ថ្ងៃទី 10 មករា 2014 | ដោយ: សូផុន / CEN
លោកសេងថានី អគ្គនាយករដ្ឋបាលក្រសួងរៀបចំដែនដីក្នុងកិច្ចប្រជុំពិនិត្យនិងពង្រឹងការអនុវត្តការផ្ដល់សេវាសាធារណៈដល់មន្ត្រី ដនស ៩ខេត្ត ធ្វើនៅបន្ទាយមានជ័យ(រូប:សូផុន)
បន្ទាយមានជ័យ: មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ៩ខេត្តគឺ បន្ទាយមានជ័យ, បាត់ដំបង,ប៉ៃលិន,ពោធិសាត់,សៀមរាប,ឧត្តរមានជ័យ,កំពង់ធំ,ព្រះវិហារនិងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៩ខែមករាបានមកប្រជុំពិភាក្សា និងពង្រឹងការផ្ដល់សេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សេង ថានី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ អញ្ជើញជាអធិបតី និងថ្លែងបើកកិច្ចប្រជុំ ដោយស្នើអោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញខិតខំ បំពេញការងារអោយល្អត្រឹមត្រូវ និងបម្រើសាធារណៈ។
លោក អឿ សុភ័ណ អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ជា ខេត្តម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅសាលាខេត្តបន្ទាយមានជ័យនិងខេត្ត៨ទៀតបានលើកពីលទ្ធផលសង្ខេបរយៈពេល៩ខែនៃឆ្នាំ២០១៣ស្ដីពី ការងារ ផ្ដល់សេវា សាធារណៈ។
លោក បានរំលឹកនិងផ្ដល់ជូនសមាជិកនូវឯកសារជំនួយស្មារតី សម្រាប់ការងារផ្ដល់សេវាសាធារណៈរបស់ក្រសួងនេះ ដូចជា ទី១ សាវតានៃការរៀបចំប្រកាសរួមស្ដីពីផ្ដល់សេវាសាធារណៈនិងការផ្ដល់រង្វាន់លើកទឹកចិត្ត, ២-ឯកសារណែនាំបន្ថែម ដែលត្រូវបានរៀបចំដើម្បីគាំទ្រការអនុវត្តប្រកាសរួមទាំងពីរក្រសួង,៣.ការរៀបចំមន្ត្រីប្រចាំការមានលក្ខណៈជាច្រកចេញ-ចូលតែ១, ៤.ការអនុវត្តស្តង់ដារនៃការផ្ដល់សេវា(ការពិនិត្យនិងវាយតម្លៃគុណភាពប្រចាំឆ្នាំដោយគណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ នឹងត្រូវធ្វើឡើងដោយលើស្តង់ដារទាំង៥នេះ,៥. ការប្រមូល ការបែងចែក និងទូទាត់ប្រាក់ចំនូលពីកម្រៃសេវា, ៦: អភិបាលកិច្ចល្អ ដែលជាស្នួលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣, ៧. សរុបគន្លឹះដែលត្រូវយកចិត្តទុកដាក់ខ្ពស់។
ក៏មានបទអន្តរាគមន៍នានារបស់ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងប្រធាននាយកដ្ឋាន១ចំនួននៃក្រសួង ដែលសំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃសេវាសាធារណៈ។ទោះយ៉ាងណាគេឃើញមានចំនុចខ្វះខាត១ចំនួនត្រូវបានពិភាក្សានិងប្ដេជ្ញា កែលំ ដោះស្រាយ។
លោកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំ កិច្ចពិភាក្សានិង ផ្ដល់ ការណែនាំ១ចំនួន មុននឹងចែកសៀវភៅកម្រងឯកសារស្ដីពីសេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់។
លោក ថានី មានប្រសាសន៍ថា ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីទាំងអស់ ខិតខំបំពេញការងារអោយត្រឹមត្រូវ រលូន រហ័ស និង សម្រេចលទ្ធផល លើការផ្ដល់សេវាសាធារណៈនេះ៕
No comments:
Post a Comment