Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

កង​កម្លាំង​ យោធា​ នៅ​តែ​ត្រូវ​បាន​ ដាក់​ពង្រាយ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង

កង​កម្លាំង​ យោធា​ នៅ​តែ​ត្រូវ​បាន​ ដាក់​ពង្រាយ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង

ដោយ ម៉ម មុនីរតន៍ / វិទ្យុអាស៊ីសេរី | ០៥ មករា ២០១៤
ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។
RFA/Sek Bandith
ចំណែក​កម្មករ​ដែល​ស្នាក់​នៅ​ក្នុង​តំបន់​ទាំង​នេះ ត្រូវ​បាន​ជម្លៀស​ចេញ និង​រក​ទីតាំង​សុវត្ថិភាព​ជា​បន្តបន្ទាប់ ក្រោយ​ការ​បង្ក្រាប​ដ៏​ហិង្សា​ក្នុង​ពេល​កន្លង​ទៅ​នេះ។ មាន​មនុស្ស​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​បន្ត​នៅ​ក្រាញ​ននៀល​ស្នាក់​នៅ ព្រោះ​តែ​ពុំ​មាន​ជម្រើស។
កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​អម​សង្ខាង​ផ្លូវ​វ៉េងស្រេង ត្រង់​ទីតាំង​ដែល​ផ្ទុះ​អំពើ​ហិង្សា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ក្រោយ​ការ​បង្ក្រាប​ក្រុម​បាតុករ ហើយ​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​នេះ ត្រូវ​រង​ការ​រិះគន់​ថា ប្រទេស​កម្ពុជា ហាក់​ទំនង​ជា​រដ្ឋ​ស្ថិត​ក្រោម​សមរភូមិ​ប្រយុទ្ធ​ដ៏​តានតឹង។
ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កំណាត់​ផ្លូវ​វ៉េងស្រេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ថា នៅ​ពេល​នេះ​ការ​រស់​នៅ​របស់​ពួក​គេ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​នៃ​ភាព​តក់ស្លុត ការ​ភ័យ​ខ្លាច ក្តី​ព្រួយ​បារម្ភ គឺ​មិន​ខុស​ក្នុង​សម័យ​​នៃ​ការ​គ្រប់គ្រង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ឡើយ៖ «នៅ​ពេល​នោះ គឺ​ចាប់​បាន​កម្មករ ចាប់​បាន​ម្នាក់​យក​មក​ដល់... វា​ចាប់​បាន​ហើយ​វា​បោក វា​បោក​ហើយ​វា​វ៉ៃ​ទាល់​តែ​ងាប់​នៅ​នឹង​កន្លែង។ ហ្នឹង​ខ្ញុំ​ឃើញ​ភាព​ជាក់ស្ដែង​របស់​ខ្ញុំ​តែម្ដង។ ខ្ញុំ​ថា​គួរ​ឲ្យ​ខ្លោច​ផ្សារ​ណាស់! សកម្មភាព​ឥឡូវ​ហ្នឹង​ក៏​នៅ​តែ​ស្ងាត់​ដែរ អ្នក​រោងចក្រ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​កាន់​តែ​បណ្ដើរៗ​ទៅ​អស់​ហើយ អស់​រលីង​ហើយ។ អ៊ំ​កើត​មក​បួន​ជំនាន់​ហើយ សង្គ្រាម តែ​មិន​ដូច​ហ្នឹង​ទេ​កូន។ កូន​ឥឡូវ​នេះ មក​វ៉ៃ​ទាំង​រស់ៗ ស្រស់ៗ​អ៊ីចឹង​កូន។ ខ្លាច​ណាស់ អ៊ំ​ភ័យ​ណាស់»
ទិដ្ឋភាព​ទូទៅ​នៅ​អម​សង្ខាង​ផ្លូវ​វ៉េងស្រេង នៅ​ពេល​នេះ បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ក្រោយ​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់​ពិត និង​គ្រាប់​បែក​ផ្សែង ដោយ​ក្រុម​បង្ក្រាប​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បញ្ជា​ដោយ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​ប៉េអឹម រាជធានី​ភ្នំពេញ ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។
ផ្សារ ស្ថានីយ​សាំង និង​តូប​លក់​ដូរ​តូចៗ​នៅ​អម​សង្ខាង​ផ្លូវ ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវកម្ម​ជា​បណ្ដើរៗ​ឡើង​វិញ​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​៥ មករា។
ក៏​ប៉ុន្តែ​បើ​ទោះ​ជា​ស្ថានភាព​បាន​វិល​មក​រក​ភាព​ប្រសើរ និង​ស្ងប់ស្ងាត់​បន្តិច​ក្ដី ក៏​កម្លាំង​យោធា​នៅ​តែ​ត្រូវ​គេ​ដាក់​ពង្រាយ​យ៉ាង​ស្អេកស្កះ នៅ​អម​សង្ខាង​ផ្លូវ​នៅ​ឡើយ។ កង​ពល ង​៧០ ដែល​កំពុង​ល្បាត​ដោយ​មាន​អាវុធ​​គ្រប់​ដៃ នៅ​តែ​បន្ត​ចល័ត​រថយន្ត​ដឹក​ទាហាន​បើកបរ​ចុះ​ឡើងៗ ជា​ប្រចាំ ចាប់​តាំង​ពី​មាន​ការ​បាញ់​បង្ក្រាប​ដោយ​ក្រុម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រឆាំង​បាតុកម្ម​កន្លង​ទៅ​នេះ។
មន្ត្រី​យោធា​កងពល ង​៧០ ​ដែល​ល្បាត​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ជា​ច្រើន​នាក់ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​៤ មករា ថា ពុំ​មាន​បិទ​សិទ្ធិ​អ្នក​ដំណើរ​ឆ្លង​កាត់​​ទេ ប៉ុន្តែ​យន្តការ​នេះ ដើម្បី​ពង្រឹង​សន្តិសុខ​ក្រោយ​កើត​ហេតុ​ប៉ុណ្ណោះ។
កាល​ពី​ថ្ងៃទី​៤ មករា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ការ​ចោទ​ប្រកាន់​ថា សមត្ថកិច្ច​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​ក្រុម​អ្នក​តវ៉ា។ លិខិត​ឲ្យ​ដឹង​ថា អ្វី​ដែល​ព្រឹត្តិការណ៍​កើត​ឡើង​នៅ​គ្រា​នោះ គឺ​ជា​ប្រតិបត្តិការ​ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ហិង្សា ការ​បិទ​ផ្លូវ​សាធារណៈ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ។
ក្នុង​ការ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​២ និង ថ្ងៃ​ទី៣ ខែ​មករា មាន​មនុស្ស​ចំនួន ២៣​នាក់ ត្រូវ​ចាប់​ខ្លួន។របាយការណ៍​របស់​អង្គការ​លីកាដូ រក​ឃើញ​ថា អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​៣ នោះ អ្នក​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​មាន​ចំនួន ៤​នាក់ និង​មាន​មនុស្ស​អាច​ច្រើន​ជាង ៤០​នាក់​ផ្សេង​ទៀត រង​របួស​ធ្ងន់​និង​ស្រាល។ តួលេខ​នៃ​អ្នក​ស្លាប់​នេះ នៅ​ពុំ​មាន​ការ​ប្រែប្រួល​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​ទីតាំង​នៃ​ការ​ឃុំ​ខ្លួន អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​វិញ នៅ​តែ​ស្ថិត​ក្នុង​អាថ៌​កំបាំង​នៅ​ឡើយ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្វែង​រក​ការ​ស្នើ​សុំ​បំភ្លឺ​ពី​មន្ត្រី​តុលាការ​បាន​ទេ ជុំវិញ​បញ្ហា​នេះ ចំពោះ​ទី​តាំង​នៃ​ការ​​ឃុំ​ខ្លួន​មនុស្ស​ទាំង ២៣​នាក់​នេះ។ ក៏​ប៉ុន្តែ​ប្រភព​ដែល​ជឿ​ទុក​ចិត្ត​ថ្លែង​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នេះ ត្រូវ​គេ​បញ្ជូន​ទៅ​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង CC4 ក្នុង​ខេត្ត​ពោធិ៍សាត់ ហើយ។
មន្ត្រី​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ពន្ធនាគារ​នេះ​មាន​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ ពី​រួម​ខេត្ត​ពោធិ៍សាត់ ស្ថិត​ក្នុង​ស្រុក​ក្រវាញ។ មុន​ទៅ​ដល់​ទី​នោះ អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ចុះ​ឡើង​ជម្រាល​ជើង​ភ្នំ និង​ព្រៃ​ស្តុក​ផង។
លោក អំ សំអាត ហៅ​ការ​បន្ត​ពង្រាយ​យោធា និង​ក្រុម​បង្ក្រាប​បាតុករ​នៅ​ពេល​នេះ ដោយ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គឺ​ជា​ដំណើរ​វិវត្តន៍​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «យើង​យក​កម្លាំង​បាយ ឬ​ក៏​កម្លាំង​ប្រដាប់​អាវុធ មក​ដើម្បី​ធ្វើ​ការ​ដោះស្រាយ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ វា​ទៅ​ជា​របប​មួយ។ វា​ហាក់​ដូចជា​បើ​នៅ​គេ​ចែក​ជា​ពីរ​នោះ វា​ទៅ​ជា​របប​យោធា គ្រប់គ្រង​ដោយ​យោធា​ទៅ​វិញ។ អ៊ីចឹង​យើង​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ យើង​មិន​ចង់​ឃើញ​អ៊ីចឹង​ទេ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្នឹង​មាន​ការ​​ភិតភ័យ​ធ្ងន់ធ្ងរ»
យ៉ាង​ណា​ក៏ដោយ​ស្ថានការណ៍​នៅ​ពេល​នេះ ហាក់​ដូច​សមរភូមិ​ប្រយុទ្ធ។ នៅ​រាជធានី​ភ្នំពេញ ត្រូវ​គេ​ដាក់​កម្លាំង​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង នៅ​គោលដៅ​សំខាន់ៗ ដូច​ជា​ទី​លាន​ប្រជាធិបតេយ្យ និង​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ជាដើម ជាពិសេស ទីតាំង​ទាំង​នេះ ពុំ​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ឡើយ៕

No comments:

Post a Comment