ស្របពេលនេះដែរ តំណាងអង្គការសិទ្ធិមនុស្សសហប្រជាជាតិ បានជំរុញប្រទេសជាសមាជិកសិទ្ធិមនុស្សសហប្រជាជាតិទាំងអស់ ដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា ឲ្យកែទម្រង់និងបង្កើនការការពារ និងគោរពសិទ្ធិមនុស្សឲ្យបានល្អ ដូចដែលរដ្ឋាភិបាលកម្ពុជា បានសន្យាកន្លងមក។
គេហទំព័ររបស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានស្រង់សម្ដីនាយិកាអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំទីក្រុងហ្សឺណែវ អ្នកស្រី ជូលីយ៉ែត ឌឺ រីវើរ៉ូ (Juliet de Rivero) បានរិះគន់ខ្លាំងៗដល់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងការបង្ក្រាបបាតុកម្មនៅពេលថ្មីៗនេះ ដែលបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរបួស ហើយបាតុករមួយចំនួនបានបាត់ខ្លួននិងត្រូវចាប់ខ្លួន។
គេហទំព័ររបស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បានស្រង់សម្ដីអ្នកស្រី ជូលីយ៉ែត ឌឺ រីវើរ៉ូ ថា៖
«រដ្ឋាភិបាល ហ៊ុន សែន រំលោភសិទ្ធិមនុស្សរៀងរាល់ថ្ងៃ ដោយរារាំងបក្សប្រឆាំង សហជីព សកម្មជន និងអ្នកដទៃទៀតមិនឲ្យប្រមូលផ្ដុំគ្នាតវ៉ាទាមទារដើម្បីការផ្លាស់ប្ដូរនយោបាយ។ ប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គួរតែផ្ដន្ទាទោសចំពោះការបង្ក្រាបយ៉ាងព្រៃផ្សៃនេះ ហើយបង្ខំរដ្ឋាភិបាលកម្ពុជា កែទម្រង់ឲ្យបានខ្លាំងក្លាជាបន្ទាន់»។
ដោយឡែកនៅប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែមករា នេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចប្រជុំមួយដែលមានព្រះសង្ឃ និងអង្គការសមាគមនានាជាដៃគូ ធ្វើការពាក់ព័ន្ធផ្នែកសិទ្ធិមនុស្សចូលរួមពិភាក្សាគ្នាអំពីបញ្ហារំលោភសិទ្ធិមនុស្សនេះដែរ។
ព្រឹត្តិការណ៍ទាមទារពីសំណាក់ប្រជាពលរដ្ឋកម្ពុជា បានកើតឡើងជាបន្តបន្ទាប់នៅស្ថានការណ៍ក្រោយការបោះឆ្នោត។ ការទាមទារនោះរួមមាន ក្រុមតវ៉ាផ្សេងៗគ្នា ដូចជាក្រុមតវ៉ានឹងលទ្ធផលបោះឆ្នោត ក្រុមកម្មកររោងចក្រទាមទារដំឡើងប្រាក់ខែគោល និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មានទាមទារសេរីភាពបញ្ចេញមតិ ជាដើម។ ប៉ុន្តែ ការទាមទារដោយអហិង្សារបស់ប្រជាពលរដ្ឋទាំងនោះ តែងរងការបង្ក្រាបពីអាជ្ញាធរ ឬកងកម្លាំងរបស់រដ្ឋាភិបាល ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
បញ្ហានេះ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើន បានរិះគន់ថា ការប្រើកម្លាំងទៅលើក្រុមអ្នកតវ៉ា គឺបង្ហាញថា ប្រទេសកម្ពុជា មានការរំលោភសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ។
សេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ រួមមានអង្គការមាត្រា១៩ អង្គការសមាគមអ្នកផ្សព្វផ្សាយអន្តរជាតិ និងសមាគមប៊ិចអន្តរជាតិ (Pen International) ដែលប្រកាសនៅថ្ងៃទី២៧ មករា ថា បម្រាមលើការធ្វើបាតុកម្មដោយសន្តិវិធី ការប្រើប្រាស់កម្លាំងហួសប្រមាណ និងអំពើហិង្សារបស់ភ្នាក់ងារសន្តិសុខទៅលើក្រុមអ្នកតវ៉ា និងការចាប់ខ្លួនដោយហេតុផលនយោបាយជាបន្តបន្ទាប់ បានរំលោភបំពានសិទ្ធិមនុស្សមូលដ្ឋានជាសកល និងការបំពានទៅលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ត្រូវបានដៅមុខសញ្ញា ការសម្លុតបំភ័យ និងផ្ដន្ទាទោសដោយសារតែហ៊ាននិយាយប្រឆាំងនឹងគោលនយោបាយបែបគាបសង្កត់របស់រដ្ឋាភិបាល។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ ចង់ឲ្យអង្គការសហប្រជាជាតិ យកបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាបង្ក្រាបលើសេរីភាពបញ្ចេញមតិ ទៅពិភាក្សានៅកិច្ចប្រជុំប្រចាំឆ្នាំពីរដ្ឋជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ មករា។
នាយកប្រតិបត្តិនៃអង្គការមាត្រា១៩ ដែលជាអង្គការតាមដានលើការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ លោក ថូម៉ាស់ ហ៊ូគ (Thomas Hughes) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ប្រជាពលរដ្ឋកម្ពុជា បានងើបឡើងចេញមុខតវ៉ាកាន់តែច្រើននៅស្ថានការណ៍ក្រោយការបោះឆ្នោត ដែលបានបង្ហាញថា ពួកគេកំពុងប្រថុយជីវិតរបស់ខ្លួនក្នុងការបញ្ចេញមតិ និងទាមទារការរស់នៅក្នុងសង្គមមួយដែលខ្លួនចង់បាន។ នាយកនៃអង្គការរូបនេះ ចង់ឲ្យរដ្ឋាភិបាលកម្ពុជា មិនគួរបង្ក្រាបមកលើក្រុមអ្នកប្រឆាំងទៀតនោះទេ ហើយវាគួរតែដល់ពេលហើយក្នុងការគោរពសេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
បន្ថែមលើនេះ ប្រធានគណៈកម្មាធិការអ្នកនិពន្ធនៅក្នុងពន្ធនាគារ អ្នកស្រី ម៉ារៀន បុសហ្វត ហ្វ្រេសែ (Marian Botsford Fraser) មានប្រសាសន៍ថា ការកើនឡើងចំពោះការគាបសង្កត់ទៅលើក្រុមអ្នកតវ៉ា គឺជាការព្រួយបារម្ភចំពោះការធ្លាក់ចុះដុនដាបនៃសេរីភាពបញ្ចេញមតិនៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គួរតែដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឲ្យមានការគោរពសិទ្ធិមនុស្ស។
ការប្រជុំប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញអង្គការសិទ្ធិមនុស្សកម្ពុជា និងអ្នកតស៊ូទាមទារសិទ្ធិសេរីភាពមួយចំនួន រួមទាំងរដ្ឋាភិបាលឲ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការត្រួតពិនិត្យជាប្រចាំឆ្នាំរបស់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គួរតែដោះស្រាយការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ទៅលើសិទ្ធិមូលដ្ឋានជាសកល និងប្រព័ន្ធនិទ្ទណ្ឌភាពដែលបានកើនឡើងនៅទូទាំងប្រទេសកម្ពុជា។ ម៉្យាងវិញទៀត កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដើម្បីតាមដានភាពបរាជ័យរដ្ឋាភិបាលលើការគោរពសិទ្ធិមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងជាអ្នកដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ លោក ម៉ក់ សម្បត្តិ បានអះអាងថា រដ្ឋាភិបាលកម្ពុជា មិនព្រួយបារម្ភពីរបាយការណ៍រិះគន់របស់អង្គការសង្គមស៊ីវិល ឬអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានាឡើយ។
ដោយឡែកប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា យន្តការការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នេះ អាចមានប្រសិទ្ធភាពជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនៃការអនុវត្ត និងធានាសិទ្ធិមនុស្ស ប៉ុន្តែហាក់នៅមិនទាន់គ្រប់គ្រាន់ឡើយ។ លោកបញ្ជាក់ថា ទណ្ឌកម្មមួយដែលអង្គការសិទ្ធិមនុស្សអាចធ្វើបាន ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា គឺត្រឹមតែលើការផ្សព្វផ្សាយតែប៉ុណ្ណោះ។
លោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍បន្ថែមថា ការគោរពសិទ្ធិមនុស្សបានកាន់តែប្រសើរ គឺជាយន្តការទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សជាច្រើន ទាំងជាតិ និងអន្តរជាតិ បានព្រួយបារម្ភយ៉ាងខ្លាំងលើការកើនឡើងវិធានការដ៏ឆេវឆាវរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងដើម្បីបំបិទមាត់សកម្មជន អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានដែលហ៊ានចេញមតិរិះគន់។
បន្ថែមលើនេះ ក្រោមការត្រួតពិនិត្យតាមពេលវេលាកំណត់ពីរដ្ឋជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានរកឃើញថា ស្ថានភាពសិទ្ធិមនុស្សកម្ពុជា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០៩៕
No comments:
Post a Comment