តំណាងកម្មករ នៅតែសុំ ឲ្យថៅកែ និងរដ្ឋាភិបាល យល់ព្រម ដំឡើងប្រាក់ខែ ឲ្យកម្មករ
សហជីពតំណាងកម្មករនៅតែទាមទារសុំឲ្យភាគីថៅកែរោងចក្រ និងភាគីរដ្ឋាភិបាល យល់ព្រមដំឡើងប្រាក់ខែឲ្យកម្មករបន្តទៀត ដើម្បីឲ្យមានជីវភាពរស់នៅសមរម្យ។
ការទាមទារឡើងប្រាក់ខែរបស់កម្មកររោងចក្រកាត់ដេរ គឺជាការទាមទារដើម្បីមានប្រាក់ទិញអាហារចិញ្ចឹមជីវិតរស់នៅ ដើម្បីមានកម្លាំងធ្វើការ និងមានប្រាក់សម្រាប់បង់ថ្លៃផ្ទះ ចំណាយក្នុងជីវភាពដើម្បីរស់នៅបន្តធ្វើការងារ មិនមែនជាការទារឡើងប្រាក់ខែ ដើម្បីឲ្យមានប្រាក់សល់ដើម្បីសន្សំដូរឡានថ្មី ឬសម្រាប់ចំណាយវិស្សមកាលនោះទេ។
លោក អាត់ ធន់ បន្ថែមឲ្យដឹងថា ការទាមទារឡើងប្រាក់ខែរបស់កម្មកររោងចក្រកាត់ដេរនេះ ដោយសារទំនិញឡើងថ្លៃជាប់ជានិច្ច ហើយកម្មករធ្វើការក្នុង១ថ្ងៃ ៨ម៉ោង គឺមិនសល់ប្រាក់សម្រាប់សន្សំទេ គឺមានតែជំពាក់គេក្នុងមួយខែៗម្នាក់ៗពី ២០ ទៅ ៤០ដុល្លារទៀតផង៖ «ហេតុផលដែលនាំឲ្យយើងទាមទារឡើងប្រាក់ខែឲ្យកម្មករ ដោយសារមានរបាយការណ៍ស្រាវជ្រាវរបស់គណៈកម្មការត្រីភាគីមួយ ដែលដឹកនាំដោយក្រសួងការងារ បានរកឃើញថា កម្មករត្រូវការប្រាក់ប្រមាណពី ១៥៧ ទៅ ១៧៧ដុល្លារក្នុងមួយខែ សម្រាប់ចំណាយ។ ហេតុផលទី២ គឺឯកសារស្រាវជ្រាវរបស់លោកបណ្ឌិត កែម ឡី ដែលគាត់ដកស្រង់ពីរបាយការណ៍របស់ក្រសួងផែនការ រកឃើញថា កម្មករម្នាក់ត្រូវការ ១៦៤ដុល្លារទើបគាត់អាចរស់បាន។ ហើយយោងតាមការលំបាកជាក់ស្តែងរបស់កម្មករទៀត បានជាយើងស្នើឡើងប្រាក់ខែ ១៦០ដុល្លារឲ្យគាត់»។
ចំណែក អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា មានប្រសាសន៍ថា នៅពេលដែលមានការសិក្សារកឃើញថា កម្មកររោងចក្រកាត់ដេរមិនអាចរស់បាន ដោយសារប្រាក់ខែទាបនេះ ហើយហេតុអ្វីបានជានៅតែមិនព្រមដំឡើងប្រាក់ខែឲ្យកម្មករ ដើម្បីពួកគេមានប្រាក់សម្រាប់ចំណាយទ្រទ្រង់ជីវភាពឲ្យបានសមរម្យ?៖ «រាល់ថ្ងៃនេះគាត់ចូលដោយមិនស្ងប់ចិត្តទេ។ អ្វីដែលគាត់ធ្វើ ទី១ គាត់ចូលបើកប្រាក់ខែ ទី២ គាត់រង់ចាំពួកយើងចរចា»។
ការតវ៉ារបស់កម្មករដើម្បីសុំឡើងប្រាក់ខែគោលពី ៨០ដុល្លារ ទៅ ១៦០ដុល្លាររបស់កម្មកររោងចក្រកាត់ដេរ បានទទួលការបង្ក្រាបពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល កាលពីថ្ងៃទី២ និងទី៣ មករា។ ការបង្ក្រាបនោះ បណ្ដាលឲ្យមានមនុស្សស្លាប់ ៥នាក់ របួសជិត ៤០នាក់ និងត្រូវចាប់ខ្លួនចំនួន ២៣នាក់។ កងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរក៏មានរបួសមួយចំនួនដែរ។
ចំពោះការទាមទារឡើងប្រាក់ខែនេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវនៅថ្ងៃទី២២ មករា ក្នុងឱកាសខួប១០ឆ្នាំនៃការបាញ់សម្លាប់ លោក ជា វិជ្ជា ថារដ្ឋាភិបាលមិនគួរបាញ់កម្មករ ដោយសារមូលហេតុគ្រាន់តែទាមទារឡើងប្រាក់ខែ ដើម្បីចិញ្ចឹមជីវិតនោះទេ៖ «សុំរដ្ឋាភិបាលឈប់បង្ហូរឈាមកម្មករ។ យើងអត់ចង់ឃើញ គ្រាន់តែកម្មករទាមទារប្រាក់ខែដើម្បីរស់ ហើយបម្រើឧស្សាហកម្មកាត់ដេរនេះ ហើយមានការបង្ហូរឈាមពួកគាត់ សុំឲ្យរដ្ឋាភិបាលប្រកាន់ធម៌អហិង្សាឈប់បង្ហូរឈាមកម្មករទៀតទៅ»។
លោក ជា មុនី កន្លងមកធ្លាប់ឲ្យដឹងថា ការបង្ខំឲ្យកម្មករចូលធ្វើការវិញនោះ មិនសូវបានផលទេ ពីព្រោះពួកគេមិនបានទទួលប្រាក់ខែគ្រប់គ្រាន់។ ដូច្នេះ ការបំពេញការងារនោះ មិនសូវស្វាហាប់ដូចមុនឡើយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២២ មករា ថា ការប្រជុំគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា អាចធ្វើឡើងនៅដើមខែកុម្ភៈ ខាងមុខ។ គណៈកម្មការនេះ រដ្ឋាភិបាលបានប្រកាសបង្កើតឡើងក្រោយពេលមានការបង្ក្រាបទៅលើការតវ៉ាទាមទាររបស់កម្មករសុំឡើងប្រាក់ខែ។ កាលពីថ្ងៃទី៣១ ធ្នូ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងថា ប្រាក់ខែគោលរបស់កម្មករកាត់ដេរត្រូវបានយល់ព្រមដំឡើងពី ៨០ ទៅ ១០០ដុល្លារ ក្នុងមួយខែ ហើយចាប់អនុវត្តពីថ្ងៃទី១ កុម្ភៈ តទៅ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមនិយោជករោងចក្រកាត់ដេរ ធ្លាប់ព្រមានថា បើសិនជាកម្មកររោងចក្រកាត់ដេរខ្មែរទាមទារឡើងប្រាក់ខែច្រើនពេក ហើយមានបាតុកម្ម និងកូដកម្មច្រើនពេក ពួកនិយោជកគេអាចរើទៅរកស៊ីនៅប្រទេសផ្សេងជាមិនខាន។
ទាក់ទងជាមួយការបង្ក្រាប និងការទាមទារឡើងប្រាក់ខែរបស់កម្មករកាត់ដេរនេះ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំនួន៣ ក្នុងនោះមានគណៈកម្មការមួយទទួលបន្ទុកស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដោយមានលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ជាអ្នកទទួលខុសត្រូវ៕
No comments:
Post a Comment