Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

ភស្តុតាង​​ នៃ​​ភាព​មិន​ប្រក្រតី​ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ខេត្ត​២​ ត្រូវ​បញ្ជូន​ ទៅ​ក្រសួង​មហាផ្ទៃ

ភស្តុតាង​​ នៃ​​ភាព​មិន​ប្រក្រតី​ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ខេត្ត​២​ ត្រូវ​បញ្ជូន​ ទៅ​ក្រសួង​មហាផ្ទៃ

គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ទាមទារ​ ឲ្យ​ បោះ​ឆ្នោត​ ឡើង​វិញ ព្រោះ​តែ​ គណបក្ស​នោះ​ អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ចុង​ក្រោយ​ ឆ្នាំ​២០១២ ដែល​នាំ​ឲ្យ​ មនុស្ស​ច្រើន​ម៉ឺន​នាក់​ មិន​បាន​បោះ​ឆ្នោត ដោយសារ​បញ្ហា​ទិន្នន័យ និង​បញ្ហា​ទឹក​ថ្នាំ​ ជ្រលក់​ដៃ​ លាង​ឆាប់​ជ្រះ​ ជាដើម។
ដោយ អ៊ុក សាវបូរី / វិទ្យុអាស៊ីសេរី | ០៩ មករា​ ២០១៤
ដោយ​យល់​ឃើញ​ថា បរិយាកាស​សង្គម​ត្រូវ​ការ​អនុសាសន៍​សម្រាប់​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នោះ បាន​ធ្វើ​ឲ្យ​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា ចុះ​សិក្សា​ពី​មូលហេតុ​នៃ​ភាព​មិន​ប្រក្រតី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចេញ​ដោយ គ.ជ.ប ឆ្នាំ​២០១២ ដែល​ប្រើប្រាស់​នៅ​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៣។ ការ​ចុះ​សិក្សា​គឺ​ធ្វើ​នៅ​ក្នុង​ខេត្ត​២ គឺ​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។ ការ​សិក្សា​នោះ ដើម្បី​ផ្ទល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​នានា សម្រាប់​យក​ជា​គោល​នៃ​ប្រធានបទ​សិក្ខា​សាលា​ថ្នាក់​ជាតិ​លើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។
សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា បញ្ជូន​ភស្តុតាង​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ​ថ្លាត ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ឃុំ​ត្បែង២ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ជំនួយ​ដល់​សិក្ខាសាលា​ថ្នាក់​ជាតិ​លើ​ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។
ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា​ លោក រស់ សារ៉ុម ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៤ ថា ផល​អវិជ្ជមាន​ទាក់ទង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បាន​ធ្វើ​ឲ្យ​សមាគម​នេះ​ចុះ​សិក្សា​នៅ​ឃុំ​២ គឺ ឃុំ​ថ្លាត ខេត្ត​ឧត្តរមានជ័យ ដែល​មាន​មេ​ឃុំ ជា​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា និង​ឃុំ​ត្បែង២ ខេត្ត​ព្រះវិហារ មេ​ឃុំ​ជា​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស សម រង្ស៊ី។
លោក​ថា អាជ្ញាធរ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង គឺ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មិន​សូវ​ប៉ោង​ចំនួន​ឈ្មោះ​ទេ។ ប៉ុន្តែ​ឃុំ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជី​ឈ្មោះ​ប៉ោង​ចំនួន​ច្រើន ទាំង​ឈ្មោះ​ស្ទួន ឈ្មោះ​អ្នក​ស្លាប់ និង​ឈ្មោះ​យោធា៖ «ប៉ុន្តែ​ជាក់ស្ដែង​យើង​ចុះ​ទៅ យើង​ឃើញ​ថា​វា​ប៉ោង ហើយ​ប៉ោង​នឹង​គឺ​នៅ​ក្នុង​ឃុំ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​នឹង​វា​ប៉ោង​ខ្លាំង​ជាង​ឃុំ​ដែល​គណបក្ស​ប្រឆាំង​គ្រប់គ្រង។ ការ​ប៉ោង​នេះ​មាន ២​ចំណុច។ ចំណុច​ទី​១ គឺ​ឈ្មោះ​វា​បាន​បន្សល់​ទុក​ពី​ឆ្នាំ​១៩៩៣ មក​ហ្នឹង វា​សល់​ទុក​ខ្លះ។ ទី​២ បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​របស់ គ.ជ.ប វា​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ពីព្រោះ​ខាង​ខ្ញុំ​បាន​សួរ​ទៅ​ខាង​មេ​ឃុំ​លោក​ថា ឈ្មោះ​ស្ទួន មាន​ឈ្មោះ​អត់​មនុស្ស​ហ្នឹង គាត់​រាយការណ៍​មក គ.ជ.ប ហើយ ប៉ុន្តែ​ជា​លទ្ធផល​នៅ​ពេល​ដែល​បញ្ជី​ហ្នឹង​ចុះ​ទៅ​វិញ វា​នៅ​ដដែល វា​អត់​មាន​អី​កែ។ អ៊ីចឹង​យើង​គិត​ថា ជា​បច្ចេកទេស​របស់ គ.ជ.ប ខ្លាំង​ជាង»
របាយការណ៍​លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​បោះ​ឆ្នោត​របស់​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ នាយកដ្ឋាន​កិច្ចការ​នយោបាយ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​មុន។ សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា បាន​យក​ឃុំ​គំរូ​ចំនួន​២​គឺ៖ ១. ឃុំ​ថ្លាត ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មាន ៦​ការិយាល័យ​បោះ​ឆ្នោត ដែល​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ២០១២ របស់ គ.ជ.ប មាន ២.១៨៩​នាក់។ អ្នក​បាន​ទៅ​បោះ​ឆ្នោត​មាន ១.៦២៥​នាក់។ ក្នុង​នោះ​ឈ្មោះ​ស្ទួន ១៧​នាក់ ឈ្មោះ​ខ្មោច ៤៣​នាក់ ឈ្មោះ​ចំណាក​ស្រុក ៩០​នាក់។ ផ្លាស់​លំនៅ​មិន​លុប​ឈ្មោះ ៨៤​នាក់។ អ្នក​ស្លាប់​មិន​ទាន់​លុប​ឈ្មោះ ១៨​នាក់។ ឈ្មោះ​យោធា​ប្តូរ​បន្ទាយ​មិន​ទាន់​លុប​ឈ្មោះ ៩​នាក់។ អ្នក​អត់​មាន​កាត​សំគាល់​ខ្លួន ១៥​នាក់។ ឈ្មោះ​ខុស​ពី​កាត​សំគាល់​ខ្លួន ​ ៤​នាក់។ អ្នក​រស់​នៅ​ភូមិ​ផ្សេង ៦​នាក់។ ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ឈ្មោះ​តែ​គ្មាន​មនុស្ស​ ចំនួន ២៦១​នាក់។ មាន​មនុស្ស​តែ​ខុស​ទិន្នន័យ​ចំនួន ១០៥​នាក់។
២. ឃុំ​ត្បែង​២ ស្រុក​គូលែន ខេត្ត​ព្រះវិហារ មាន ៤​ការិយាល័យ​បោះ​ឆ្នោត ដែល​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី។
ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ មាន ១.៨៩៣នាក់ អ្នក​បាន​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ មាន ១.៥២២​នាក់។ ក្នុង​នោះ​ឈ្មោះ​ស្ទួន ៤​នាក់ ឈ្មោះ​ខ្មោច ៣​នាក់ ចំណាក​ស្រុក​ទៅ​ថៃ មិន​ត្រឡប់ ៥​នាក់ ផ្លាស់​លំនៅ​មិន​លុប​ឈ្មោះ ២​នាក់ ស្លាប់​មិន​លុប​ឈ្មោះ ២៤នាក់ យោធា​ប្តូរ​បន្ទាយ​មិន​លុប​ឈ្មោះ ១​នាក់។ ឈ្មោះ​ខុស​កាត​សំគាត់​ខ្លួន ១៧​នាក់។ អត់​មាន​កាត​សំគាល់​ខ្លួន ៨២​នាក់។ ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ឈ្មោះ​តែ​អត់​មាន​មនុស្ស​ ៣៩​នាក់ មាន​មនុស្ស​តែ​ខុស​ទិន្នន័យ ៩៩​នាក់។
ពាក់ព័ន្ធ​បញ្ហា​នេះ មេ​ឃុំ​ត្បែង២ លោក ប៉ោយ ទុំ ថ្លែង​ថា អាជ្ញាធរ​បាន​ធ្វើ​ការ​ជាមួយ​ស្មៀន​ក្នុង​ការ​លុប​ឈ្មោះ​អ្នក​ស្លាប់ និង​ឈ្មោះ​ស្ទួន​ពី​បញ្ជី​ដើម្បី​សុក្រិតភាព​នៃ​បញ្ជី​បច្ចុប្បន្នភាព៖ «គ្រាន់​តែ​យើង​ចុះ​ឈ្មោះ​បិទ​បញ្ជី​ចុង​ក្រោយ​ហើយ​ បាន​ឈ្មោះ​ខ្មោច​នោះ​ស្លាប់ ហើយ​មាន​មុន អ្នក​ស្លាប់​មក​ពី​បង​ប្អូន​អត់​បាន​មក​លុប យើង​អត់​បាន​លុប នៅ​សល់​ប្រហែល ២ ទៅ ៣​នាក់​ទេ​ក្នុង​មួយ​ឃុំ»
ចំណែក​អាជ្ញាធរ​ឃុំ​ថ្លាត ដែល​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ទេព ប៉ូច អះអាង​ថា លោក​បាន​លុប​ឈ្មោះ​ស្ទួន ឈ្មោះ​ខ្មោច ឈ្មោះ​យោធា ប្តូរ​មូលដ្ឋាន​ហើយ ប៉ុន្តែ​បញ្ជី​បញ្ជូន​ពី គ.ជ.ប មក គឺ​នៅ​ដដែល៖ «ទិន្នន័យ​ប្រជាជន​ក្នុង​ការ​បោះ​ឆ្នោត គឺ​នៅ​ក្នុង​ឃុំ​ខ្ញុំ មិន​មាន​ប៉ោង​អី​ច្រើន​ទេ»
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែង​ថា គ.ជ.ប មិន​ហ៊ាន​ឲ្យ​តម្លៃ​របាយការណ៍​របស់​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា ថា​ត្រឹមត្រូវ​ឬ​អត់​នោះ​ទេ តែ គ.ជ.ប សូម​ថ្លែង​អំណរគុណ​ដល់​សមាគម​នោះ ដែល​បាន​ខិតខំ​ស្រាវជ្រាវ​អំពី​សុចរិត​ភាព​នៃ​បញ្ជី​បោះ​ឆ្នោត៕

No comments:

Post a Comment