Paris Peace Accords 23 Oct. 1991

Sunday, January 19, 2014

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​អ្នកគាំទ្រ​ខ្លួន ត្រៀម​ខ្លួន​ប្រឆាំង​តប​ទង្វើ​ខុស​រដ្ឋធម្មនុញ្ញ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​អ្នកគាំទ្រ​ខ្លួន ត្រៀម​ខ្លួន​ប្រឆាំង​តប​ទង្វើ​ខុស​រដ្ឋធម្មនុញ្ញ​​

ដោយ៖​ តាំង វីដា និងជន ស្រីណុច​ | ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014,

លោកនាយករដ្ឋមន្រ្តី ផ្តល់បទសម្ភាសន៍នៅមន្ទីររដ្ឋសភា កាលពីថ្ងៃទីធ្នូ ឆ្នាំ២០១៣ (រូបថត ណាត សុភាព)
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ ប្រកាស​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ខ្លួន​ប្រឆាំង​តប​នឹង​ទង្វើ​ទាំងឡាយ​ដែល ខុស​ពី​រដ្ឋធម្មនុញ្ញ ដែល​ស្មើនឹង ការផ្តួលរំលំ​រដ្ឋាភិបាល​។​
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ភូមិ​កុមារ អេស អូ អេស ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន មាន​ប្រសាសន៍ថា ដើម្បី​រក្សា​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម ក្នុង​គោលដៅ​ដំណើរការ​គ្រប់​គ្រង​​រដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល នឹង​ចាត់​រាល់​វិធានការ បង្ក្រាប​លើ​រាល់​សកម្មភាព ដែល​មាន​លក្ខណៈ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​។
លោកនាយក​រដ្ឋមន្ត្រី បាន​លើក​ជា​ឧទាហរណ៍ ចំពោះ​ទង្វើ​ប្រឆាំង​រដ្ឋធម្មនុញ្ញ ក្នុងនោះ​រួមមាន សំណើ​ឲ្យ​ព្រះមហាក្សត្រ​ដាក់​រាជ្យ ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី និង​ការផ្តល់​យោបល់​ឲ្យ​បង្កើត​រដ្ឋាភិបាលចម្រុះ​បណ្តោះអាសន្ន​ជាដើម​។ ហើយ​លោក ជឿជាក់ថា ព្រះមហាក្សត្រ នឹង​មិន​ជឿ​តាម​ការ​ញុះញង់​របស់​​ក្រុម​ណាមួយ​ឡើយ​។​
កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤ លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​សរសេរ​លិខិត​ទូល​​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី ដោយ​រៀបរាប់ថា ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ភាព​ជាប់គាំង​ផ្នែក​នយោបាយ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា ជួប​នូវ​ប្រទះ​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​។
​លិខិត​របស់​លោក លឺ ឡាយស្រេង ទូល​ថ្វាយ​ព្រះមហាក្សត្រ បាន​បន្ត​ដោយ​ផ្តល់​នូវ​អនុសាសន៍​ចំនួន ៤​ចំណុច ដោយ​ក្នុង​នោះ ស្នើ​ឲ្យ​ព្រះអង្គ​កោះ​អញ្ជើញ​​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដោយ​ត្រាស់​បង្គាប់​ឲ្យ​គណបក្ស​ទាំង​ពីរ​នេះ ឈ្នះ​ឆ្នោត​ទាំងអស់​គ្នា ដឹកនាំ​រាជរដ្ឋាភិបាល​ពាក់កណ្តាល​ម្នាក់ ដែល​ឯក​រាជ្យ​ពីគ្នា ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវមាន​ឧបនាយក​រដ្ឋមន្ត្រី​ស្មើៗ​គ្នា ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ឯករាជ្យ​ម្នាក់​។​
​លិខិត​ដដែល​បន្តថា ចំពោះ​នាយក​រដ្ឋមន្ត្រី​ឯករាជ្យ គួរ​ជ្រើសរើស​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជា​អ្នកទទួល​ភារកិច្ច​បណ្តោះអាសន្ន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ សម្រាប់​ទទួល​សំណើ​ពី​រដ្ឋមន្ត្រី​នីមួយៗ ហើយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ព្រះមហាក្សត្រ និង​​​ជ្រើសរើស​សមាជិក គជប ឯករាជ្យ​ថ្មី​មួយ ដែល​មាន​ភាពយុត្តិធម៌​៕

No comments:

Post a Comment