Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

ពលរដ្ឋ​ អះអាង​ ថា​ ក្រុមហ៊ុន​ លីយ៉ុងផាត់​ បង្ហូរ​ទឹក​កខ្វក់​ ចូល​ប្រព័ន្ធ​ទឹក​ អ្នក​ភូមិ​ នៅ​កំពង់ស្ពឺ

ពលរដ្ឋ​ អះអាង​ ថា​ ក្រុមហ៊ុន​ លីយ៉ុងផាត់​ បង្ហូរ​ទឹក​កខ្វក់​ ចូល​ប្រព័ន្ធ​ទឹក​ អ្នក​ភូមិ​ នៅ​កំពង់ស្ពឺ

ពលរដ្ឋ​ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ រង​ផល​ប៉ះពាល់​ សុខភាព​ ពី​ការ​បង្ហូរ​ទឹក​ ចេញ​ពី​ រោងចក្រ​ផលិត​ស្ករស​ របស់ លោក​ឧកញ៉ា លី យ៉ុងផាត់ ចូល​ទៅ​ក្នុង​ ប្រព័ន្ធ​ទឹក​ អ្នក​ភូមិ​ ប្រើប្រាស់។ ស្រប​គ្នា​នេះ ក៏​បាន​ធ្វើ​ឲ្យ​ ត្រី និង​ជីវចម្រុះ​ មួយ​ចំនួន បាន​ងាប់​ ក្នុង​ទឹក​កខ្វក់​នោះ។ ពលរដ្ឋ​ ភូមិ​ក្រាំងចំបក់ ៤​គ្រួសារ បាន​ចុក​ពោះ​រាក និង​ឈឺ​ក្បាល បន្ទាប់​ពី​ ចាប់​ត្រី​ ពី​ក្នុង​អូរ​ ដែល​មាន​ជាតិ​ពុល​ ហូរ​ចេញ​ ពី​រោងចក្រ​ផលិត​ស្ករស​នោះ។
ដោយ អ៊ុក សាវបូរី /​ វិទ្យុអាស៊ីសេរី | ២៣ មករា​ ២០១៤
មន្ត្រី​សុខាភិបាល បាន​អះអាង​ថា អ្នក​ជំងឺ​បាន​ជា ក្រោយ​ពី​លេប​ថ្នាំ​ព្យាបាល​ជំងឺ។ អាជ្ញាធរ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ប្រសិន​បើ​នៅ​តែ​បង្ហូរ​ទឹក​ទម្លាក់​មក​ក្នុង​ប្រព័ន្ធ​ទឹក​ដែល​អ្នក​ភូមិ​បាន​ប្រើប្រាស់។
អាជ្ញាធរ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ត្រួត​ពិនិត្យ​កន្លែង​បង្ហូរ​ទឹក​ចេញ​ពី​រោងចក្រ​ផលិត​ស្ករស ដែល​បង្ហូរ​ទឹក​កខ្វក់​ចូល​មក​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​របស់​អ្នក​ភូមិ​ហើយ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៤។
ការ​ចុះ​ពិនិត្យ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ច្រើន​ភូមិ ក្នុង​ឃុំ​អមលាំង បាន​ពុល​ត្រី​ដែល​ងាប់​ក្នុង​អូរ​ក្អែក ព្រោះ​ចាប់​ត្រី​ពី​ក្នុង​ទឹក​កខ្វក់​ហូរ​ចេញ​ពី​រោងចក្រ​ផលិត​ស្ករស មក​ទទួល​ទាន។
មេ​ភូមិ​ក្រាំងចំបក់ ឃុំ​អមលាំង លោក ម៉ៅ កុសល ថ្លែង​ថា ពលរដ្ឋ ៣ ទៅ ៤​គ្រួសារ បាន​ពុល​ត្រី​ដែល​ងាប់​ក្នុង​ទឹក​កខ្វក់ ដែល​ក្រុមហ៊ុន​ចម្ការ​អំពៅ លី យ៉ុងផាត់ បាន​បង្ហូរ​ពី​ទំនប់​របស់​គេ​មក​លើ​អូរ​ក្អែក ដែល​អ្នក​ភូមិ​ប្រើប្រាស់​ទឹក​នោះ។ លោក​ថា ក្រុមហ៊ុន​បាន​ទប់​យក​ទឹក​អូរ​ព្រលៅ នៅ​ពី​លើ​ទឹក​ទំនប់​អូរ​ក្អែក ដើម្បី​ប្រើប្រាស់​ច្រើន​ឆ្នាំ​ហើយ។ នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​មករា ក្រុមហ៊ុន​បាន​លាង​សម្អាត​ខ្ទះ​រម្ងាស់​ស្ករ ហើយ​បាន​បង្ហូរ​ទឹក​លាង​រួច​នោះ​ចូល​ទៅ​ក្នុង​អូរ​ព្រលៅ ដោយ​ទឹក​នោះ​ច្រើន​ពេក​បាន​ហូរ​មក​ដល់​ទំនប់​អូរ​ក្អែក ដែល​អ្នក​ភូមិ​ក្រាំងចំបក់ កំពុង​ប្រើ។ លោក​ថា អ្នក​ភូមិ​ដែល​ហូប​ត្រី​ងាប់​ក្នុង​ទឹក​ស្អុយ បាន​កើត​ជំងឺ​រាក និង​ឈឺ​ក្បាល​ខ្លាំង៖ «បង្ហូរ​ទឹក​ពី​រោងចក្រ​ហ្នឹង​មក ត្រី​វា​ងាប់ ដល់​ត្រី​វា​ងាប់ ប្រជាពលរដ្ឋ​គាត់​រើស​យក​មក​ហូប មាន​រាក ហើយ​ឈឺ​ក្បាល។ អ៊ីចឹង ប្រជាពលរដ្ឋ​គាត់​លែង​ហ៊ាន​ហូប​ហើយ​ត្រី​ហ្នឹង។ ទឹក​ហូរ​ហ្នឹង​ក៏​ប្រជាពលរដ្ឋ​ខ្ញុំ​លែង​ហ៊ាន​ប្រើ​ហើយ​នៅ​ម្តុំៗ​ហ្នឹង»
ក្រុម​ប្រឹក្សា​ឃុំ​អមលាំង លោក ស សុខ ថ្លែង​ថា អាជ្ញាធរ​ភូមិ ឃុំ មន្ត្រី​មណ្ឌល​សុខភាព អាជ្ញាធរ​ស្រុក បរិស្ថាន ជាដើម ចុះ​ត្រួត​ពិនិត្យ​ទឹក និង​សុខភាព​អ្នក​ភូមិ។ លោក​ថា មិន​ទាន់​មាន​ការ​វាយ​តម្លៃ​នៅ​ឡើយ អំពី​ទឹក​កខ្វក់​ដែល​បង្ហូរ​ពី​រោងចក្រ​ស្ករស ចូល​មក​ក្នុង​ប្រព័ន្ធ​ទឹក​ដែល​អ្នក​ភូមិ​កំពុង​ប្រើប្រាស់​នោះ។ លោក​អះអាង​ដែរ​ថា ទឹក​នោះ​កំពុង​ហូរ​ពី​ទំនប់​ដែល​ទប់​ដោយ​រោងចក្រ​នៅ​ក្បាល​ទំនប់​អូរព្រលៅ ហូរ​ចូល​មក​ទំនប់​អូរ​ក្អែក និង​បន្ត​ហូរ​ធ្លាក់​ទៅ​ក្នុង​ស្ទឹង​ក្រាំងពន្លៃ។ លោក​ថា ទឹក​ស្ទឹង​ក្រាំងពន្លៃ កំពុង​ប្រើ​សព្វថ្ងៃ​មាន ៥​ភូមិ គឺ​ភូមិ​ក្រាំងចំបក់ ភូមិ​តាកោង ភូមិ​កុមារមាស ភូមិ​ទំនាប និង​ភូមិ​ថ្មគប់។ ប៉ុន្តែ អ្នក​រង​ផល​ប៉ះពាល់ និង​ពុល​ផ្ទាល់ គឺ​នៅ​ភូមិ​ក្រាំងចំបក់ ដែល​រង​ជាតិ​ពុល​ខ្លាំង​នៃ​ទឹក​បង្ហូរ​ពី​រោងចក្រ​ផលិត​ស្ករស ហូរ​មក​ដល់​ភូមិ​នោះ៖ «ប៉ះពាល់​តិចតួច​ទេ តែ​គាត់​នឹង​ទប់ស្កាត់​ហើយៗ​ខ្ញុំ​នឹង​ចរចា​ជាមួយ​ក្រុមហ៊ុន ក្រោយ​ពី​ខ្ញុំ​ចុះ​ពិនិត្យ​ចប់​សិន»
ពលរដ្ឋ​នៅ​ឃុំ​៨មុំ ជាប់​ឃុំ​អមលាំង លោក ស៊ី ហឿន ថ្លែង​ថា អ្នក​ភូមិ​ក្រាំងចំបក់ កំពុង​ពុល​ដោយសារ​ហូប​ត្រី​ចាប់​ពី​ក្នុង​ទឹក​អូរ​ដែល​មាន​ជាតិ​ពុល។ ពួក​គាត់​បារម្ភ​ពី​សត្វ​ពាហនៈ​ដែល​ចុះ​ផឹក​ទឹក​ស្ទឹង​ក្រាំងពន្លៃ ដែរ ព្រោះ​ត្រី​ក្នុង​ស្ទឹង​បាន​ងាប់​ខ្លះ​ហើយ ខ្លាច​ទឹក​នោះ​ហូរ​ចូល​ស្ទឹង​នាំ​ឲ្យ​ពុល​សត្វ​គោ​ក្របី។
ប្រធាន​មណ្ឌល​សុខភាព​ឃុំ​អមលាំង លោក ប៉ិច ប៊ុណ្ណារិទ្ធ ថ្លែង​ថា លោក​បាន​ចុះ​ពិនិត្យ​សុខភាព​អ្នក​ភូមិ​ដែល​ល្បី​ថា​ពុល​ត្រី​ចាប់​ពី​ក្នុង​អូរ យក​ទៅ​ទទួល​ទាន ហើយ​រាក និង​ឈឺ​ក្បាល។ លោក​ថា មិន​មាន​ការ​សន្និដ្ឋាន​អំពី​រោគ​សញ្ញា​ទេ។ ប៉ុន្តែ សុខភាព​អ្នក​ភូមិ​បាន​ធម្មតា​មក​វិញ​ក្រោយ​ពី​បាន​លេប​ថ្នាំ​តាម​ប្រភេទ​ជំងឺ៖ «គ្រាន់​តែ​ចុះ​ទៅ​មើល ការ​រាយការណ៍​ពុល​អី ឬ​ក៏​មាន​អី​ផ្ទុះ​ឡើង​នៅ​ក្នុង​ភូមិ​ក្រាំងចំបក់ មួយ​ទេ ដែល​ខ្ញុំ​ចុះ​មើល​អ៊ីចឹង។ ក៏ប៉ុន្តែ យើង​ចុះ​ទៅ​យើង​អត់​មាន​ឃើញ​មាន​ជា​បញ្ហា​អី​ផង»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ខាង​រោងចក្រ​ផលិត​ស្ករស​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។
ប៉ុន្តែ អភិបាល​រង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ អ្នកស្រី ហេង ហត្ថា ថ្លែង​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ផលិត​ស្ករស​នោះ​ហើយ ឲ្យ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ចេញ​ពី​រោងចក្រ ហាម​ទម្លាក់​មក​ក្នុង​ទឹក​ដែល​អ្នក​ភូមិ​ប្រើប្រាស់។ ប្រសិន​បើ​មិន​មាន​ការ​អនុវត្ត​ទាន់​ពេល​ទេ អាជ្ញាធរ​នឹង​ធ្វើ​បណ្ដឹង​តាម​ច្បាប់៕


No comments:

Post a Comment