កម្មករ និងប្រជាសហគមន៍ នឹងប្រមូលផ្តុំនៅមុខវត្តឧណ្ណាលោមនៅរសៀលនេះ
ដោយ៖ ពៅ មេត្តា | ថ្ងៃអាទិត្យ ទី19 ខែមករា ឆ្នាំ2014
ការចុះបង្ក្រាបរបស់សមត្ថកិច្ច កាលពីថ្ងៃទី៣ ខែមករា (រូបថត តាត ឧត្តម)
កម្មករ និង ប្រជាសហគន៍ប្រមាណ២០០នាក់ នឹងប្រមូលផ្តុំនៅមុខវត្តឧណ្ណាលោមនៅរសៀលថ្ងៃអាទិត្យនេះ ដើម្បីទាមទាររកយុត្តិធម៌ដល់កម្មករ មន្ត្រីសហជីព២៣នាក់ ដែលកំពុងជាប់ឃុំ និង ទាមទារដំឡើងប្រាក់ឈ្នូលសមរម្យដល់កម្មករ។
អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំអ៊ន មានប្រសាសន៍ថា កម្មករ និងប្រជាហគមន៍រងគ្រោះ រួមទាំងរត់ម៉ូតូឌុប ប្រមាណ២០០នាក់ នឹងប្រមូលផ្តុំនៅមុខវត្តឧណ្ណាលោម នៅម៉ោង៤ រសៀលនេះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសហជីព និងកម្មករ២៣នាក់ ដែលសមត្ថកិច្ច បានចាប់ខ្លួននៅពេលបង្ក្រាបកាលពីថ្ងៃទី២ និង ទី៣ខែមករា និង ទាមទារដំឡើងប្រាក់ឈ្នូលកម្មករដើម្បីអាចរស់នៅបានសមរម្យ។
កាលពីថ្ងៃទី២ និងទី៣ ខែមករា យោធាឆ័ត្រយោងលេខ៩១១ បានបង្ក្រាបកម្មករ ដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នូលនៅសង្កាត់កំបូល និងនៅផ្លូវវ៉េងស្រេង ដោយបណ្តាលឲ្យមានកម្មករយ៉ាងហោចណាស់ ៥នាក់ស្លាប់ ប្រមាណ៤០នាក់រងរបួស និង ២៣នាក់ ត្រូវបានចាប់យកទៅឃុំនៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម៕
No comments:
Post a Comment