព័ត៌មានទាមទារបង្កើតហ្វ្រេកង់ ទូរទស្សន៍និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត។ នៅគ្រានោះ សមត្ថកិច្ចប្រដាប់ដោយខែល និងដំបងប្រមាណ ៥០នាក់ បានហ៊ុមព័ទ្ធប្រជាពលរដ្ឋប្រមាណជិត ៣០០០នាក់ដែលព្យាយាមដង្ហែក្បួនទៅកាន់ក្រសួងព័ត៌មាននៅ តាមមហាវិថីព្រះមុនីវង្ស ។
នៅម៉ោង ៩:៥៥នាទីនេះ លោក ម៉ម សូណង់ដូ និងប្រជាពលរដ្ឋទាំងនោះ បានទៅដល់មុខក្រសួងព័ត៌មានតាមការគ្រោងទុក ក៏ត្រូវបានសមត្ថកិច្ចចម្រុះជិត ១០០០នាក់ បានព្យាយាមបំបែកទៅលើក្រុមបាតុករគាំទ្រ លោក ម៉ម សូណង់ដូ នៅមុខក្រសួងព័ត៌មាន ដោយប្រើខែល ដំបង និងបោកគ្រាប់បែកផ្សែងប្រមាណ៥គ្រាប់បណ្តាលឲ្យបាតុករខ្លះ ពុលគ្រាប់បែកផ្សែងនោះ។
បាតុករម្នាក់ទៀតមកពីស្រុកស្អាង ខេត្តកណ្តាល អ្នកស្រី ហ៊ុយ ផាន ថ្លែងថា ទោះជាមានការបង្ក្រាបដោយហិង្សា និងមានការគំរាមកំហែងយ៉ាងណាក៍ដោយ អ្នកស្រីនៅតែព្យាយាមតស៊ូមតិ និងទាមទារសិទ្ធិសេរីភាពឲ្យបាន «ខ្ញុំយល់ មានតែវាប៉ុល ពតទីពីរតែម្តង លើប៉ុលពតទៀត និយាយអញ្ចឹងបាតដៃទីបី។ ប៉ុល ពត ខ្ញុំធ្លាប់ស្គាល់ហើយ។ រែកដីក៏ខ្ញុំធ្លាប់ដែរ បើថាគេចង់សម្លាប់ប្អូនឯងមួយ គេចុចឈ្មោះនោះយកទៅសម្លាប់យប់ទេ។ នេះលើហ្នឹងទៀត ដេញបាញ់ ដេញបោក ចាប់វ៉ៃ កាច់ដៃកាច់ជើង វ៉ៃក្បាល ប្អូនឯងគិតមើល តើប្រជាពលរដ្ឋយើងខឹងឈឺចាប់ប៉ុន្មាន ហើយខ្ញុំការងារខ្ញុំមិនធ្វើ ខ្ញុំសុខចិត្តដើម្បីជាតិ»។
ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះជាការបង្ក្រាបមួយយ៉ាងឃោរឃៅ ដែលជាចេតនាបំបាក់ស្មារតីអ្នកតវ៉ា ដោយសន្តិវិធី។ លោក បន្តថា ក្នុងនាមសង្គមស៊ីវិល លោកថ្កោលទោសចំពោះការបង្ក្រាបដោយហិង្សានេះ «ការបង្ក្រាបរបៀបព្រឹកមិញនេះ វាមានលក្ខណៈធ្ងន់ធ្ងរជាង លើកមុនបើធៀបនិងទីលានប្រជាធិបតេយ្យ ឬក៏នៅក្នុងទីក្រុងភ្នំពេញ ដូចជាវត្តភ្នំកន្លងមក»។
ក្នុងហេតុការណ៍ប៉ះទង្គិចនេះ សាក្សីម្នាក់ អះអាងថា បាតុករបានឃាត់ខ្លួនបុរសម្នាក់ ក្នុងដៃកាន់ជំពាមកៅស៊ូ ដោយប្រើគ្រាប់ដែក ដែលគេសង្ស័យថា ជាជនជាតិវៀតណាម ព្យាយាមបង្កហិង្សាមកលើបាតុករ។
អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា លោកមិនដឹងថា បុរសម្នាក់នោះជាជនជាតិវៀតណាមនោះទេ។ តែលោកបានការពារចំពោះវិធានការបង្ក្រាបនេះ «ដោយសារក្រុមបាតុករ គាត់មានការរឹងរុះមិនព្រម អនុវត្ត មិនព្រមធ្វើតាមសំនូមពរ របស់សមត្ថកិច្ច ដែលស្នើសុំឲ្យគាត់បំបែកជួរ ទីរកភូមិឋានរបស់គាត់រៀងខ្លួនវិញ ហើយប្រសិនជាមានញត្តិអ្វី ឲ្យតែតំណាងយកទៅដាក់នៅសាលារាជធានីទៅបានហើយ»។
លោក អំ សំអាត ដែលបានតាមដានសកម្មភាពបាតុកម្មនេះ ឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៧ នាក់របូសធ្ងន់ និងស្រាលហើយអ្នករបួសទាំងនោះភាគច្រើនត្រូវរបួសក្បាល និងដងខ្លួនដោយកម្លាំងសមត្ថកិច្ចវាយ ក្នុងនោះមានទាំងព្រះសង្ឃផងដែរ៕
No comments:
Post a Comment