Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

មន្ត្រី​ ក្រុមប្រឹក្សា​ខេត្ត​ បក្ស​សង្គ្រោះ​ជាតិ​ រង​ការ​ គំរាម​សម្លាប់

មន្ត្រី​ ក្រុមប្រឹក្សា​ខេត្ត​ បក្ស​សង្គ្រោះ​ជាតិ​ រង​ការ​ គំរាម​សម្លាប់

ដោយ ជិន ជេដ្ឋា / វិទ្យុអាស៊ីសេរី | ០៥​ មករា ២០១៤
ដួង ចន្ត្រា ៦១០
មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ដ្រា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Chin Chetha
មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ទទួល​រង​នូវ​ការ​គំរាម​សម្លាប់​ដោយ​ជន​មិន​ស្គាល់​មុខ​តាម​រយៈ​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា។
មន្ត្រី​រូប​នេះ​កំពុង​តែ​ស្វែង​រក​ទីតាំង​មាន​សុវត្ថិភាព​ដើម្បី​លាក់​ខ្លួន​បណ្ដោះ​អាសន្ន និង​មាន​គម្រោង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ឲ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​នេះ។
មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត និង​ជា​សមាជិក​សកម្ម​១​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ដ្រា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​មករា ថា រូប​លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ជន​អនាមិក​ម្នាក់​គំរាម​សម្លាប់​លោក ប្រសិន​បើ​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​ចូល​ធ្វើ​បាតុកម្ម​អ្វី​បន្ត​ទៀត​នោះ។
លោក ដួង ចន្ដ្រា មាន​ប្រសាសន៍​ថា ទូរស័ព្ទ​ដែល​មាន​លេខ ០៨៨ ៣ ៥៧៦ ១៦១ បាន​ហៅ​មក​លោក​នៅ​ម៉ោង​ប្រហែល​ជា ១០​កន្លះ​ព្រឹក បាន​គំរាម​សម្លាប់​មក​លើ​រូប​លោក​នៅ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ ដោយ​លោក​អះអាង​ថា កន្លង​មក​លោក​មិន​ដែល​មាន​គំនុំ ឬ​ប្រព្រឹត្ត​អ្វី​ខុស​ក្នុង​រឿង​ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​អ្នក​ដទៃ​ឡើយ៖ «គេ​តេ​ចូល​មក (ទូរស័ព្ទ​ចូល​មក) គេ​សួរ​ថា អា​ត្រា​មែន​ហ្នឹង? បាទ! ខ្ញុំ​ហ្នឹង​ហើយ។ ម៉េច​ហើយ​គណបក្ស​អ្ហែង? ពេល​ឮ​អ៊ីចឹង​ខ្ញុំ​ក៏​សួរ​ទៅ​វិញ​ថា លោក​នៅ​ខាង​ណា?គេ​ថា​មិន​បាច់​សួរ​ទេ បើ​អ្ហែង​ចេញ​មុខ​ជា​លើក​ទី​២ អញ​នឹង​កម្ទេច​ចោល»
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ០៨៨ ៣ ៥៧៦ ១៦១ ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ជន​អនាមិក​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​នេះ​ ដើម្បី​គំរាម​កំហែង​មក​លើ​ខ្លួន ក៏​ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មករា។
យ៉ាង​ណា​ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក លី វីរៈ បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង មាន​ភាព​ល្អ​ប្រសើរ​ជា​ធម្មតា។ លោក​បន្ត​ថា ខាង​សមត្ថកិច្ច​នឹង​ចាត់​វិធានការ​ស៊ើប​អង្កេត ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង ក៏​ប៉ុន្តែ​ករណី​គំរាម​កំហែង​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង ឬ​ព័ត៌មាន​អ្វី​នៅ​ឡើយ​ទេ។
ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា ករណី​គំរាម​សម្លាប់ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​បើ​ការ​គំរាម​កំហែង​នោះ​គឺ​ជា​ចេតនា​នយោបាយ គេ​អាច​ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​លោភ​សិទ្ធិ​មនុស្ស។ ករណី​នេះ​ទាមទារ​ឲ្យ​ជនរងគ្រោះ ឬ​អ្នក​ដែល​ទទួល​រង​នូវ​ការ​គំរាម​នោះ​ធ្វើ​ការ​ប្ដឹង​ផ្ដល់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ដឹង​ច្បាស់​អំពី​ប្រវត្តិ​នៃ​ដំណើរ​រឿង និង​តម្រុយ​ខ្លះៗ ក្នុង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នេះ។
លោក នី ចរិយា៖ «ខ្ញុំ​យល់​ថា ទិដ្ឋភាព​ពី​ម្សិល​មិញ​នេះ​ដែល​មាន​ការ​បង្ក្រាប​ដោយ​ប្រើ​សុទ្ធ​តែ​យោធា​នេះ បង្ហាញ​ថា សញ្ញា​ខាង​នយោបាយ​ទទួល​រង​ការ​គំរាម​កំហែង​ហើយ​ទៅ​លើ​គណបក្ស​ដែល​មិន​កាន់​អំណាច។ អ៊ីចឹង​ទេ អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​ឲ្យ​ការ​គំរាមកំហែង​ខាង​នយោបាយ ឬ​ក៏​ហិង្សា​នយោបាយ​អាច​នឹង​កើត​ឡើង​ច្រើន​នៅ​តាម​មូលដ្ឋាន​បន្ត​ទៅ​ទៀត​ពី​សមត្ថកិច្ច​របស់​រដ្ឋ​ហ្នឹង​ឯង»
ទាក់ទង​នឹង​ករណី​គំរាម​កំហែង​ទៅ​លើ​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ធ្លាប់​ទទួល​រង​នូវ​ការ​គំរាម​បាញ់​សម្លាប់ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) ដែរ។ ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​វែក​មុខ​រក​ជន​ល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ៕

No comments:

Post a Comment