Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

តុលាការ​ កោះ​ហៅ​ មន្ត្រី​ កងរាជអាវុធហត្ថ​ ខ្លះ​ទៅ​បំភ្លឺ​ រឿង​ហិង្សា​ នៅ​ផ្លូវ​វ៉េងស្រេង

ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។  (រូបថត RFA / Sek Bandith)

តុលាការ​ កោះ​ហៅ​ មន្ត្រី​ កងរាជអាវុធហត្ថ​ ខ្លះ​ទៅ​បំភ្លឺ​ រឿង​ហិង្សា​ នៅ​ផ្លូវ​វ៉េងស្រេង

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ចំនួន​ទៅ​បំភ្លឺ​នៅ​តុលាការ ជុំវិញ​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​ផ្លូវ​វ៉េងស្រេង ដែល​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ រង​របួស​ជិត ៤០​នាក់ និង​ចាប់​ខ្លួន ២៣​នាក់ ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា។
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២៧ មករា ២០១៤
មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ៥​នាក់ បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ​លើ​បណ្ដឹង​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង។
អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​នោះ បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ កាល​ពី​សប្ដាហ៍​មុន​តាម​ដីកា​កោះ​របស់​តុលាការ​ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់។ យ៉ាង​ណា​លោក​មិន​បាន​ទម្លាយ​ឈ្មោះ​មន្ត្រី​ទាំង​នោះ ហើយ​លោក​ក៏​មិន​ច្បាស់​ដែរ​ថា តើ​នឹង​ត្រូវ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ប៉ុន្មាន​នាក់​ទៀត​មាន​ជាប់​ពាក់ព័ន្ធ ហើយ​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ទៀត​នោះ៖ «ខ្ញុំ​មិន​បាន​ទទួល​តួលេខ​ទាំង​ហ្នឹង​ទេ តែ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ចំនួន​បាន​ទៅ​បំភ្លឺ​តាម​ការ​សាកសួរ​របស់​តុលាការ​ហើយ»
អនុ​ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត ឲ្យ​ដឹង​ថា ការ​ចូល​បំភ្លឺ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​តុលាការ មិនមែន​ក្នុង​នាម​ជា​ដើម​បណ្ដឹង​ដែល​បាន​ប្ដឹង​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​មនុស្ស ២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ។ តែ​ខាង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​របាយការណ៍​ពី​ការ​បង្ក្រាប​អ្នក​តវ៉ា​ទៅ​ឲ្យ​តុលាការ ដូច្នេះ​ការ​ហៅ​អ្នក​ពាក់ព័ន្ធ​លើ​បណ្ដឹង​នេះ​ទៅ​សាកសួរ​ជា​រឿង​ធម្មតា​តាម​ផ្លូវ​ច្បាប់។
លោក ចាន់ សុវ៉េត៖ «មាន​សេចក្ដី​រាយការណ៍​ពី​កងរាជអាវុធហត្ថ​ទៅ​កាន់​តុលាការ​ថា មាន​អំពើ​ល្មើស​កើត​ឡើង​របៀប​នេះ ដឹកនាំ​ដោយ​អ្នក​ណា អ៊ីចឹង​វា​មាន​ខាង​មេធាវី​គេ​បាន​ផ្ដល់​ព័ត៌មាន​មក​ឲ្យ​ពួក​ខ្ញុំ​បាន​ដឹង​ពី​បញ្ហា​ហ្នឹង អ៊ីចឹង​បាន​មាន​ការ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅ​សាកសួរ»
លោក​បន្ត​ថា ដើម្បី​ស្វែង​រក​ការពិត​ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​​លើ​អ្នក​តវ៉ា ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ត្រូវ​ស្រាវជ្រាវ​រក​ភស្តុតាង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​ជឿ​ទេ​ថា អ្នក​ដែល​រង​គ្រោះ​នៃ​ការ​បាញ់​សម្លាប់ អ្នក​របួស នឹង​ទទួល​បាន​យុត្តិធម៌ ព្រោះ​រហូត​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ថា នរណា​ជា​ជនល្មើស​នៅ​ឡើយ ហើយ​តុលាការ​ក៏​នៅ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ណា​ម្នាក់​ជា​អ្នក​បង្ក​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​សួរ​នាំ​ពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា។
កម្លាំង​រដ្ឋាភិបាល មាន​កងរាជអាវុធហត្ថ ប៉ូលិស និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់ទីប បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ​ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ​គប់​តប​ត​ប្រឆាំង​នឹង​កម្លាំង​អាជ្ញាធរ​កាល​ពី​ដើម​ខែ​មករា នៅ​ពេល​ដែល​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដល់ ១៦០​ដុល្លារ។ ទាំង​កងរាជអាវុធហត្ថ និង​ប៉ូលិស បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​បង្ក្រាប​នោះ​ជា​ស្វ័យ​ការពារ​ខ្លួន នៅ​ពេល​ដែល​អ្នក​តវ៉ា​នោះ​ព្យាយាម​គប់​ដុំ​ថ្ម បាញ់​គ្រាប់​ចម្ពាម​កៅស៊ូ និង​ដុត​សាំង​ដប​គប់​ទៅ​លើ​អាជ្ញាធរ៕


2 comments:

  1. Anonymous1:51 AM

    It's a big joke. Monkey question monkey?

    ReplyDelete
  2. Anonymous9:32 AM

    តុលាការកោះហៅសត្វចចកខ្លះដែលបានបាញ់ប្រជាបាតុករ មកបំភ្លឺវាគ្រាន់តែជាល្បែងរបស់
    ក្រុមខ្មែរយៀក ម៉ីញកញ្ចះយួន វាមិនដែលមានអ្វីដោះស្រាយបានឬចាប់ជនដៃដល់ឬបាតដៃទីបី បាន
    នោះទេ ព្រោះអីអ្នកបង្កើតបញ្ចារឲ្យវាយធ្វើបាបប្រជាជន មាន មេប៉េអ៊ីម មេប៉ូលីស ជាពិសេសគឺអាសត្វ
    ចង្រៃអាខ្វាក់ ហ៊ុន សែន នេះឯងជាអ្នកបញ្ចារការ ដូចជារឿងកន្លងមកហើយ តើដែលចាប់បានឃាតករ
    ប៉ុន្មានក្បាល ចាប់បានមន្ត្រីពុករលួយប៉ុន្មានក្បាលហើយ តុលាការសម័យអាខ្វាក់ជាតុលាការអយុត្តិធម៏
    ពុករលួយ ទាំអស់ក្នុងជួរនៃអ្នកដឹកនាំ ។។។។

    ReplyDelete