Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

ចំនួន​សកម្មជន​ ដីធ្លី និងមន្ត្រី​ សង្គម​ស៊ីវិល​ ដែល​សមត្ថកិច្ច​ ចាប់ខ្លួន​ កើន​ឡើង​ ជាង​១០​នាក់​​

ដោយ៖​ ពៅ មេត្តា​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014

ចំនួន​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពេល​នេះ​ កើន​ដល់​ជាង​១០​នាក់ ខណៈ​ពួកគេ​ព្យាយាម​យក​ញត្តិ​ដាក់​តាម​ស្ថានទូត​នានា ស្នើសុំ​ឲ្យមាន​ការដោះលែង​សកម្មជន​សិទ្ធិមនុស្ស​២៣​នាក់ និងបញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​នៅ​ព្រឹក​នេះ​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​៤០​នាក់ យក​ញត្តិ​ដាក់​នៅ​ស្ថានទូត​៤​នៅ​រាជធានី​ភ្នំពេញ ​គឺ​ស្ថានទូត​អាមេរិក ទូត​អង់គ្លេស ទូត​បារាំង និងទូត​អាឡឺម៉ង់ ដើម្បី​ស្នើ​ឲ្យ​ស្ថានទូត​ទាំង​នោះ​ជួយ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ដោះលែង មន្ត្រី​សហជីព សកម្មជន​ដីធ្លី និងកម្មករ​២៣នាក់​ ដែល​សមត្ថកិច្ច​ចាប់​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​។
​ក្នុង​ដំណើរ​នៃ​ការដាក់​ញត្តិ​នោះ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​គឺ​នៅ​ម៉ោង​ជាង​៨​ព្រឹក ចាប់​៤​រូប​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ម៉ោង៩​ជាង​ចាប់​មួយចំនួន​ទៀត ពេល​ពួកគេ​មាន​បំណង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បារាំង​បន្ត​។ ចំនួន​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ដោយ​អ្នក​ខ្លះ​អះអាង​ថា ១០​នាក់ អ្នកខ្លះ​ថា ១១​នាក់ និងអ្នកខ្លះ​ទៀត​ថា​១២​នាក់​។​
​សកម្មជន​ដីធ្លី​ដែល​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ក្នុង​ពេល​ដាក់​ញត្តិ​នោះ មិន​មាន​ការ​ហិង្សា ឬប៉ះ​ពាក្យសំដី​គ្នា​កើតឡើង​ទេ​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ថ្លែងថា ការចាប់ខ្លួន​នេះ ដោយ​អ្នក​ទាំងនោះ ​ល្មើសបទ​បញ្ហា​របស់​ក្រសួងមហាផ្ទៃ ដែល​ហាម​ការប្រមូលផ្តុំ ឬហែ​ក្បួន​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​៕

No comments:

Post a Comment