Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

អ្នក​ភូមិ​ នៅ​ព្រះវិហារ​ ២​នាក់​ គេច​ខ្លួន​ ខ្លាច​មាន​ការ​ចាប់​ ក្នុង​រឿង​ តវ៉ា​ ដីធ្លី

អ្នក​ភូមិ​ នៅ​ព្រះវិហារ​ ២​នាក់​ គេច​ខ្លួន​ ខ្លាច​មាន​ការ​ចាប់​ ក្នុង​រឿង​ តវ៉ា​ ដីធ្លី

ក្រុម​ជនជាតិ​ភាគ​តិច​កួយ ចំនួន ៣​ភូមិ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ទៅ​ បោះ​ជំរំ​ តវ៉ា​​ប្រឆាំង​ក្រុមហ៊ុន​​ ឈូស​ឆាយ​ ដី​សម្បទាន​ សេដ្ឋកិច្ច ធ្វើ​ឱ្យ​ ប៉ះពាល់​ ដល់​ ដីស្រែ​ ចម្ការ​ របស់​ពួកគេ​ចំនួន ៣​យប់ និង ៤​ថ្ងៃ​មក​ហើយ។
ដោយ ហង្ស សាវយុត / វិទ្យុអាស៊ីសេរី | ០៥ មករា ២០១៤
កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​ធ្លាប់​បាន​ឃាត់​ព្រះកាយ​ព្រះសង្ឃ ២​អង្គ និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ចំនួន ៣​នាក់​ទៀត នៅ​ពេល​ក្រុម​ការងារ​សិទ្ធិ​មនុស្ស​ទាំង​នោះ ​បាន​ដើរ​ចូល​ទៅ​ពិនិត្យ​និង​ថត​យក​រូបភាព​ឈូស​ឆាយ​ដី​ទី​នោះ។
ប្រជាពលរដ្ឋ ២​នាក់​ក្នុង​ចំណោម​ជា​ច្រើន​ទៀត ​​នៅ​ក្នុង​ភូមិ​ប្រមេរ ឃុំ​ប្រមេរ បាន​​​​​គេច​ខ្លួន កា​ល​ពី​ព្រឹក​​ថ្ងៃ​អាទិត្យ ទី​៥ ​ខែ​មករា ដោយសារ​តែ​ភ័យ​ខ្លាច​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​នៅ​ក្នុង​រឿង​តវ៉ា​ដីធ្លី ​ប្រឆាំង​​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។ អ្នកភូមិ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ ឈឹម សាមុត និង​ម្នាក់​ទៀត​ឈ្មោះ ផាន់ សុខេត។
​បុរស​ម្នាក់​ក្នុង​ចំណោម​ ២​នាក់ ដែល​កំពុង​គេច​ខ្លួន គឺ​លោក ឈឹម សាមុត។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មករា ថា រូប​លោក​កំពុង​ភ័យ​ខ្លាច​សមត្ថកិច្ច តាម​ចាប់​ខ្លួន ហើយ​​កំពុង​​សម្ងំ​នៅ​ក្នុង​​កន្លែង​សុវត្ថិភាព​មួយ៖ «យើង​មិន​ស្គាល់​ដែរ គ្រាន់​តែ​គេ​ទូរស័ព្ទ​មក​ថា ត្រៀម​កម្លាំង​មក​តាម​ចាប់​ពួក​ខ្ញុំ​ពីរ​នាក់»
​ក្រុម​ការងារ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​ពន្លក​ខ្មែរ បាន​ចុះ​ទៅ​ដល់​​​​កន្លែង​តវ៉ា​នោះ ​ហើយ​បាន​ព្យាយាម​សម្រប​សម្រួល​ឱ្យ​អាជ្ញាធរ​ប្រញាប់​​ប្រញាល់​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រវាង​ជន​ជាតិ​ភាគ​តិច ជាមួយ​នឹង​​ក្រុមហ៊ុន​ឈ្មោះ ​ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល (Lan Feng Cambodia International limited) ដែល​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ចុះ​ទៅ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​រឿង​​នោះ ​ដោយ​អាជ្ញាធរ​បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​​​ការ​ឈូស​ឆាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ​និង​ចម្ការ​របស់​អ្នក​ភូមិ។
លោក ឡោ ចាន់ បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​បាន​យល់​ព្រម​​​​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ ហើយ​ព្រម​ទាំង​សន្យា​ថា នឹង​ជួយ​​ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ដី​ស្រែ​ចម្ការ ដែល​​គេ​ឆ្វៀល​ចេញ​ពី​ការ​ប៉ះពាល់​នោះ​ទៀត​ផង។
ទោះ​យ៉ាង​ណា លោក ឡោ ចាន់ ​បាន​បញ្ជាក់​ថា អង្គការ​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ក្ដី​បារម្ភ​ខ្លាច​ក្រែង​ក្រុមហ៊ុន​មិន​គោរព​តាម​ការ​សន្យា​ទាំង​នោះ៖ «ឥឡូវ​ហ្នឹង​តំណាង​ក្រុមហ៊ុន ក៏​បាន​ហៅ​មក​ខ្ញុំ​ដែរ​ថា ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចង្អុល​បង្ហាញ​តើ​​ដី​របស់​គាត់​នៅ​កន្លែង​ណា​ខ្លះ? គេ​នឹង​ធ្វើ​ផ្លូវ​ឱ្យ ហើយ​គេ​មិន​ឈូស​ឆាយ​ចូល​ទៀត​ទេ ពី​ព្រោះ​គេ​ចង់​ទម្លាក់​កំហុស​ទៅ​អ្នក​ឈូស​ឆាយ​វិញ ​ថា​ចេះ​តែ​ឈូស​ឆាយ ដោយសារ​តែ​ពួក​គាត់​ស៊ី​ឈ្នួល​ឱ្យ​ក្រុមហ៊ុន ធ្វើ​យ៉ាង​ណា​ឈូស​ឆាយ​ឱ្យ​បាន​ដី​ច្រើន​ហិកតារ ដើម្បី​ទទួល​យក​កម្រៃ»
​ចំណែក​អភិបាល​ស្រុក​ត្បែងមានជ័យ លោក ប៉ាង យៀត ​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​កំពុង​តាម​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់ ដែល​​សកម្ម​ក្នុង​រឿង​តវ៉ា​ដីធ្លី​នោះ។ លោក ប៉ាង យៀត បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ជនជាតិ​ភាគ​តិច​ជាមួយ​ក្រុមហ៊ុន ឡាន ហ្វេង៖ «ឥឡូវ​បើ​បង​ប្អូន​ថា​នៅ​ទី​នោះ​ជ្រៅ​ពេក ពិបាក ចង់​ទៅ​ធ្វើ​នៅ​ក្បែរ​ផ្លូវ​ណា​មួយ ក្រុមហ៊ុន​គេ​ឈូស​ឆាយ​ឱ្យ ឬ​ក៏​ក្រុម​ថា​អ្នក​ភូមិ​ចង់​ឈូស​ឆាយ​ដាំ​អំពៅ ក៏​ក្រុមហ៊ុន​គេ​ជួយ ទាំង​ពី​បច្ចេកទេស ពូជ ហើយ​ទទួល​ទិញ​អំពៅ​វិញ»
​មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ​ ​បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​​ជាង ១៦០​គ្រួសារ នៅ​​​ភូមិ​ចំនួន ៣ នៃ​ឃុំ​ប្រមេរ កំពុង​ភ័យ​​ខ្លាច​ក្រុមហ៊ុន​ឈូស​ឆាយ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដី​ស្រែ​ចម្ការ​ប្រមាណ​ជិត ៧០០​ហិកតារ ព្រម​ទាំង​ព្រួយ​បារម្ភ ខា្លច​ក្រែង​មាន​ការ​បណ្ដេញ​ពួក​គេ​ចេញ​ផង៕

No comments:

Post a Comment