Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

វិភាគ​៖ ​តើ​មេដឹកនាំ​ សហជីព​​ ដឹកនាំ​កម្មករ​​ ធ្វើ​បាតុកម្ម​ ទាមទារ​​ដំឡើង​ប្រាក់​ឈ្នូល អាច​​នឹង​​ត្រូវ​​ចាប់​ខ្លួន​ឬ​ទេ​?​

វិភាគ​៖ ​តើ​មេដឹកនាំ​ សហជីព​​ ដឹកនាំ​កម្មករ​​ ធ្វើ​បាតុកម្ម​ ទាមទារ​​ដំឡើង​ប្រាក់​ឈ្នូល អាច​​នឹង​​ត្រូវ​​ចាប់​ខ្លួន​ឬ​ទេ​?​


ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014

ការតវ៉ារបស់កម្ម​ករនៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ពេល​កន្លង​មក (រូបថត ញឹម សុខន)
កម្មករ​នៅ​រាជធានី​ភ្នំពេញ  និង​នៅតាម​បណ្តា​ខេត្ត​នានា ចាប់ផ្តើម​ធ្វើ​បាតុកម្ម កូដកម្ម ក្នុង​​គោលបំណង​ដូច​គ្នា​​តែ​មួយ ​គឺ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​​ឲ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ការធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ ដែល​មិន​ធ្លាប់​មាន​របស់​កម្មករ​​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ការងារ​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ដំឡើង​​ប្រាក់​ឈ្នូល​ក​ម្មករ​ពី​៨០​ទៅ​៩៥​ដុល្លារ តែ​កម្មករ​អះអាង​ថា ចំនួន​នោះ​មិន​អាច​ធ្វើឲ្យ​ពួកគេ​អាច​រស់នៅ​បាន​សមរម្យ​ទេ​ គឺ​ពួក​គេ​ទាម​ទារ​ដំឡើង​ដល់​១៦០​ដុល្លារ​។​
កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​នានា​​ នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ស្វាយ​រៀង​​ជា​ដើម បាន​ចាប់ផ្តើម​ធ្វើ​បាតុកម្ម កូដកម្ម ដោយ​មិន​​បំពេញ​ការងារ ប្រមូល​ផ្តុំ​នៅ​មុខ​រោងចក្រ និង​មាន​ការបិទផ្លូវ​ជាច្រើន​កន្លែង​ទៀត​។​
​របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បង្ហាញថា កម្មករ​ទូទាំងប្រទេស មាន​​ប្រមាណ​​៧០​ម៉ឺន​នាក់ កំពុង​​ធ្វើការ​នៅ​រោងចក្រ​ចំនួន​៧៩៥​។​
​ឆ្លើយតប​និង ហេតុការណ៍​បាតុកម្ម​នេះ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់ទុកថា បាតុកម្ម កូដកម្ម​ទាំងនោះ​ដោយសារ​មាន​ការ​ញុះ​ញង់ និង​ការបំភិតបំភ័យ របស់​មន្ត្រី​សហជីព នាំឲ្យ​ខាតបង់​ផលប្រយោជន៍​​កម្មករ ផលប្រយោជន៍​ក្រុមហ៊ុន ក៏ដូចជា​ផល​ប្រយោជន៍​ជាតិ​ទាំងមូល​។
​កាល​ពី​​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​ធ្នូ ក្រសួង​ការងារ និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមាន​ចាត់​​វិធាន​ការ​តាម​ផ្លូវច្បាប់​ ចំពោះ​ជន​ដែល​បន្តសកម្មភាព​ញុះញង់ បង្ក​ការ​រំខាន​​ដល់​​កម្មករ​​និយោជិត និង​​រោង​ចក្រ​​សហគ្រាស ដោយ​​ស្នើ​ឲ្យ​​កម្មករ​​ចូល​​ធ្វើការ​វិញ​។​
សេចក្តីជូនដំណឹង​នោះ ​ឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ មក​​សហជីព​​ចំនួន​៥ និង​សមាគម​មួយ កំពុង​ញុះញង់​ដឹកនាំ​កម្មករ​ឲ្យធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រសួង​។ សេចក្តីជូនដំណឹង​ដដែល ​បន្ថែមថា ក្នុង​សកម្មភាព​បាតុកម្ម​នេះ មាន​ការគំរាម​កំហែង បង្ខំ​ឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការ​ងារ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ដែល​ធ្វើឲ្យ​ប៉ះពាល់​​យ៉ាងខ្លាំង​ដល់​ផលប្រយោ​ជន៍​កម្មករ និង​សេដ្ឋកិច្ច​ជាតិ​។​
​សហជីព​និង​សមាគម​ទាំង​៦​នោះ រួម​មាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណា​​ចក្រ​កម្ពុជា ​របស់​​លោក ជា មុន្នី ទី​៣ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ទី​៤ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ទី​៥ សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់​​ លោក​ស្រី ម៉ម ញឹម និង​ទី​៦ សហព័ន្ធ​សហជីព​កម្ពុជា របស់​លោកស្រី យ៉ាង សោ​ភ័ណ្ឌ​។​
មេធាវី និង​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក នី ចរិយា​ ពន្យល់ថា ការឃោសនា​ញុះញង់​សំដៅលើ​ការ​ឃោសនា​​អូស​ទាញ​​ឲ្យ​​ប្រព្រឹត្តបទ​ឧក្រិដ្ឋ ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។ តែ​លោក​ នី ចរិយា​ បញ្ជាក់ថា ការ​ដែល​សហជីព​ឃោសនា ដើម្បី​ឲ្យ​កម្មករ ចូលរួម​តវ៉ា​ទាមទារ​ប្រាក់​ឈ្នូល​សមរម្យ​​នោះ លោក​ពិនិត្យ​មិនឃើញ​មាន​ធាតុ​ផ្សំ ពាក់ព័ន្ធ​នឹង​​បទ​ញុះញង់​ទេ ៖​ "​ហើយ​ខ្ញុំ​យល់​ថា អ្វីដែល​ប្រ​ធាន​សហ​ជីព បាន​​ធ្វើ​សកម្ម​ភាព​មិន​ដល់​សព្វ​ថ្ងៃនេះ ក្នុង​ការទាក់​ទាញ​ឲ្យ​កម្ម​ករ​ធ្វើ​បាតុ​កម្ម​ធ្វើ​អី​នេះ​ មិនមាន​ចំណុច​ណា​មួយ​ ដែល​ខ្ញុំយល់​ថា ឬ​ក៏​មើល​ឃើញ​ថា​ មាន​​បទ​ល្មើស​​ទាក់​ទង​ទៅ​នឹង​​ក្រម​ព្រហ្ម​ទណ្ឌ​យើង​នៅ​ឡើយ​ទេ"។
​ប្រធាន​សហ​ភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​​ឯករាជ្យ​ លោក រ៉ុង ឈុន លើកឡើង​ថា លោក​មិន​រា​ថយ​ចំពោះ​សកម្មភាព​ដឹកនាំ​កម្មករ​​ធ្វើ​បាតុកម្ម​ទេ បើ​ទោះ​ជា​មាន​ការព្រមាន​ពី​ក្រសួង​ក៏​ដោយ​។ លោក​បន្តថា លោក​ធ្វើ​ដើម្បី​ផលប្រយោជន៍​កម្មករ ដូច្នេះ​កម្មករ​មិន​បណ្តោយ​ឲ្យ​សមត្ថ​កិច្ច​​ចា​ប់​លោក​ឃុំ​នោះ​ទេ​។​
​ចំណែក​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក ជា មុន្នី ក៏​នៅតែ​ប្រកាន់​ជំហរ​បន្ត​ដឹកនាំ​ធ្វើបាតុកម្ម​ដែរ​។ លោក​បន្តថា មាន​សហជីព និង​កម្មករ​ដែល​ហ៊ាន​ចេញ មុខ​តវ៉ា​រង​ការបាញ់សម្លាប់ និង​រង​ការធ្វើ​ទារុណកម្ម​ជា​បន្តបន្ទាប់​ហើយ​ថា លោក​មិន​ខ្លាច​ចេញមុខ​តវ៉ា​ទេ​។​
តើ​ការ​បង្ហាញ​​ជំហរ​​របស់​​មន្ត្រី​សហជីព មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ការងារអាចចាត់ទុកថា ជាទង្វើ​ខុសច្បាប់​ដែល​អាច​ប្រឈម​និង​ការចាប់ខ្លួន​ដែរឬទេ​?
ប្រធាន​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ លោក សុក សំអឿន លើកឡើងថា ប្រសិន​សហជីព​ធ្វើ​ខុសច្បាប់​នោះ​ត្រូវ​ចាត់វិធានការ​ភ្លាម តែ​លោក​ថា​ករណី​​ព្រមាន​​នោះ​​មិន​​បង្ហាញ​ពី​សកម្មភាព​ខុសច្បាប់​របស់​មន្ត្រី​សហជីព​ទេ​ ៖ "ការ​ព្រមាន​ហ្នឹង ខ្ញុំ​ថា​ដូច​ជា គំនិតខ្ញុំ​ថា​ដូច​ជា​មិន​ត្រូវ​ទេ ព្រោះ​ប្រ​សិន​ជា​ថា​ខុស​ច្បាប់ ខុស​ច្បាប់​​មិន​បាច់​ថា​មិន​ដល់​ឥឡូវ​ទេ សូម្បីធ្វើ​តែ​មួយ​ម៉ោងក៏​ខុស​ច្បាប់​ដែរ​ មិន​អញ្ចឹង​ ហើយ​មិន​មែន​មាន​ន័យ​ថា ឈប់​ទៅ​បាន​ត្រូវ​ច្បាប់​វិញ​ មិន​មែន​អញ្ចឹង​ណា"។
លោក នី ចរិយា យល់ឃើញថា  ប្រសិនបើ​សមត្ថកិច្ច​​សម្រេច​ចាប់ខ្លួន​មន្ត្រី​សហជីព ដើម្បី​ដោះស្រាយ​បញ្ហា​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​នោះ គឺ​មិន​អាច​ដោះស្រាយ​បាន​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​បញ្ហា​នៅក្នុង​សង្គម​កាន់តែ​រាលដាល​ជាង​មុន ៖ "កាល​ណា​ក្រសួង​រំលោភ​ទៅ​លើ​ច្បាប់​​ធ្វើ​បំពាន ដើម្បី​ចាប់​ប្រធាន​​សហ​ជីព ខ្ញុំ​យល់​ថា រឹត​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​​នៅ​ក្នុង​សង្គម​កាន់​តែ​ខ្លាំង ហើយ​កំហុស​ហ្នឹង​​គឺ​ជា​កំហុស​​របស់​ក្រសួង​ហ្នឹង​ហ្មង មិន​មែន​ជា​រឿង​កំហុស​​ដែល​​កើត​ឡើង​ពី​ប្រ​ធាន​សហ​ជីព​ទេ"។
​ក្រោយ​ពី​ការប្រជុំ​សម្រេច​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​​អំពី​ប្រាក់​ឈ្នូល កាលពី​ថ្ងៃ​ទី ២៤​ខែ​ធ្នូ កម្មករ​ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់​ទាំង​ការ​ធ្វើ​ឡើង​ដោយ​ក្រុម​កម្មករ​សុទ្ធ និង​ការតវ៉ា​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ផ្លូវ​សំខាន់ៗ​មួយចំនួន ​ដែល​កម្មករ​បាន​បិទ​រួមមាន ផ្លូវ​សហព័ន្ធ​រុស្ស៊ី ផ្លូវជាតិ​លេខ​៤ ផ្លូវ​ជាតិ​​​លេខ​២ ផ្លូវជាតិ​លេខ​៦​។ មន្ត្រី​សហជីព​ដែល​ចេញ​មុខ​​ដឹកនាំ​កម្មករ តវ៉ា បាន​ប្រកាស​ជំហ​រថា នឹង​នៅតែ​បន្ត​ទាមទារ​ប្រាក់​ឈ្នូលក​ម្មករ​ឲ្យបាន​១៦០​​​ដុល្លារ បើ​ទោះ​ជា​រង​​ការ​ព្រមាន​ពី​មន្ត្រី​រដ្ឋាភិបាល​ក៏​ដោយ​៕


No comments:

Post a Comment