Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ

ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ នៅ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ​កាល​ពី​ព្រឹក​ថ្ងៃ​ ទី​២៥ កញ្ញា ឆ្នាំ​២០១៣។

លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា, លោក​ នឹង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ប្រកប​ ដោយ​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​អាណត្តិ ​ទី​៥​នេះ។  ការ​ប្រកាស​នេះ ធ្វើ​ឡើង​ នៅ​ចំពោះ​មុខ​ មេ​ដឹក​នាំ​ វៀតណាម លោក ង្វៀន តាំងយ៉ុង (Nguyen Tan Dung) នៅ​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​មករា ក្នុង​ពិធី​បើក​ការដ្ឋាន​ សាងសង់​ ស្ពាន​មិត្តភាព​ កម្ពុជា​-វៀតណាម នៅ​ច្រក​ព្រំដែន ​ជ្រៃធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល។

RFA | 14 Jan. 2014

បើ ​ទោះ​បី​ ជា​ចាញ់​ឆ្នោត​ នៅ​មណ្ឌល ​ខេត្ត​កណ្ដាលក្តី ​ក៏លោក ហ៊ុន សែន បាន​ថ្លែង​ អរគុណ​ ចំពោះ ​ពលរដ្ឋ​ ដែល​បោះ​ឆ្នោត​ ឲ្យ​រូប​លោក និង​ថា, លោក​ មិន​មែន​ ជា​នាយក​រដ្ឋមន្ត្រី ​ផ្តាច់​មុខ​ របស់​ សមាជិក​បក្ស ​ប្រជាជន​ កម្ពុជា ឡើយ។  ប៉ុន្តែ រូប​លោក​ ជា​នាយក​រដ្ឋមន្ត្រី​ ស្រប​ច្បាប់ ​របស់​ ប្រទេស​កម្ពុជា តែ​ម្តង។  ការ​ថ្លែង​បែប​នេះ ជា​ការ​ឆ្លើយ​តប ​ទៅ​កាន់​មេ​ដឹក​នាំ ​គណបក្ស​ប្រឆាំង និង​ក្រុម​ពលរដ្ឋ​ ដែល​ធ្វើ​បាតុកម្ម ​ទាមទារ​ ឲ្យ​រូប​លោក​ ចុះ​ចេញ​ ពី​តំណែង កាល​ពី​ពេល​កន្លង​ទៅ។


លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា រូប​លោក​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​សភា​ទុក​ចិត្ត និង​មាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា ឲ្យ​ដឹក​នាំ​រដ្ឋាភិបាល។ ដូច​នេះ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ៖ «ខ្ញុំ ​ព្រះករុណា​ខ្ញុំ​នឹង​ធ្វើ​ការងារ​នេះ​ដោយ​ការ​ទទួល​ខុស​ត្រូវ មិន​មែន​គ្រាន់​តែ​ជា​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា ស្អី​ចុះ​ចេញ​ទៅ​អើយ​ស្អី? ឡើងៗ​តាម​រដ្ឋធម្មនុញ្ញ ចុះ​ចុះ​តាម​រដ្ឋធម្មនុញ្ញ ទាល់​តែ​យូរ​បាន​ចុះ!»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​សិក្សា​បញ្ហា​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​នា​ពេល​កន្លង​ទៅ បង្ហាញ​ថា មេ​ដឹក​នាំ​ប្រទេស​កម្ពុជា ទទួល​យក​តែ​ចំណុច​ដែល​ខ្លួន​ធ្វើ​ត្រឹមត្រូវ​ប៉ុណ្ណោះ។ រីឯ​ចំណុច​អវិជ្ជមាន​វិញ លោក ហ៊ុន សែន មិន​ធ្លាប់​បាន​ទទួល​យក និង​ប្រកាស​ប្រាប់​ពលរដ្ឋ​ឡើយ។ លោក​បញ្ជាក់​ថា មាន​តែ​ការ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ប៉ុណ្ណោះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ។ តែ​បើ​សិន​ជា​ថ្នាក់​ដឹក​នាំ​ប្រទេស​សម្រេច​ចិត្ត​នយោបាយ​ខុស ហើយ​នាំ​ទុក្ខ​ដល់​ពលរដ្ឋ ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ មេ​ដឹក​នាំ​នោះ​គួរ​តែ​ចុះ​ចេញ​ពី​តំណែង ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ៖ «កិច្ចការ​អ្វី​មួយ​មិន​មាន​ តម្លាភាព មិន​មាន​គណនេយ្យ​ភាព ហើយ​មិន​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​មាន​កំហុស​ច្រើន​លើសលប់ គេ​សុខ​ចិត្ត​លាលែង​តំណែង និង​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។ ហើយ​នៅ​ស្រុក​ខ្មែរ មិន​ធ្លាប់​មាន​អ្នក​ធំ​ចុះ​ចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង​ពេល​ធ្វើ​ខុស​នោះ​ ទេ។»

កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​តែង​ច្រាន​ចោល​នូវ​របាយការណ៍​អន្តរជាតិ​មួយ​ចំនួន ដែល​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល។ កាល​ពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ហ្គូបប៊ល វីណេស (Global witness) ដែល​និយាយ​ពី​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​វៀតណាម បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ក៏​បាន​ច្រាន​ចោល​របាយការណ៍​របស់​បន្ទប់​ស្ថានការណ៍​ពេល​បោះ​ឆ្នោត ដែល​សិក្សា​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ រដ្ឋាភិបាល​បែរ​ជា​ចងក្រង​របាយការណ៍​ថ្មី​មួយ ដើម្បី​វាយ​បក​ស្ថាប័ន​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ថា ចូល​ដៃ​ជើង​ជាមួយ​បក្ស​ប្រឆាំង​ទៀត​ផង។ នៅ​ចុង​ឆ្នាំ​២០១៣ មន្ត្រី​រដ្ឋាភិបាល ក៏​បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​និយាយ​ពី​ស្ថានភាព​ពុក​រលួយ​លើ​សកលលោក​ថា ជា​របាយការណ៍​មិន​អាច​គួរ​ជា​ទី​ទុក​ចិត្ត។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ។ ប៉ុន្តែ​រដ្ឋាភិបាល​ទើប​តែ​ប្ដឹង​មេ​បក្ស​ប្រឆាំង​ឡើង​តុលាការ ទើប​តែ​បំបែក​ការ​ជួប​ជុំ និង​ទន្ទ្រាន​កាន់​កាប់​ប្រជាធិបតេយ្យ​ថែម​ទៀត៕






No comments:

Post a Comment