Paris Peace Accords 23 Oct. 1991

Friday, January 17, 2014

លោក ម៉ម សូណង់ដូ សូម ​ពន្យារ​ពេល​ ជួប​ពិភាក្សា ​ជាមួយ ​ក្រសួង​ព័ត៌មាន

ម៉ម សូណង់ដូ ៦១០
ប្រធាន ​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ក្នុង​បន្ទប់​ផ្សាយ ​របស់ ​វិទ្យុ​អាស៊ីសេរី រដ្ឋធានី ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
Photo: RFA

លោក ម៉ម សូណង់ដូ សូម ​ពន្យារ​ពេល​ ជួប​ពិភាក្សា ​ជាមួយ ​ក្រសួង​ព័ត៌មាន

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ មិន​បាន​ទៅ​ចូល​ជួប​តំណាង​ក្រសួង​ព័ត៌មាន តាម​ការ​កោះ​អញ្ជើញ​ឲ្យ​ចូល​ជួប​ពិភាក្សា​គ្នា​ពី​ការ​ស្នើសូម អាជ្ញាប័ណ្ណ​ ទូរទស្សន៍ នៅ​ថ្ងៃ​ទី​១៧ មករា នេះ​ទេ ដោយសារ​ លោក​ មាន​បេសកកម្ម ​នៅ​ក្រៅ​ប្រទេស។

RFA | 17 Jan. 2014

ក្រសួង​ព័ត៌មាន បាន​ដាក់​លិខិត​ កោះ​ហៅ លោក ម៉ម សូណង់ដូ នៅ​បន្ទាប់​ ពី​លោក​ បាន​ដាក់​លិខិត ​ទៅ​សាលា​រាជធានី​ ភ្នំពេញ ប្រកាស​ធ្វើ​បាតុកម្ម​ មួយ​សប្ដាហ៍​ម្ដង ដើម្បី​ ទាមទារ​សិទ្ធិ​ បង្កើត​ស្ថានីយ​ទូរទស្សន៍ និង​សូម​ ដំឡើង​ ការ​ផ្សាយ​បន្ត​ តាម​ខេត្ត តែ ​ត្រូវ​បាន​ក្រសួង​ បដិសេធ​ កន្លង​មក។


លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា លោក​បាន​ដាក់​លិខិត​ឆ្លើយ​តប​ទៅ​ក្រសួង​ព័ត៌មាន វិញ​នៅ​ថ្ងៃ​ទី​១៧ មករា សុំ​ពន្យារ​ពេល​ការ​ជួប​ពិភាក្សា​ទៅ​ចុង​សប្ដាហ៍​ក្រោយ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុធ បាន​ចេញ​លិខិត​ជូន លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៦ មករា ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​សុំ​បើក​ស្ថានីយ​ផ្សាយ​បន្ត (Relay) នៅ​តាម​ខេត្ត នៅ​ថ្ងៃ​ទី​១៧ មករា ម៉ោង ៩​ព្រឹក។

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មករា នេះ លោក​បាន​ឲ្យ​សហការី​របស់​លោក ដាក់​លិខិត​ជូន លោក ប៊ុត បូវុធ ដើម្បី​សុំ​ពន្យារ​ពេល​ការ​ជួប​ទៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ខាង​មុខ ម៉ោង ២ និង ៣០​នាទី ពីព្រោះ​លោក​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស​មក​ដល់​កម្ពុជា វិញ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ។ លោក ម៉ម សូណង់ដូ បញ្ជាក់​ថា ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ។
«សំឡេង»
ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​បដិសេធ កាល​ពី​ថ្ងៃ​ទី​១០ មករា ដែល​ចុះ​ហត្ថលេខា​ដោយ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សរសេរ​តប​ទៅ អ្នកស្រី ឌិន ផាណារ៉ា ប្រធាន​ស្ដីទី​វិទ្យុ​សម្បុក​ឃ្មុំ អែហ្វ.អិម ១០៥ មេហ្គាហឺតស៍ (FM 105) ថា ក្រសួង​ព័ត៌មាន មាន​ការ​សោកស្ដាយ​ដោយ​ពុំ​មាន​សល់​ហ្វ្រកង់​វិទ្យុ និង​ហ្វ្រេកង់​ទូរទស្សន៍ សម្រាប់​ផ្ដល់​តាម​ការ​ស្នើសុំ​របស់​អ្នកស្រី​បាន​ទេ។
ក្រោយ​ពេល​ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​បដិសេធ លោក ម៉ម សូណង់ដូ បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​មួយ​សប្ដាហ៍​ម្ដង កាល​ពី​ថ្ងៃ​ទី​១៤ មករា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ដោយសារ​ក្រសួង​ព័ត៌មាន ដាក់​លិខិត​កោះ​អញ្ជើញ លោក ម៉ម សូណង់ដូ នេះ ដូច្នេះ​សាលា​រាជធានី​ផ្អាក​ការ​ពិភាក្សា​អំពី​ការ​ស្នើសុំ​ធ្វើ​បាតុកម្ម​ របស់ លោក ម៉ម សូណង់ដូ នេះ​សិន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ មករា ថា ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​របស់ លោក ម៉ម សូណង់ដូ បាន​ជំពាក់​ថ្លៃ​អាជីវកម្ម​សោតទស្សន៍​ប្រមាណ ៣០០​ដុល្លារ គិត​ពី​ថ្ងៃ​បង្កើត​មក​ទល់​ពេល​នេះ។ ដូច្នេះ ក្រសួង​មិន​អាច​អនុញ្ញាត​ឲ្យ​អាជ្ញាប័ណ្ណ​បាន​ទេ ម្យ៉ាង​ទៀត​គ្មាន​សល់​ហ្វ្រេកង់។

«សំឡេង»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ម៉ម សូណង់ដូ អះអាង​ថា លោក​គ្មាន​ជំពាក់​ថ្លៃ​អាជីវកម្ម​សោតទស្សន៍​អ្វី​ទេ។ ហើយ​ថ្លៃ​បង់​ពន្ធ​ប្រៃសនីយ៍ លោក​បាន​បង់​ជា​រៀង​រាល់​ឆ្នាំ។ លោក ម៉ម សូណង់ដូ បាន​លើក​ជា​សំណួរ​ថា បើ​សិន​ជា​ក្រសួង​មិន​មាន​ហ្រេ្វកង់ មូលហេតុ​អ្វី​បាន​ជា​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ដទៃ​ទៀត ក្រសួង​ចេញ​អាជ្ញាប័ណ្ណ​ជូន នៅ​ខណៈ​ដែល​លោក​បាន​ស្នើសុំ​ក្រសួង​ដូច្នេះ​នោះ?

«សំឡេង»

លោក ម៉ម សូណង់ដូ បាន​អះអាង​ថា លោក​បាន​ស្នើសុំ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ដំឡើង​ការ​ផ្សាយ​បន្ត​នៅ​តាម​ខេត្ត​មួយ​ចំនួន​នេះ តាំង​ពី​ឆ្នាំ​២០០៥ មក ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​បដិសេធ​រហូត។
របាយការណ៍​បូក​សរុប​សន្និបាត​របស់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០១២ និង​ទិសដៅ​ឆ្នាំ​២០១៣ បាន​សរសេរ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ មាន​កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ​បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ចំនួន​ជាង ៦០០​អង្គភាព មាន​វិទ្យុ​អែហ្វ.អិម ជាង ១០០​អង្គភាព និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ជិត ២០​ទៀត។
សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន ជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ពីព្រោះ សេរីភាព​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពិត​ ប្រាកដ។ បើ​សិន​ជា​គ្មាន​ការ​គោរព​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​រួម​មាន​សិទ្ធិ​ស្វែង​រក ទទួល​បាន និង​ចែក​រំលែក​ព័ត៌មាន ព្រម​ទាំង​គំនិត​ទេ​នោះ មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​បាន​ឡើយ ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​កើត​មាន​យ៉ាង​ស្ងៀមស្ងាត់ ហើយ​ក៏​គ្មាន​មធ្យោបាយ​បក​អាក្រាត ឬ​លាត​ត្រដាង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ និង​បញ្ហា​អសមត្ថភាព​របស់​រដ្ឋាភិបាល​ឡើយ៕




No comments:

Post a Comment