លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ © លាងដឺលុច
ថ្លែងពីខេត្ត ក្រចេះ នៅព្រឹកថ្ងៃ សៅរ៍នេះ,
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានអំពាវនាវ ឲ្យអ្នកគាំទ្រ គណបក្សប្រជាជន កម្ពុជា ទាំងអស់ ត្រៀមខ្លួន
ក្រោកឈរឡើង ប្រឆាំង ជាមួយ ក្រុមអ្នកប៉ុនប៉ង ធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល។ ដោយមិនបានសំដៅ ឲ្យចំៗ ទៅលើគណបក្សណា,
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី បានហៅ ការប៉ុនប៉ងនោះ ថា, ជាទង្វើខុសច្បាប់
ដែលមិនអាច បណ្តាយបាន។ ប៉ុន្តែ គណបក្សប្រឆាំង បដិសេធ ថា,
ខ្លួន មិនដែលប៉ុនប៉ង រំលំរដ្ឋាភិបាលទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពាវនាវជាសាធារណៈនៅថ្ងៃសៅរ៍នេះដល់អ្នកដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ឲ្យត្រៀមខ្លួនប្រឆាំង តបតវិញចំពោះទង្វើខុសច្បាប់ទាំងឡាយណាដែលឈានទៅដល់ការធ្វើរដ្ឋ ប្រហារខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា គណបក្សប្រឆាំងក៏មិនអាចយកប្រទេសកម្ពុជាធ្វើជាចំណាប់ ខ្មាំងបានដែរ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ភូមិកុមារអន្តរជាតិ SOS ក្នុងខេត្តក្រចេះ។ វត្តមានរបស់លោកនាយករដ្ឋមន្ត្រីក្នុងខេត្តក្រចេះ នៅពេលនេះអាចចាត់ទុកជាការបង្ហាញមុខដោយកម្រម្តងទៀតនៅតាមខេត្ត ចាប់តាំងពីក្រោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៣ មក។ ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបាត់បង់អស់ ២២ កៅអីពីក្នុងរដ្ឋសភា។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំងនៅតែមិនទទួលយកលទ្ធផល និងបានចោទគណបក្សកាន់អំណាចថាបានលួចបន្លំសន្លឹកឆ្នោត។
នេះក៏ជាលើកទី១ដែរដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារនយោបាយយ៉ាងធ្ងន់ៗទៅកាន់បក្សប្រឆាំងបន្ទាប់ពី ស្ថិតនៅស្ងាត់ស្ងៀមជាច្រើនខែមក។ លោកបានព្រមានថា កម្ពុជាមិនមែនដូចនៅអេហ្ស៊ីប ទុយនេស៊ី និងលីប៊ី ដែលគេអាចធ្វើបដិវត្តន៍ផ្តួលរំលំបាននោះឡើយ។ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននិយាយចំៗទៅលើក្រុមណា ប៉ុន្តែ គេអាចយល់បានថា លោកសំដៅទៅលើគណបក្សប្រឆាំងដែលកំពុងបន្តទាមទារឲ្យមាន ការបោះឆ្នោតឡើងវិញ និងឲ្យលោកចុះចេញពីមុខតំណែងតាមរយៈមហាបាតុកម្មជា បន្តបន្ទាប់។ លោកនាយករដ្ឋមន្ត្រីបានហៅការផ្តល់យោបល់ទាំងឡាយ ដូចជាស្នើសុំឲ្យព្រះមហាក្សត្រដាក់រាជនិងឲ្យធ្វើជា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្នជាដើមនោះថាជា ការញុះញង់។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងបានបដិសេធថាខ្លួនមិនដែលមានបំណងផ្តួលរំលំ រដ្ឋាភិបាលទេ។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សសង្គ្រោះជាតិទាមទារឲ្យបោះឆ្នោតឡើងវិញដើម្បីរៀបចំឲ្យមាន រដ្ឋាភិបាល និងរដ្ឋសភាស្របច្បាប់ ដែលជាការរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ ហើយការទាមទារទាំងនេះធ្វើឡើងតាមគោលការណ៍អហិង្សាតែប៉ុណ្ណោះ៕
no body want to kick you out... just want revote... do you understand????
ReplyDelete