Paris Peace Accords 23 Oct. 1991

Friday, January 17, 2014

លោក ស៊ូ​ប៊ែ​ឌី​៖ លោកនាយក​រដ្ឋមន្ត្រី មាន​ឆន្ទៈ​ច្រើន​ក្នុង​ការទទួលយក​អនុសាសន៍​​

លោក ស៊ូ​ប៊ែ​ឌី​៖ លោកនាយក​រដ្ឋមន្ត្រី មាន​ឆន្ទៈ​ច្រើន​ក្នុង​ការទទួលយក​អនុសាសន៍​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014 

លោក សុរិយា ស៊ូ​ប៊ែ​ឌី ថ្លែងទៅកាន់អ្នកសារព័ត៌មានស្តីពីបេសកកម្មលើកទី១០របស់លោក កាលពីថ្ងៃព្រហស្បតិ៍/តាត ឧត្តម
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ឲ្យដឹងថា លោក មាន​សុទិដ្ឋិនិយម និង​ជំនឿ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​មាន​ឆន្ទៈ​ក្នុង​ការទទួលយក​អនុសាសន៍​របស់​លោក​។
​លោក ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​ពុធ បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផ្សេងៗ​ទៀត​។​
​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា ជំនួប​រវាង​លោក និង​លោក ហ៊ុន សែន មាន​លក្ខណៈ​​ល្អ មាន​ការនិយាយ​អស់ពី​ពោះ និង​ស្តាប់​គ្នា​ទៅវិញទៅមក ដោយ​យល់​ពី​គ្នា​។ លោក​បន្តថា ជំនួប​លើក​នេះ លោក​មាន​ជំនឿ​ថា លោក ហ៊ុន សែន ពិតជា​ទទួល​យក​អ្វី​ដែល​លោក​បាន​ដាក់​ជា​អនុសាសន៍​។​លោក ស៊ូ​ប៊ែ​ឌី សង្ឃឹមថា ការផ្លាស់ប្តូរ និង​កំណែទម្រង់​ខាង​មុខ​​នឹង​កើតមាន​ឡើង​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ស៊ូ​ប៊ែ​ឌី បញ្ជាក់ថា លោក​ចង់​ឃើញ​ស្ថានភាព​នយោបាយ នៅ​កម្ពុជា វិល​ទៅ​រក​សភាព​​ធម្មតា​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស គឺ​នៅ​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​១១​របស់​លោក នៅ​អំឡុង​ខែ​ឧសភា​ខាងមុខ​នេះ​។​
លោក ស៊ូ​ប៊ែ​ឌី បាន​ពិភាក្សា​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រួម​មាន​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​មួយ បញ្ហា​ចាប់ខ្លួន​មនុស្ស​២៣​នាក់ កាលពី​ថ្ងៃ​ទី​០២​និង​ទី​០៣​ខែ​មករា ពេល​ផ្ទុះ​ហិង្សា​ជាមួយ​កម្លាំង​សមត្ថកិច្ច គម្រោង​ដោះស្រាយ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គម្រោង​កំណែទម្រង់​មូលដ្ឋាន រួម​មាន​កំណែ​ទម្រង់កា​រ​បោះឆ្នោត និង​តុលាការ ការលុបបំបាត់​អំពើពុករលួយ បម្រាម​លើ​បាតុកម្ម និង​ការពិនិត្យ​លើ​ប្រាក់​ឈ្នួល​កម្មករ​ឡើង​វិញ​។​
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ឱម យិនទៀង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​លើក​បញ្ហា​មួយចំនួន ដែល​លោក​ព្រួយបារម្ភ​គឺ សភាពការណ៍​សិទ្ធិមនុស្ស​កម្ពុជា កំណែទម្រង់​ប្រព័ន្ធ​តុលាការ និង​កំណែទម្រង់​សភា​។ ជា​ការឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក ហ៊ុន សែន មានប្រសាសន៍ថា លោក​នឹង​ពង្រាងច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធតុលាការ ដូចជា​សេចក្តីព្រាងច្បាប់​លក្ខន្តិកៈ​ចៅក្រម សេចក្តីព្រាង​ច្បាប់​នៃ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​តុលាការ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​ឧត្តម​អង្គចៅក្រ​ម​ផងដែរ​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ជួយ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជា​មុន​សិន ដើម្បី​ជា​ការឈាន​ដល់​ការទម្លាយ​ភាពទ័លច្រក​នានា​។​លោក ហ៊ុន សែន បញ្ជាក់ថា អនុសាសន៍​របស់​លោក​ស៊ូ​ប៊ែ​ឌី​ច្រើនណាស់ មាន​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល និង​ច្បាប់​កម្ពុជា​ដែល​មាន​ស្រាប់​។​
​លោក ស៊ូ​ប៊ែ​ឌី បានបញ្ជាក់​ថា សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ជា​អ្នកសម្របសម្រួល​នយោបាយ​នៅ​កម្ពុជា ប្រសិនបើ​មាន​ការស្នើសុំ​ពី​ភាគី​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​លោក​បញ្ជាក់ថា អ្វីៗ គឺ​អាស្រ័យ​លើ​ការចរចា​បស់​គណបក្ស​ទាំងពីរ ថា​តើ​អ្វី​ដែល​ល្អ​បំផុត និង​អាច​ជា​ប្រយោជន៍​សម្រាប់​ជាតិ​។ លោក​បន្តថា អ្វីៗ អាស្រ័យ​តាមរយៈ​ការផ្សះផ្សារ និង​ការចរចា​រវាង​គណបក្ស​នយោបាយ​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាសថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រជុំ​សភា​បាន ប្រសិនបើ​មាន​ការធានា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ឡើងវិញ​។​
​កាលពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ូ​ប៊ែ​ឌី​នៅ​ចុងឆ្នាំ​២០១២ មន្ត្រី​រដ្ឋាភិបាល បានចាត់ទុក​របាយការណ៍​របស់​លោក​មិន​សម​ហេតុ​សម​ផល និង​មាន​ចរិក​រិះគន់​គាំទ្រ​គណបក្ស​ប្រឆាំ​ង ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា លោក​ស៊ូ​ប៊ែ​ឌី គួរតែ​ទៅ​ផ្តល់​អនុស្សាសន៍​ឲ្យ​ប្រទេសរ​បស់​លោក​វិញ​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​គ្មាន​កាតព្វកិច្ច​ណាមួយ​ដែល​ត្រូវ​ទទួល​ជួប​លោក សុរិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា នោះទេ ព្រោះ​ថា​កម្ពុជា ជា​រដ្ឋ​មាន​អធិបតេយ្យ​ពេញលេញ ដែល​មិន​ចាំបាច់​ស្តាប់​ការណែនាំ​ពី​ជនបរទេស​នោះឡើយ​។​
​លោក​ស៊ូ​ប៊ែ​ឌី មិន​អាច​បញ្ជាក់ប្រាប់​VOD​ថា មូលហេតុ​អ្វី​បានជា​លោក​គិតថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​មាន​ឆន្ទៈ​ក្នុង​ការអនុវត្ត​អនុសាសន៍ ដោយ​បង្វែរ​សំណួរ​នេះ​ទៅ​សាកសួរ​លោកនាយក​រដ្ឋមន្ត្រី​៕

No comments:

Post a Comment