កសិករ នៅឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រមូលផល ដំឡូងមី កាលពីថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១២។
RFA/Ratha Visal
|
កសិករ នៅរតនគិរី ត្អូញត្អែរ អំពី ផលិតផល ដំឡូងមី លក់បានតម្លៃថោក
RFA | 17 Jan. 2014
ដំឡូងមីស្ងួតនៅខែមករា នារដូវប្រមូលផលដំឡូងឆ្នាំនេះ នៅខេត្តរតនគិរី មានតម្លៃជាង ៥០០រៀលក្នុងមួយគីឡូក្រាម គឺជាតម្លៃថោកប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ដំឡូងមីស្ងួតមួយគីឡូក្រាមថ្លៃជាង ៦០០រៀល។
កសិករដាំដំឡូងមីជាច្រើនគ្រួសារ ចាត់ទុកថា តម្លៃទីផ្សារលក់ដំឡូងមីឆ្នាំនេះមិនបានផ្តល់ផលប្រសើរសម្រាប់ ដំណាំកសិឧស្សាហកម្មនេះឡើយ ប្រសិនបើទីផ្សារលក់ផលិតផលនេះមិនមានការលើកស្ទួយសម្រាប់កសិករ។
កសិកររស់នៅស្រុកលំផាត់ អ្នកស្រី រឿ សារៀន រៀបរាប់ថា មានឧបសគ្គជាច្រើនក្នុងការប្រមូលផលដំណាំដំឡូងមី ជាពិសេស គឺអាកាសធាតុ ព្រោះថា ឆ្នាំនេះមានភ្លៀងធ្លាក់ក្នុងពេលកំពុងប្រមូលផល ធ្វើឱ្យគុណភាពដំឡូងខូចស្ទើរទាំងស្រុង ជាហេតុធ្វើឲ្យឈ្មួញប្រមូលទិញដំឡូងកាន់តែបន្ថោកគុណភាពដំឡូង។
អ្នកស្រីបន្តថា ឆ្នាំកន្លងទៅ អ្នកស្រីដាំដំឡូងមីលើផ្ទៃដីចំនួន ៧ហិកតារ និងបានចំណាយប្រាក់ជួលកម្មករដាំថែទាំ និងប្រមូលផលជាដើម។ ហេតុនេះ ក្តីបារម្ភគឺទិន្នផលដំឡូងដែលប្រមូលបានក្នុងឆ្នាំនេះ ប្រឈមទៅនឹងការខាតបង់ ពីព្រោះការចំណាយមានបរិមាណច្រើន៖ «ដល់ ដំឡូងចេះតែចុះថ្លៃអ៊ីចឹង ខ្ញុំដឹងថា ខ្ញុំខាតហើយ ភ្លៀងដូចជាអត់មានភ្លៀងទេ ហើយម៉េចបានជាដំឡូងធ្លាក់ថ្លៃ អត់ផង ខ្ញុំក្រោយខ្ញុំលែងដាំហើយ ខ្ញុំដាំតែឆ្នាំហ្នឹង។ អ្នកណាធ្វើមុនហ្នឹង ដំឡូងបានថ្លៃ ដល់វគ្គក្រោយហ្នឹង ដំឡូងធ្លាក់ថ្លៃថាខាត។»
កាលពីឆ្នាំ២០១៣ ផ្ទៃដីដាំដំឡូងមីនៅខេត្តរតនគិរី មានចំនួនជាង ១ម៉ឺន ៣ពាន់ហិកតារ ប្រៀបធៀបទៅនឹងឆ្នាំ២០១២ ផ្ទៃដីដាំដំឡូងមានជាង ១ម៉ឺន ៤ពាន់ហិកតារ គឺជាតួលេខថយចុះនៃផ្ទៃដីដាំដំឡូងមី។
ទាក់ទិនបញ្ហានេះដែរ ឈ្មួញប្រមូលទិញដំឡូងមីស្ងួតនៅខេត្តរតនគិរី លោក ជួន ភីនដារ៉ា កត់សម្គាល់ថា ជាទូទៅតម្លៃប្រមូលទិញពីប្រជាកសិករនាឆ្នាំនេះមិនខុសគ្នាពី តម្លៃឆ្នាំកន្លងទៅច្រើននោះទេ ក៏ប៉ុន្តែ ការប្រមូលទិញដំឡូងមី គឺមានតម្លៃប្រែប្រួលទៅតាមគុណភាពនៃផលិតផល និងទីតាំងឆ្ងាយ ឬជិត ងាយស្រួលដឹកជញ្ជូន។ លោកទទួលស្គាល់ថា តម្លៃទិញចូលក្នុងឆ្នាំនេះ ថោកជាងឆ្នាំមុនតិចតួច ដោយសារការដឹកជញ្ជូនទៅលក់នៅទីផ្សារប្រទេសវៀតណាម ត្រូវចំណាយចំពោះសមត្ថកិច្ចនៅច្រកព្រំដែន និងចំណាយបង់ពន្ធនាំចេញទៅប្រទេសវៀតណាម។
លោកបន្តថា តម្លៃទីផ្សារ គឺកំណត់លើអាជីវករប្រមូលទិញនៅប្រទេសវៀតណាម ដែលជាអ្នកប្រមូលទិញទ្រង់ទ្រាយច្រើនសម្រាប់នាំចេញទៅទីផ្សារ បរទេស៖ «រឿងនៅព្រំដែនវាគេចមិនផុតទេ ដល់ពេលអ៊ីចឹង ឡានយើងត្រូវឆ្លងកាត់ដើម្បីត្រួតពិនិត្យ ដើម្បីត្រួតពិនិត្យ យើងត្រូវបង់ពន្ធនៅកន្លែង និងក្បាលឡាន។ មួយវិញទៀត គេទាមទារឱ្យមានធ្វើសំបុត្រឆ្លងព្រំដែន ដូចជាឆ្នាំមុនអី យើងទៅលក់នៅវៀតណាម គឺអត់ចាំបាច់ធ្វើសំបុត្រអីទេ!»
ផលដំឡូងមីនៅប្រទេសកម្ពុជា ត្រូវបានឈ្មួញក្នុងស្រុកប្រមូលទិញនាំចេញទៅប្រទេសថៃ វៀតណាម កូរ៉េ និងប្រទេសចិន។
ទោះជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលគម្រោងអាណាឌីយ៉ា នៃអង្គការ សេដាក (CEDAC) ខេត្តរតនគិរី លោក យុន សំណល ចាត់ទុកទីផ្សារប្រមូលទិញផលកសិកម្មរបស់ប្រជាកសិករកម្ពុជា បច្ចុប្បន្ន ងាយរងសម្ពាធពីក្រុមឈ្មួញដែលជាអ្នកកំណត់តម្លៃកេងចំណេញច្រើនពី កសិករ។ កត្តានេះ ជះឥទ្ធិពលនាំឱ្យកសិករមួយចំនួនសម្រេចចិត្តឈប់ប្រកបរបរកសិកម្ម។ លោកផ្តល់យោបល់ថា រាជរដ្ឋាភិបាលគួរតែជួយស្វែងរកទីផ្សារនាំចេញផលកសិកម្មក្នុង ប្រទេសមានតម្លៃសមស្រប ដើម្បីជួយឲ្យប្រជាកសិករមានកម្លាំងចិត្តពង្រីកការដាំដុះឲ្យបាន កាន់តែច្រើនទៅថ្ងៃអនាគត។
លោក យុន សំណល៖ «ការធានាទីផ្សារវាត្រូវឈ្មួញជាអ្នកកំណត់ ធ្វើឱ្យតម្លៃយើងវាធ្លាក់ ហើយបើសិនជាយើងគិតថាដើម្បីឱ្យតម្លៃដំឡូងមីហ្នឹងល្អ អាហ្នឹងគឺទាមទារឱ្យរដ្ឋាភិបាលយើង និងឈ្មួញមានការពិភាក្សាគ្នាឱ្យបានច្បាស់លាស់ អ៊ីចឹងរឿងគុណភាពដំឡូងមីវាធ្លាក់ថ្លៃចៃដន្យអ្វីនៅឆ្នាំនេះ នៅពេលដែលប្រជាជនយើងប្រមូលផលដើមរដូវ។ ហើយចៃដន្យវាមានភ្លៀងមួយមេធំ វាប៉ះពាល់អាដំឡូងមីដែលពួកគាត់ប្រមូលផល វាត្រូវទឹកត្រូវអី ដល់ពេលខ្មៅវាខូចគុណភាព ពេលហ្នឹងឈ្មួញគាត់មានឱកាសបង្អាប់ ឬក៏ទម្លាក់ថ្លៃ។»
ដូចគ្នានេះដែរ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា លើកឡើងថា តម្លៃដំឡូងនៅពេលបច្ចុប្បន្ននេះ មានតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅ ក៏ប៉ុន្តែតម្លៃផលដំឡូងថ្លៃ ឬថោក អាស្រ័យលើគុណភាពដំឡូងដែលកសិករផលិតបានតែប៉ុណ្ណោះ។ លោកផ្តល់យោបល់ថា កសិករគួរសិក្សាពីកត្តាពូជ ដី ការប្រើប្រាស់ជី ដើម្បីធ្វើឲ្យបរិមាណផលដំឡូងកើនឡើងតាមលក្ខណៈបច្ចេកទេសកសិកម្ម ដើម្បីបង្កើតប្រាក់ចំណូល ប្រសើរជាងបញ្ឈប់ការដាំដុះ៖ «ដំឡូងនេះ ខាងរដ្ឋគ្រាន់តែជួយទាក់ទង និងការមិនយកពន្ធលើកសិផល។ រីឯតម្លៃទាក់ទងនឹងទីផ្សារពិភពលោក តម្រូវការទីផ្សារតែប៉ុណ្ណោះទេតម្លៃ បើទីផ្សារវាឡើង ពេលខ្លះវាចុះ អ៊ីចឹងរដ្ឋមិនមានធានាតម្លៃចំពោះកសិផលទេ តែរដ្ឋគ្រាន់តែធានាមិនយកពន្ធលើកសិផល ចង់និយាយថា កសិផល ឬតម្លៃអាស្រ័យលើទីផ្សារ យើងទីផ្សារសេរី អ៊ីចឹងវាអាស្រ័យទៅលើទីផ្សារ និងតម្រូវការពិភពលោកបញ្ហាតម្លៃហ្នឹង។»
ទោះជាយ៉ាងនេះក្តី កសិករដាំដំឡូងនៅខេត្តរតនគិរី អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យតម្លៃទិញផលដំឡូងស្ងួតពីកសិករមានស្ថិរភាព គឺជាង ៦០០រៀលក្នុងមួយគីឡូក្រាមឡើងទៅ។
កាលពីឆ្នាំ២០១២ នៅខេត្តរតនគិរី ការប្រមូលផលដំឡូងមីស្ងួតមានបរិមាណជាង ១០ម៉ឺនតោន។ តាមការប៉ាន់ប្រមាណរបស់មន្ត្រីកសិកម្ម ផលដំឡូងមីស្ងួតនៅខេត្តរតនគិរី ឆ្នាំនេះ អាចប្រមូលបានប្រមាណ ៩ម៉ឺនតោន៕
No comments:
Post a Comment