ពលរដ្ឋ ជ្រលក់ដៃ ចូលកំប៉ុងទឹកថ្នាំ
បន្ទាប់ពីបោះឆ្នោតរួច នៅមណ្ឌលបោះឆ្នោតមួយ នាក្រុងតាខ្មៅ
ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
RFA/Leng Maly
|
អាមេរិក គំរាមកាត់ជំនួយ បើ កម្ពុជា មិនស៊ើបអង្កេត ភាពមិនប្រក្រតី នៃការបោះឆ្នោត
RFA | 17 Jan. 2014
ការព្រមាននេះ ធ្វើឡើង ស្របពេល ដែលសភា សហភាពអឺរ៉ុប បានចេញ សេចក្តីសម្រេចមួយ ឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយក ការស៊ើបអង្កេត លើការបោះឆ្នោត ដោយមាន ការជួយជ្រោមជ្រែង ពី សហគមន៍ អន្តរជាតិ។
សភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងថវិកាមួយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤។ ខ្លឹមសារនៃសេចក្តីព្រាងថវិកានេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងផ្អាកការផ្តល់ជំនួយយោធា និងជំនួយផ្សេងៗទៀតមកឲ្យកម្ពុជា។
សេចក្តីព្រាងច្បាប់បានលើកឡើងថា អាមេរិក នឹងមិនផ្តល់ជំនួយមកឲ្យកម្ពុជា នោះទេ លុះណាតែក្រសួងការបរទេស សហរដ្ឋអាមេរិក អាចទទួលបានការបញ្ជាក់មួយថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីការបោះឆ្នោតប្រកបដោយភាព ឯករាជ្យ និងលុះណាតែមានការកែទម្រង់គ្រប់ជ្រុងជ្រោយ លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬលុះណាតែគ្រប់គណបក្សនយោបាយទាំងអស់ដែលទទួលបានអាសនៈក្នុងសភា កាលពីពេលបោះឆ្នោតកន្លងមក យល់ព្រមចូលសភា។ មួយវិញទៀត រដ្ឋសភាក៏ត្រូវដំណើរការការងាររបស់ខ្លួន ឲ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងឲ្យប្រាកដថា ក្រៅពីវិស័យយោធា តើជំនួយដែលត្រូវផ្អាកនោះ នឹងត្រូវប៉ះពាល់លើផ្នែកអ្វីផ្សេងទៀតនោះទេ ហើយក៏មិនដឹងថា ចំនួនទឹកប្រាក់ដែលត្រូវផ្អាកនោះ មានចំនួនប៉ុន្មាននោះដែរ។
ក្រៅពីសហរដ្ឋអាមេរិក សភាសហភាពអឺរ៉ុប ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតភាពមិនប្រក្រតីការបោះឆ្នោតដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១៦ ខែមករា បានឲ្យដឹងថា សភាសហភាពអឺរ៉ុប អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកការស៊ើបអង្កេតការបោះឆ្នោតប្រកបដោយឯករាជ្យ និងដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។ លើសពីនេះ សភាសហភាពអឺរ៉ុប ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ប្រជាពលរដ្ឋចំនួន ២៣នាក់ ដែលត្រូវអាជ្ញាធរច្បាប់ខ្លួន និងត្រូវបោះបង់ចោលការកោះហៅ លោក សម រង្ស៊ី លោក កឹម សុខា និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ឡើងតុលាការបន្តទៀត។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ មករា មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាល ជុំវិញការលើកឡើងនេះបានទេ ដោយទូរស័ព្ទចូល តែគ្មានអ្នកលើក។ ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានលើកទូរស័ព្ទ តែឆ្លើយថាលោកជាប់រវល់។
ការអនុម័តសេចក្តីព្រាងថវិកាផ្អាកជំនួយមកកម្ពុជា និងការទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតភាពមិនប្រក្រតីការបោះឆ្នោតនេះ ធ្វើឡើងព្រមៗគ្នានឹងដំណើរទស្សនកិច្ចស្វែងរកការពិតមកកម្ពុជា របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី។
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី១៦ មករា លោក ស៊ូប៊ែឌី បានលើកឡើងថា ផលប៉ះពាល់នៃការបន្តមានភាពទាល់ច្រក គឺជាកង្វល់មួយដ៏ធំរបស់លោក។ លោកថា ក្នុងស្ថានភាពបែបនេះ មានតែការផ្សះផ្សានយោបាយ គឺជាមធ្យោបាយតែមួយគត់សម្រាប់ប្រទេសកម្ពុជា ហើយលោកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រឆាំង ស្វែងរកដំណោះស្រាយមួយ ដើម្បីបញ្ចប់ភាពទាល់ច្រកនេះ។ លោកបានជំរុញឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរ វិលត្រឡប់ទៅកាន់តុចរចាវិញ ហើយថា ការចរចានេះអាចមានវត្តមាននៃភាគីទី៣ផងដែរ ដើម្បីធ្វើជាសាក្សី ឬជាអ្នកសម្រុះសម្រួល ប្រសិនជាអាចមានប្រយោជន៍៕
No comments:
Post a Comment