Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

សង្គមស៊ីវិល ជាតិ​ និងអន្តរជាតិ៖ ស្ថានភាព នយោបាយ នៅកម្ពុជា​ កាន់​តែ​ អាក្រក់

សង្គមស៊ីវិល ជាតិ​ និងអន្តរជាតិ៖ ស្ថានភាព នយោបាយ នៅកម្ពុជា​ កាន់​តែ​ អាក្រក់

សង្គម​ស៊ីវិល​ ជាតិ​ និង​អន្តរ​ជាតិ​ ដែល​ធ្វើ​ការ​ ឃ្លាំ​មើល​ ការ​អនុវត្ត​ច្បាប់​ និង​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ បារម្ភ​ ពី​ស្ថានភាព​នយោបាយ​ នៅ​កម្ពុជា​ ក្នុង​ដំណាក់​កាល​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​នេះ​ថា​ កំពុង​មាន​ ភាព​វឹកវរ​ ខ្លាំង​។​ ស្ថានភាព​បែប​នេះ​បាន​ រុញ​ច្រាន​ ឲ្យ​ការ​គោរព​ច្បាប់​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ស្ថិត​ក្នុង​រូបភាព​ កាន់​តែ​ អាក្រក់​ ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​។​
ដោយ សេក បណ្ឌិត / វិទ្យុអាស៊ីសេរី | ០៥​ មករា ២០១៤
កម្មករ ប៉ូលិស ៦១០
ក្រុម​សមត្ថកិច្ច​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​រោងចក្រ យ៉ាក ជីន (Yak Jin) ក្នុង​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២ មករា ឆ្នាំ​២០១៤។
RFA/Yang Socheametta














ក្តី​បារម្ភ​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​រយ​នាក់​បោស​សម្អាត​ក្រុម​បាតុ​កម្មករ​​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ហ្វូង​បាតុ​កម្មរ​បស់​កម្មករ​នៅ​ផ្លូវ​វ៉េង​ស្រេង ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់​ និង​របួស​ប្រមាណ​ ៤០​នាក់​ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ជាច្រើន​នាក់​ផ្សេង​ទៀត​។
ពាក់ព័ន្ធ​បញ្ហា​នេះ​ មន្រ្តី​រដ្ឋាភិបាល​អះអាង​ថា​ មិន​មែន​ជា​ការ​បង្ក្រាប​ទេ​ គឺ​ជា​យុទ្ធនាការ​ទប់ស្កាត់​អំពើ​ហិង្សា​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​សង្គម​។
បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ប្រៀប​បាន​នឹង​ទឹក​ជោរ​ទឹក​នាច​ និង​កំពុង​រុញ​ច្រាន​កម្ពុជា​ ឲ្យ​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​អំពើ​ហិង្សា ​ដែល​អាច​ឈាន​ដល់​ការ​គ្រប់គ្រង​ប្រទេស​ដោយ​កម្លាំង​ប្រដាប់​អាវុធ​។
មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ «លីកាដូ» លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បាន​ខំ​ប្រឹង​ចូលរួម​​ក្នុង​សកម្មភាព​សិទ្ធិ​មនុស្ស​យ៉ាង​ផុលផុស​ និង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​លើ​បញ្ហា​នេះ​ ប៉ុន្តែ​រដ្ឋាភិបាល​ទៅ​វិញ​ទេ​ ដែល​តែងតែ​បង្រ្កាប​ និង​កាត់​បន្ថយ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស​នេះ៖ «បើ​យើង​មើល​ចន្លោះ​នេះ​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​កំពុង​តែ​ថយ​ក្រោយ​យ៉ាង​ខ្លាំង​មែន​ទែន​ ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​ ដែល​ចែង​ថា​ ប្រទេស​កម្ពុជា​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ អ៊ីចឹង​គឺ​ថយ​ទាំងអស់​ ពហុ​បក្ស​ក៏​បាត់​ ប្រជាធិបតេយ្យ​ហ្នឹង​ក៏​ថយ​ ថយ​ទាំង​អស់​ ដំណាក់​កាល​នេះ​ធ្ងន់​ទៅ​ៗ​ ចង់​វិល​ទៅ​រក​របប​កុម្មុយនិស្ត​ឡើង​វិញ​»
លោក​បន្ត​ថា​ ក្នុង​ស្ថានភាព​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េង​ស្រេង​ ត្រង់​ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស​កាណាឌីយ៉ា​ និង​ក្រោយ​ការ​បង្រ្កាប​បាន​បង្ហាញ​នូវ​ភាព​មួយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យខ្លាច​ ដោយ​សារ​តំបន់​នោះ​ត្រូវ​គ្រប់គ្រង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ប្រៀប​បាន​នឹង​តំបន់​សង្គ្រាម​មួយ​ ស្ថិត​នៅ​កណ្តាល​ក្រុង៖ «យើង​ឃើញ​ហើយ​ ការ​​បាញ់​ ការ​អី​ឲ្យ​ស្លាប់​កាល​នោះ​ គេ​មិន​ប្រើ​កម្លាំង​យោធា​ឯណា​?​ មាន​ចេញ​ពី​កង​រាជ​អាវុធ​ហត្ថ​ ពី​ប៉ូលិស​ ដល់​ពេល​បង្ក្រាប​ហើយ​អី​ហើយ​ ស្រាប់​តែ​យក​ទាហាន​មក​ដាក់​ អា​នេះ​ជា​រឿង​មួយ​ ដែល​ប្លែក​ ដែល​យើង​គិត​ថា​ របប​នេះ​ ចង់​ក្លាយ​ជា​ការ​យក​ប្រើ​ប្រាស់​នូវ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ទៅ​វិញ​ លែង​អនុវត្ត​របប​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​យើង​ជ្រើស​រើស​យក​ការ​ចរចារ​គ្នា​ដោយ​សន្តិវិធី​»។​
កម្មករ​តវ៉ា​សួន​កាណាឌីយ៉ា ៦១០
អ្នក​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​នៅ​ភូមិ​ក្រាំទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Mom Sophon














ក្រុម​ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​តំបន់​នោះ​បាន​អះអាង​ថា ​ការ​បង្រ្កាប​របស់​សមត្ថកិច្ច​ជ្រុលហួស​ហេតុ​ទៅ​លើ​ជន​ស៊ីវិល​ ប្រៀប​ដូច​ជា​ការ​ប្រយុទ្ធ​ជា​មួយ​ខ្មាំង​សត្រូវ​នៅ​លើ​សមភូមិ​សង្រ្គាម​ ហើយ​សូម្បី​តែ​ពលរដ្ឋ​ដែល​មិន​បាន​ចូល​រួម​បាតុកម្ម​ ដោយ​គ្រាន់​តែ​ឆ្លង​កាត់​តំបន់​នោះ​ ក៏​ត្រូវ​រង​គ្រោះ​ដោយ​ការ​គំរាម​កំហែង​ និង​វាយ​ដំ​ដូច​សត្វ​ធាតុ​។
មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ លោក​ ចាន់​ សុវ៉េត​ បាន​សម្ដែង​ក្តី​សោក​ស្តាយ​ចំពោះ​ការ​ប្រើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល​ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ រហូត​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ដោយ​សារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ និង​ចាប់​មនុស្ស​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ជនណា​ដែល​សង្ស័យ​ថា​បាន​ប្រឆាំង​ ឬ​តតាំង​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​។
លោក​បន្ត​ថា​ ស្ថានភាព​នៃ​ការ​ប្រើ​ប្រាស់​កម្លាំង​កង​ទ័ព​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ចាប់​ខ្លួន​ពលរដ្ឋ​អ្នក​តវ៉ា​ប្រឆាំង​នោះ​ គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​ទេ​ ហើយ​កំពុង​តែ​ត្រួតត្រា​ជា​របៀប​របប​យោធា​ ហើយ​ព្យាយាម​ដោះស្រាយ​អ្វី​ៗ​ដោយ​ប្រដាប់​អាវុធ​៖ «ច្បាប់​បាតុ​កម្ម​ក៏​រំលោភ​ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ក៏​រំលោភ  រំលោភ​ទាំង​សិទ្ធិ​នយោបាយ​ថែម​ទៀត​ផង​ ហើយ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ក៏​រំលោភ​ដែរ​ អ៊ីចឹង​ខ្ញុំ​មើល​ឃើញ​ប្រទេស​កម្ពុជា​ ឥឡូវ​នេះ​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​យោធា​»​។​
លោក​បង្ហាញ​ទៀត​ថា​ បើ​នៅ​តែ​ធ្វើ​របៀប​នេះ​បន្ត​ទៀត​ រដ្ឋាភិបាល​សព្វ​ថ្ងៃ​លែង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទៀត​ហើយ​។​
យ៉ាង​ណា​ក្តី​មន្រ្តី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ភ្លាម​ៗ​ ក្រោយ​ការ​បង្រ្កាប​នោះ​ថា ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គឺ​សំដៅ​តែ​ទៅ​លើ​ក្រុម​​អនាធិបតេយ្យ​​ប្រើ​អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កុំ​ឲ្យ​មាន​ភាព​វឹកវរ​ ឈាន​ដល់​អសន្តិសុខ​ក្នុង​សង្គម​ទាំង​មូល​។​
សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុម​កម្មករ​ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ដុំ និង​ចាប់​ខ្លួន​ចង ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Sek Bandith














អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ លោក​ កែវ​ រ៉េមី​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ​ថា​ ព្រឹត្តិការណ៍​កន្លង​មក​នេះ​ មិនមែន​ជា​ការ​បង្រ្កាប​ទេ​ ដោយ​លោក​ពន្យល់​ថា​ ជា​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​ និង​ក្រុម​អនាធិបតេយ្យ​ ដែល​ព្យាយាម​បង្ក​ហិង្សា​ ហើយ​សមត្ថកិច្ច​ចាំ​បាច់​ត្រូវ​តែ​មាន​វិធាន​ការ​ទប់ស្កាត់​៖ «អ៊ីចឹង​ទាក់​ទង​នឹង​រឿង​ប៉ះ​ទង្គិច​នេះ​ យើង​ត្រូវ​តែ​ការពារ​ ហើយ​ក្រុមអនាធិបតេយ្យ​ ប្អូន​ឃើញ​ហើយ​ មាន​ដប​សាំង​ដប​អី​ មាន​ដំបង​ ចម្ពាម​​កៅស៊ូ​ គឺ​គេ​មាន​ការ​ហាត់​ហ្វឹកហ្វឺន​របស់​គេ​ច្បាស់លាស់​ អា​នេះ​មិន​ធម្មតា​ទេ​ណា​ អត់​មាន​កាំ​ភ្លើង​ផង​ខ្លាំង​ប៉ុណ្ណឹង ​បើ​សិន​ជា​មាន​កាំភ្លើង​ផង ​យើង​ស្លាប់​ដោយសារ​គាត់​អត់​មាន​រស់​បាន​ទេ​ គ្មាន​ខ្មែរ​ណា​រស់​បាន​ទេ​»​។​
លោក​បញ្ជាក់​ថា​ ខាង​កង​កម្លាំង​សមត្ថកិច្ច​ក៏​មាន​រង​របួស​ធ្ងន់​ជា​ច្រើន​នាក់​ដែរ​។​
លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា​ យ៉ាង​ណា​ក៏​ដោយ​ ជន​ស៊ីវិល​នៅ​តែ​រងគ្រោះ​ធ្ងន់ធ្ងរ​ និង​ទទួល​បាន​ភាព​អយុត្កិធម៌​ជា​ទី​បំផុត​ ពី​ព្រោះ​អ្នក​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ ជា​ទូទៅ​ជា​ប្រជា​ពលរដ្ឋ ​ហើយ​តុលាការ​មិន​ដែល​រក​ជន​ដៃ​ដល់​ពិត​ប្រាកដ​ឃើញ​ ហើយ​យក​មក​ផ្តន្ទា​ទោស​នោះ​ទេ​ ចំណែក​ពលរដ្ឋ​អ្នក​រង​របួស​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ថែម​ទៀត​៖ «យើង​មិន​ចង់​ឃើញ​មាន​អំពើ​ហិង្សា​កើត​ឡើង​ហើយ​ អ្នក​ដែល​រង​គ្រោះ​ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ទៀត​ យើង​ឃើញ​ហើយ​រាល់​ពេល​មាន​អំពើ​ហិង្សា​កើត​ឡើង​ មិន​ដែល​ឃើញ​ជន​ដៃ​ដល់​ ឬ​អ្នក​ដែល​ដឹក​នាំ​បង្ក្រាប​បាតុកម្ម​ហ្នឹង​ប្រឈម​មុខ​នឹង​ច្បាប់​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ដែល​ជាប់​ពន្ធនាគារ​ គឺ​អ្នក​ដែល​រងគ្រោះ​ស្រាប់​ហើយ​ ត្រូវ​បាន​គេ​ចាប់​ គេ​យក​មក​ធ្វើ​ទារុណកម្ម​ គេ​យក​មក​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ​»​
ទាក់​ទង​បញ្ហា​នេះ​ដែរ​ បណ្តាញ​អង្គការ​សហប្រជាជាតិ ​ប្រចាំ​ប្រទេស​កម្ពុជា​ រួម​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ ​ទី​៣​ មករា​ បាន​ថ្កោល​ទោស​ ការ​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​ពិត​ របស់​កង​រាជ​អាវុធ​ហត្ថ​ បាញ់​ទៅ​លើក្រុម​កម្មករ​ បណ្តាល​ឲ្យ​កម្មករ​ចំនួន ​៥​នាក់​ស្លាប់​ និង​ជាង ​៣០​នាក់​ផ្សេង​ទៀត​រង​របួស​។ អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល​ បញ្ឈប់​ការ​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​ពិត​បង្ក្រាប​បាតុកម្ម​។
រី​ឯ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​ សុរិយា​ ស៊ូប៊ែឌី​ (Surya Subedi)​ ពី​ទី​ក្រុង​ហ្សឺណែវ ​ឯណោះ​វិញ​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​៣​ ខែ​មករា ​ដែរ​ ដោយ​សំដែង​ការ​សោកស្តាយ​ អំពើ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​។​ លោក​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ចំពោះ​ការ​បង្ក្រាប​ដោយការ​ប្រើប្រាស់​កម្លាំង​លើស​លុប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​បាតុករ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​៣​ មករា​នោះ​ និង​ការ​បង្ក្រាប​មួយ​ចំនួន​ទៀត​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​៕

No comments:

Post a Comment