អ្នកសង្កេតការណ៍បញ្ហាសង្គម៖ នាយករដ្ឋមន្ត្រី បន្ទន់ឥរិយាបថចំពោះ តំណាងពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺជារឿងចម្លែក
ដោយ៖ ណុប ដារា | ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
អ្នកសង្កេតការណ៍នយោបាយកម្ពុជាយល់ឃើញថា ខុសពីពេលកន្លងមក ដែលរដ្ឋាភិបាលកម្ពុជាមិនបានស្វាគមន៍តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដូចបានទទួលលោក សុរិយា ស៊ូប៊ែឌី យ៉ាងកក់ក្ដៅនៅវិមានសន្តិភាពកាលពីថ្ងៃពុធទី១៥ ខែមករា។ ការទទួល ស្វាគមន៍លោក ស៊ូប៊ែឌី ដោយមានការប្រមូលផ្ដុំពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មកជួបអ្នករាយការណ៍ពិសេសនេះ នៅវិមានសន្តិភាព ដោយមានវត្តមានរបស់លោកនាយរដ្ឋមន្ត្រី ត្រូវបានអ្នកវិភាគ និងអ្នកសងេ្កតការណ៍បញ្ហាសង្កម ចាត់ទុកថាជារឿងចម្លែក និងកម្រកើតមាន ដែលកាលពីមុន ទាំងលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក មិនបានឲ្យតម្លៃ ចំពោះមន្ត្រី អ.ស.ប រូបនោះច្រើនទេ ហើយថែមទាំងដៀលត្មះលើតំណាង អ.ស.ប ទៀតផង។
តើមានហេតុផលអ្វីខ្លះដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរឥរិយាបថដ៏គួរឲ្យចាប់អារម្មណ៍នេះ?
ក្រុមអ្នកសង្កេតការ ដែលជាមន្ត្រីជាន់ខ្ពស់នៃអង្គការសង្គមស៊ីវិល មានមតិខុសៗគ្នាចំពោះការបន្ទន់ឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ។
លោក ចាន់ សុវ៉េត មន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតនៃសមាគមន៍អាដហុក បានមានប្រសាសន៍ថា ការបន្ទន់ឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដោយសារលោកទទួលរងនូវសម្ពាធពីសហគមន៍ជាតិ និងអន្តរជាតិ ព្រោះពេលកន្លងមក រដ្ឋាភិបាលតែងតែប្រព្រឹត្តិនូវការរំលោភបំពារបំពាសិទ្ធិមនុស្សធ្ងន់ធ្ងរពេក ជាហេតុធ្វើឲ្យលោកនាយករដ្ឋមន្ត្រីមិនអាចគេចវេសពីមន្ត្រីតំណាងពិសេសអង្គការសហប្រជាជាតិបាន ដែលដាច់ខាត លោកត្រូវតែចូលរួមចំណែកដើម្បីស្ដាប់ និងទាញហេតុផលពន្យល់អង្គការសហប្រជាជាតិដែរ។
លោក ចាន់ សុវ៉េត បានបន្ថែមទៀតថា បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបន្ទន់ឥរិយាបថទេ វានឹងធ្វើឲ្យស្ថានភាពនយោបាយក្នុងប្រទេសកាន់តែមិនអាប់អួរ ហើយអ្នកដែលទទួលខុសត្រូវចំពោះស្ថានការណ៍នេះ គឺលោកនាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់តែម្ដង។
លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ មានប្រសាសន៍ចំពោះការបន្ទន់ឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថា សម្រាប់លោកគ្មានអ្វីចម្លែកទេ ព្រោះក្នុងស្ថានភាពជាប់គាំងនយោបាយនេះ គឺគណបក្សនីមួយៗត្រូវការអ្នកជួយ។
លោក អំ សំអាត បានបញ្ជាក់បន្ថែមថា ការបន្ទន់ឥរិយាបថជួបតំណាងពិសេសអង្គការសហប្រជាជាតិនេះក៏ជារឿងល្អមួយដែរ ព្រោះមានការជជែកឲ្យយល់គ្នាទៅវិញទៅមក និងមានការផ្ដល់នូវអនុសាសន៍ខ្លះពីតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៅដល់រដ្ឋាភិបាល។
ចំណែកឯលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការបន្ទន់ឥរិយាបថនេះបង្ហាញពីចំណុចវិជ្ជមានមួយចំពោះដំណោះស្រាយនយោបាយនៅកម្ពុជា។
លោក ស៊ូប៊ែឌី បានមានប្រសាសន៍ថា លោក ហ៊ុន សែន “មានឥរិយាបថទទួលយកយោបល់អ្នកដទៃច្រើនជាងមុន នាពេលនេះ” នេះបើតាមការចុះផ្សាយរបស់កាសែតឌឺខេមបូឌា ដេលី នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករានេះ។ កាសែតក៏បានដកស្រង់សម្ដីលោកបន្តទៀតថា “ពួកគាត់ទំនងជាបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតករណីបាញ់ប្រហារនេះ ហើយខ្ញុំបានស្នើឲ្យពួកគាត់អនុវត្តប្រតិបត្តិការស៊ើបអង្កេត ឲ្យបានកាន់តែស៊ីជម្រៅ ដើម្បីឲ្យយើងទទួលបានទំនុកចិត្តខ្ពស់។
ប៉ុន្តែអ្នកសង្កេតការទាំងបីខាងលើនេះ រកឃើញថា អ្វីដែលធ្វើលោក ហ៊ុន សែន បន្ទន់ឥរិយាបថចំពោះតំណាងពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺជារឿងចម្លែកនោះ គឺទំនងមកពីពេលនេះ គណបក្សកាន់អំណាច ត្រូវការភាពស្របច្បាប់របស់ខ្លួនកាន់តែច្រើនថែមទៀត ពីសំណាក់សហគមន៍អន្តរជាតិ ព្រោះសហភាពអឺរុប និងអាមេរិក មិនទាន់ទទួលស្គាល់ ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនជាអ្នកឈ្នះឆ្នោតនោះ គឺមិនមានភាពស្របច្បាប់ឡើយ ខណៈដែលក្រុមប្រឆាំងរកឃើញថា សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាចនេះបានកេងបន្លំពីការបោះឆ្នោត៕
No comments:
Post a Comment