Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

តំណាង​ កម្មករ​ នៅ​តំបន់​ សេដ្ឋកិច្ច​ ក្រុង​បាវិត​ ជាង​៤០​នាក់​ ត្រូវ​បាន​ បញ្ឈប់​ ពី​ការងារ

តំណាង​ កម្មករ​ នៅ​តំបន់​ សេដ្ឋកិច្ច​ ក្រុង​បាវិត​ ជាង​៤០​នាក់​ ត្រូវ​បាន​ បញ្ឈប់​ ពី​ការងារ

តំណាង​ កម្មករ​រោងចក្រ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយ សេង (Tai Seng) នៅ​ក្រុង​បាវិត ប្រមាណ​ជាង ៤០​នាក់ ត្រូវ​បាន​ ថៅកែ​ រោងចក្រ​ បណ្ដេញ​ចេញ​ ពី​ការងារ ដោយ​លើក​ហេតុផល​ថា កិច្ច​សន្យា​ អស់​សុពលភាព​ ចប់​កុងត្រា។ ចំណែក​ក្រុម​កម្មករ​អះអាង​ថា ក្រុមហ៊ុន​ បាន​បញ្ចប់​ កិច្ច​សន្យា​ការងារ​ របស់​ពួក​គេ​នោះ​ ធ្វើ​ឡើង​ដោយ ​គ្មាន​ហេតុផល​សមស្រប​ឡើយ។
ដោយ ហ៊ុំ ចំរើន / វិទ្យុអាស៊ីសេរី | ០៩ មករា ២០១៤ 
តំណាង​កម្មករ​នៅ​បាវិត ៦១០
តំណាង​កម្មករ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយ សេង (Tai Seng) ដែល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​រោងចក្រ លោក ចាប ចំរើន (អាវ​ខ្មៅ) និង​លោក សឿន សុត ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៤។
RFA/Hum Chamroeun
តំណាង​កម្មករ​ថ្លែង​បញ្ជាក់​ថា ប្រការ​ដែល​ក្រុមហ៊ុន​មិន​បន្ត​កិច្ច​សន្យា​ការងារ ដោយ​ពួក​គេ​ពុំ​មាន​កំហុស​បែប​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​របស់​ខ្លួន ជា​មួយ​ក្រុមហ៊ុន​នៅ​ថ្ងៃ​ក្រោយ​ទៀត។
តំណាង​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយ សេង ម្នាក់ គឺ​លោក សឿន សុត ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៨ មករា ថា កន្លង​មក​ពួក​គេ​ពុំ​ដែល​ធ្វើ​អ្វី​ខុស​ពី​លក្ខខណ្ឌ​ការងារ​នៃ​ច្បាប់​ការងារ​របស់​កម្ពុជា នោះ​ទេ។ ដោយ​គ្រាន់​តែ​ពួក​គេ​តវ៉ា​ទាមទារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​​កែលំអ​លក្ខខណ្ឌ​ការងារ និង​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​តម្លៃ​ទំនិញ​ទីផ្សារ​សព្វថ្ងៃ។ ហើយ​រាល់​ពេល​ធ្វើ​កូដកម្ម​កន្លង​មក គឺ​ជា​ការ​ចូល​រួម​របស់​ក្រុម​កម្មករ​ដោយ​ពុំ​មាន​នរណា​បង្ខិត​បង្ខំ​ពួក​គេ​នោះ​ឡើយ។
លោក សឿន សុត៖ «ខាង​រោងចក្រ​នេះ​ពីព្រោះ​គេ​ធ្វើ​មិន​សម​នឹង​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា យើង ដើម្បី​ប្រឈម​មុខ​ខាង​ច្បាប់។ ប៉ុន្តែ​រោងចក្រ​មួយ​នេះ​គេ​មិន​គោរព​ច្បាប់​ទេ គេ​បំពាន​ច្បាប់ ព្រោះ​ពួក​ខ្ញុំ​នេះ​មិន​ជា​អ្នក​ថា​ចលនា​ចូល​រួម​គណបក្ស​ប្រឆាំង មិន​មែន​ទេ ព្រោះ​ខ្ញុំ​ធ្វើ​នេះ​ធ្វើ​ទាមទារ​នូវ​ចំណុច​ចរចា​ដែល​កម្មករ​គាត់​ចង់​បាន​ជាមួយ​នឹង​ក្រុមហ៊ុន»
ស្រដៀង​គ្នា​នេះ​ដែរ តំណាង​កម្មករ​ម្នាក់​ទៀត គឺ​លោក ចាប ចំរើន ថ្លែង​បញ្ជាក់​ក្នុង​ទឹក​មុខ​ស្រពោន​ថា ក្រុមហ៊ុន​បាន​បញ្ឈប់​ពួក​គេ​ពី​ការងារ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ មករា ឆ្នាំ​២០១៤ រហូត​មក ដែល​ជា​ថ្ងៃ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​កម្មករ។ លោក​ថ្លែង​បន្ត​ដោយ​ចាត់​សកម្មភាព​របស់​ក្រុមហ៊ុន ថា​ជា​សកម្មភាព​មួយ​ក្នុង​ន័យ​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព និង​ដាក់​សម្ពាធ​មក​លើ​ក្រុម​កម្មករ ដើម្បី​មិន​ឲ្យ​ពួក​គេ​ងើប​តវ៉ា​នៅ​ពេល​ក្រោយ​ទៀត៖ «ទៅ​ដល់​ថ្ងៃ​ធម្មតា​ចូល​ធ្វើ​ការ គេ​អត់​ឲ្យ​យើង​ចូល​ធ្វើ​ការ គេ​បញ្ឈប់​យើង​តែ​ម្ដង តំណាងៗ។ មាន​ដឹង​ថា​មូលហេតុ​បាន​ជា​ឈាន​ចូល​ដល់​ការ​បញ្ចប់​នេះ? ប្រហែល​ជា​គេ​រើសអើង​សហជីព ព្រោះ​ខ្ញុំ​ធ្វើ​ការ​ហ្នឹង​តំណាង​កម្មករ​ហ្នឹង ខ្ញុំ​មិន​ដែល​ប្រឆាំង​ទៅ​កម្មករ​ទេ ខ្ញុំ​តែង​តែ​ធ្វើ​តាម​សំណើ​របស់​កម្មករ ឡើង​ទៅ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ហើយ​អ៊ីចឹង​ក្រុមហ៊ុន​ប្រហែល​ជា​ធុញ​ទ្រាន់​នឹង​ពួក​ខ្ញុំ​ពេក»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​បាន​បណ្ដេញ​តំណាង​កម្មករ​ចេញ​ពី​ការងារ​នោះ​ទេ។ ប៉ុន្តែ គ្រាន់​តែ​ក្រុមហ៊ុន​បាន​បញ្ចប់​កិច្ច​សន្យា​ដោយ​មិន​បន្ត​ឲ្យ​កម្មករ​ណា​ដែល​ការងារ​របស់​ខ្លួន​ពុំ​មាន​ការ​រីក​ចម្រើន៖ «អ៊ីចឹង​កិច្ច​សន្យា​ថេរវេលា​កំណត់​នេះ​នៅ​ពេល​កាល​ណា​វា​ដល់​កាល​កំណត់ ពេល​ណា​ដែល​ថៅកែ​គាត់​យល់​ថា​បុគ្គលិក ឬ​ក៏​កម្មករ​របស់​ខ្លួន​ហ្នឹង​ធ្វើ​ការ​មិន​មាន​ការ​រីក​ចម្រើន​សម្រាប់​ក្រុមហ៊ុន អ៊ីចឹង​ទេ​គាត់​ហ្នឹង​ត្រូវ​បញ្ចប់​កិច្ច​សន្យា​ការងារ​ហើយ។ អ៊ីចឹង​ក្នុង ៤១​នាក់​នេះ ឥឡូវ​នេះ​មាន ៣៣​នាក់​ដែល​គាត់​បាន​ព្រម​ទទួល​យក​ហើយ»
មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន បញ្ជាក់​ថា ការ​បញ្ចប់​កិច្ច​សន្យា​របស់​កម្មករ​អាច​ធ្វើ​ទៅ​បាន លុះត្រា​តែ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​កំហុស​ការងារ​របស់​កម្មករ​ច្បាស់​លាស់។ ប៉ុន្តែ លោក នុត ប៊ូពិណារ័ត្ន បាន​ថ្លែង​បញ្ជាក់​ដោយ​ចាត់​ទុក​ការ​បញ្ឈប់​តំណាង​កម្មករ​ព្រម​គ្នា​ច្រើន​រហូត​ដល់​ជាង ៤០​នាក់​នេះ ថា​ជា​សកម្មភាព​រារាំង​កម្មករ​មិន​ឲ្យ​ងើប​តវ៉ា​ជា​មួយ​ក្រុមហ៊ុន៖ «គឺ​យើង​គិត​ថា​ធ្វើ​ដែល​គេ​បញ្ចប់​នេះ គឺ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ គឺ​គ្មាន​ហេតុផល។ ដែល​យើង​អាច​និយាយ​បាន​ថា មាន​ការ​គំនុំគំកួន​ទៅ​លើ​កម្មករ ដែល​អាច​ថា​ជា​អ្នក​បះបោរ​ញុះញង់​ឲ្យ​ធ្វើ​បាតុកម្ម​កន្លង​មក​ហ្នឹង។ អ៊ីចឹង​បើ​ផ្អែក​ទៅ​លើ​ច្បាប់​ការងារ ក៏​មិន​អាច​មាន​លក្ខខណ្ឌ​ណា​ទៅ​បញ្ចប់​គាត់​ដោយ​អ៊ីចឹង​បាន​ដែរ អត់​ទេ»
តែ​យ៉ាង​ណា ក្រុម​កម្មករ​បញ្ជាក់​ថា ពួក​គេ​នឹង​ប្រឆាំង​តវ៉ា​ជា​មួយ​ក្រុមហ៊ុន ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឡើង​វិញ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​រឹងរូស​ពុំ​ព្រម​ដោះស្រាយ​ទេ​នោះ ពួក​គេ​នឹង​មិន​បញ្ឈប់​ការ​ទាមទារ​របស់​ខ្លួន​ឡើយ៕


No comments:

Post a Comment