លោក រ៉ុង ឈុន ចាត់ទុកខ្លួនជាជនរងគ្រោះ
ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ៍ ទី14 ខែមករា ឆ្នាំ2014 | 3 នាទី មុន
លោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនចូលបំភ្លឺនៅព្រឹកថ្ងៃអង្គារនេះ/ណាត សុភាព
ប្រធាន សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារនេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកខ្លួនជាជនរងគ្រោះ។
មុនចូលបំភ្លឺ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោក មានមេធាវីការពារចំនួន៥រូប ដែលមកពីអង្គការ ការពារ សិទ្ធិមនុស្សផ្សេងៗ។ លោកបន្តថា លោក មិនបានប្រព្រឹត្តខុស ដូចការលើកឡើងទេ ដោយសារ លោកជាមេដឹកនាំសហជីព ដែលតែងតែជួយកម្មករ និងតវ៉ាដោយធម៌អហិង្សា។ លោកទាមទារ ឲ្យ តុលាការ កោះហៅអ្នកដែលបាញ់សម្លាប់កម្មករ និងធ្វើឲ្យរបួស៣៧នាក់ មកចូលបំភ្លឺ។
ការកោះហៅលោក រ៉ុង ឈុន ធ្វើឡើងបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំង សមត្ថកិច្ចរាប់រយនាក់ និងក្រុមកម្មករ ដែលតវ៉ាទាមប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង ក្នុងខណ្ឌពោធិសែនជ័យ និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ ៥នាក់ស្លាប់ ជាច្រើននាក់រងរបួស និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។
កាលពីថ្ងៃទី០៤ ខែមករា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៤ ខែមករា ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ដីកាកោះរបស់ សាលាដំបូងរាជធានីភ្នំពេញ ចុះកាលបរិច្ឆេតថ្ងៃទី០៣ ខែមករា ដែលចុះហត្ថលេខាដោយ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភក្ត្រ អញ្ជើញឈ្មោះលោក សម រង្ស៊ី ចូលទៅកាន់តុលាការ នៅថ្ងៃទី១៤ ខែមករា វេលាម៉ោង១០ព្រឹក ចំណែកលោក កឹម សុខា ចូលទៅបំភ្លឺនៅម៉ោង៩ព្រឹក៕
No comments:
Post a Comment