Paris Peace Accords 23 Oct. 1991

Friday, January 17, 2014

សមាគម ​អ្នក​បញ្ជា​ទិញ​ ជំរុញ​ ឲ្យ​បញ្ចប់​ជម្លោះ​ រឿង​ប្រាក់ខែ​កម្មករ

កម្មករ បាតុកម្ម ៦១០
បន្លា​លួស ​ដែល​អាជ្ញាធរ​ ដាក់​រាំង​ មិន​ឲ្យ​កម្មករ​ ចូល​ទៅ​ក្បែរ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល ​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Leng Maly

សមាគម ​អ្នក​បញ្ជា​ទិញ​ ជំរុញ​ ឲ្យ​បញ្ចប់​ជម្លោះ​ រឿង​ប្រាក់ខែ​កម្មករ

RFA | 16 Jan. 2014

កម្មករ​ រោងចក្រ​ កាត់ដេរ​ តវ៉ា ​ទាមទារ​ប្រាក់​ខែ​ អប្បបរមា​ ចំនួន ១៦០​ដុល្លារ មិន​បាន​សម្រេច​ ដូច​ការ​ចង់​បាន​ នោះ​ឡើយ។  ភាគី​ រដ្ឋាភិបាល ​និង​និយោជក ​បាន​សម្រេច ​ផ្ដល់​ប្រាក់ខែ​ ឲ្យ​កម្មករ​ ចំនួន ១០០​ដុល្លារ​ ប៉ុណ្ណោះ។  ការ​តវ៉ា​នេះ រង​ការ​បង្ក្រាប​ យ៉ាង​ខ្លាំង រហូត​ធ្វើ​ ឲ្យ​មាន​មនុស្ស​ស្លាប់ ៤​នាក់, របួស​ជិត ៤០​នាក់, និង​ត្រូវ​ ចាប់​ខ្លួន ២៣​នាក់។  ភាគី​កម្មករ​ ដែល​មាន​សហជីព​ ជា​តំណាង​ មិន​យល់​ព្រម​ឡើយ, ហើយ ​ទាមទារ ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ ត្រី​ភាគី, គឺ ​ភាគី​ សហជីព, និយោជក, និង​តំណាង​រដ្ឋាភិបាល ដើម្បី ​ពិនិត្យ ​ការ​ឡើង​ប្រាក់​ខែ​ ឡើង​វិញ។


ទាក់ទង​បញ្ហា​នេះ សមាគម​អ្នក​ទិញ​ទំនិញ​លក់​រាយ​ធំៗ ចំនួន ៦ នៅ​សហរដ្ឋអាមេរិក និង​កាណាដា នៅ​ថ្ងៃ​ទី​១៥ មករា បាន​ផ្ញើ​លិខិត​ចំហ​ឲ្យ​តំណាង​រដ្ឋាភិបាល​កម្ពុជា តំណាង​និយោជក​រោងចក្រ​កាត់ដេរ​ខោអាវ និង​ស្បែក​ជើង លោក ខេន លូ និង​តំណាង​សហជីព​ចំនួន ៦ នៅ​កម្ពុជា ជំរុញ​ឲ្យ​បញ្ចប់​ជម្លោះ​អំពើ​ហិង្សា​ទាក់ទង​ការ​ទាមទារ​ប្រាក់ខែ​គោល ហើយ​ចាប់​ផ្ដើម​ចរចា​គ្នា​ដោះស្រាយ​បញ្ហា​នោះ​ដើម្បី​ឲ្យ​ស្ថានការណ៍​វិល​ទៅ ​រក​ភាព​ធម្មតា​ឡើង​វិញ។

សមាគម​អ្នក​ទិញ​ទំនិញ​ខោអាវ​និង​ស្បែក​ជើង​លក់​រាយ​ធំៗ​ទាំង ៦ នៅ​សហរដ្ឋអាមេរិក និង​កាណាដា ដែល​រួម​គ្នា​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​នោះ បាន​អះអាង​ថា ពួកគេ​ជា​អ្នក​ទិញ​ទំនិញ​ខោអាវ និង​ស្បែក​ជើង​ប្រមាណ ៩០% ពី​កម្ពុជា នាំ​ចូល​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក និង​កាណាដា។

សមាគម​ទាំង​នោះ​រួម​មាន Retail Council of Canada (RCC),  American Apparels & Footwear Association (AAFA), U.S. Fashion Industry Association (USFIA),  Retail Industry Leaders (RIL), Canadian Apparel Federation (CAF), និង National Retail Federation (NRF)។

លិខិត​ចំហ​បាន​សរសេរ​មាន​ខ្លឹមសារ​ជា​អាទិ​ថា ឧស្សាហកម្ម​យើង​គឺ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ធានា​ថា រាល់​ផលិតផល​ប្រភព​ទំនិញ និង​ការ​លក់ គឺ​ផលិត​ក្នុង​រូបភាព​ស្រប​ច្បាប់ និង​មាន​គោរព​សិទ្ធិ​មនុស្ស។ ដូច្នេះ​ជា​ចំណែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​នេះ យើង​ប្ដេជ្ញា​ផ្ដល់​សុវត្ថិភាព និង​សន្តិសុខ​ដល់​កម្មករ​ដែល​បំពេញ​ការងារ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ដែល ​ផ្ដល់​ទំនិញ​ឲ្យ​យើង។

លិខិត​ចំហ​របស់​សមាគម​អ្នក​ទិញ​ទំនិញ​លក់​រាយ​ទាំង​នោះ បាន​សង្កត់​ធ្ងន់​ថា ការ​ជួប​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​គោល​របស់​កម្មករ​ឡើង​វិញ ​នេះ មិន​គ្រាន់​តែ​ជួយ​តែ​ធ្វើ​ឲ្យ​ស្ថានភាព​វិស័យ​កាត់ដេរ​មាន​ស្ថិរភាព​ល្អ​ សម្រាប់​រយៈពេល​ខ្លី និង​វែង​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ជួយ​រក្សា​ចំណង​មិត្តភាព​ល្អ​រវាង​វិស័យ​កាត់​ដេរ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​ដែល​ជា​សមាជិក​សមាគម​ទៀត​ផង។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​មាន​ក្ដី​រីករាយ និង​អរគុណ​ចំពោះ​ក្រុមហ៊ុន​ប្រមូល​ទិញ​នៅ​បរទេស ដែល​បាន​ជួយ​អន្តរាគមន៍​ដល់​កម្មករ​កាត់​ដេរ​កម្ពុជា ដែល​កំពុង​មាន​ការ​លំបាក៖ «ខ្ញុំ​គិត​ថា នេះ​ជា​ការ​អន្តរាគមន៍​មួយ​ល្អ និង​ទាន់​ពេល ព្រោះ​កម្មករ​កម្ពុជា បច្ចុប្បន្ន​កំពុង​មាន​បញ្ហា។ ហើយ​យើង​ឃើញ​ជំហរ​របស់​ខាង​និយោជក​មិន​ច្បាស់លាស់​ទេ ដូច​ជា​មាន​ចេតនា មាន​ការ​ពន្យារពេល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង រួម​ទាំង​ខាង​រដ្ឋាភិបាល​ផង។ អ៊ីចឹង​បើ​មាន​លិខិត​ចំហ​របស់​សមាគម​នោះ​ទៀត វា​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ចរចា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។»

ចំណែក​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​របស់​សមាគម​អ្នក​លក់​រាយ​របស់​សហរដ្ឋអាមេរិក និង​កាណាដា​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ជួប​ប្រជុំ​ឡើង​វិញ របស់​ក្រុមប្រឹក្សា​ត្រី​ភាគី អាច​ធ្វើ​ឡើង​វិញ គ្រាន់តែ​មិន​ទាន់​កំណត់​ពេល​នៅ​ឡើយ។

លោក ហេង សួរ៖ «តាម​ការ​ពិត​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​១០ កន្លង​ទៅ​នេះ ក៏​ដូច​ជា​មាន​ការ​បញ្ជាក់​រួច​ហើយ​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដើម្បី​សិក្សា​អំពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា។ ដូច្នេះ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ មិន​មែន​មាន​ន័យ​ថា យើង​បញ្ចប់​ត្រឹម​យើង​ជជែក​គ្នា​លើក​មុន​នោះ​ទេ គឺ​យន្តការ​នៅ​មាន​ដដែល គ្រាន់​តែ​ថា ពេល​ណា​ដែល​យើង​រៀបចំ​ឲ្យ​មាន​ការ​ប្រជុំ​ត្រី​ភាគី​នោះ? អា​ហ្នឹង​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ប្រជុំ​របស់​គណៈកម្មការ​ដែល​ដឹក​នាំ​ដោយ​ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ជា​មុន​សិន។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​សមាគម​និយោជក​រោងចក្រ លោក ខេន លូ ដើម្បី​សុំ​យោបល់​ទាក់ទង​ជាមួយ​លិខិត​ចំហ​របស់​សមាគម​អ្នក​ទិញ​ទំនិញ​លក់​ រាយ​នៅ​សហរដ្ឋអាមេរិក និង​កាណាដា នេះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៥ មករា មាន​សហជីព​ចំនួន ៨ នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ទាក់ទង​រឿង​សុំ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ត្រី​ភាគី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​គោល​របស់​កម្មករ​នេះ​ឲ្យ​ស្រប​តាម​លក្ខណៈ​ វិទ្យាសាស្ត្រ​សម្រាប់​អនុវត្ត និង​តាម​បទដ្ឋាន​អន្តរជាតិ​សម្រាប់​យក​មក​អនុវត្ត​នៅ​កម្ពុជា ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​ឲ្យ​បាន​សមរម្យ។

មេដឹកនាំ​មីយ៉ាន់ម៉ា​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​រឿង​បង្ក្រាប​កម្មករ

កាសែត​មីយ៉ាន់ម៉ា ឬ​ភូមា ឈ្មោះ ដឹ មីយ៉ាន់ម៉ា ថែមស៍ (The Myanmar Times) ចុះ​ថ្ងៃ​ទី​១៦ មករា សរសេរ​ថា មេ​ដឹក​នាំ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា មិន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ទេ ក្នុង​ការ​បង្ក្រាប​ក្រុម​កម្មករ​កម្ពុជា ធ្វើ​បាតុកម្ម​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។

កាសែត ឌឹ មីយ៉ាន់ម៉ា ថែមស៍ បាន​ស្រង់​សម្ដី​លោក អ៊ុយ យេ ហ្ធុត (U Ye Htut) អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មីយ៉ាន់ម៉ា បាន​ប្រាប់​សមាជិក​សារព័ត៌មាន​មីយ៉ាន់ម៉ា អំពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ទីក្រុង​ណៃពិដោរ (Nay Pyi Taw) ឬ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា មិន​រវីរវល់​រឿង​សុខទុក្ខ​ប្រទេស​ជិត​ខាង ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​នោះ គឺ​មក​ពី​មូលហេតុ​ពីរ។ ទី​១ ​ដោយ​មូល​ហេតុ​ថា ប្រទេស​មីយ៉ាន់ម៉ា ទទួល​បន្ទុក​ជា​ប្រធាន​វេន​អាស៊ាន មិន​ត្រូវ​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ និង​ទី​២ ដោយ​មេ​ដឹក​នាំ​មីយ៉ាន់ម៉ា រំពឹង​ថា ការ​បះបោរ​នយោបាយ​នៅ​ប្រទេស​ជិត​ខាង​ខ្លួន ដូច​ជា​ប្រទេស​ថៃ និង​កម្ពុជា អាច​បញ្ចប់​ជម្លោះ​នយោបាយ​បាន​ដោយ​ខ្លួន​ឯង​ដោយ​សន្តិវិធី៕





No comments:

Post a Comment