អង្គការ អន្តរជាតិ ជំរុញ ឲ្យរដ្ឋាភិបាល ចាប់អ្នកបាញ់ មនុស្សស្លាប់ នៅវ៉េងស្រេង
ដោយ តាំង សារ៉ាដា / វិទ្យុអាស៊ីសេរី | ០៩ មករា ២០១៤
សហគមន៍អន្តរជាតិទាមទារឲ្យរដ្ឋាភិបាលរាជធានីភ្នំពេញ ទទួលខុសត្រូវខ្ពស់ចំពោះការសម្លាប់កម្មករចំនួនបួននាក់ និងរបួសជាង ៤០នាក់ លើផ្លូវវ៉េងស្រេង ដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ ក្រុមនេះក៏បានជំរុញឲ្យសមត្ថកិច្ចដោះលែងមនុស្ស ២៣នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបរបស់កងកម្លាំងរដ្ឋាភិបាល កាលពីដើមខែមករា ដោយក្រុមទាហានឆត្រយោងនៃកងពលលេខ ៩១១ ក្នុងសង្កាត់កំបូល រាជធានីភ្នំពេញ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប៊្រែដ អាដាម (Brad Adams) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា នាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់កម្មករចំនួន ៤នាក់ កាលពីដើមខែមករា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយទាមទារឲ្យដោះលែងមនុស្សចំនួន ២៣នាក់ ដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាម ឲ្យមានសេរីភាពឡើងវិញ។
ក្នុងចំណោមមនុស្សទាំង ២៣នាក់ ដែលកំពុងឃុំឃាំងនៅក្នុងគុកត្រពាំងផ្លុង មានអ្នកការពារសិទិ្ធមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក។ មនុស្សចំនួន ៨នាក់ក្នុងចំណោម ២៣នាក់ រួមទាំងអនីតិជនដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅមណ្ឌលកែប្រែ ម៣ ឬហៅថាគុកត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ជាប់ទល់ដែនវៀតណាមនោះ កំពុងមានសុខភាពទន់ខ្សោយ ស្លេកស្លាំងយ៉ាងទ្រុឌទ្រោម។ អាជ្ញាធរទើបតែអនុញ្ញាតឲ្យគ្រួសាររបស់ពួកគេចូលសួរសុខទុក្ខបន្ទាប់ពីបានឃុំខ្លួនជិតមួយអាទិត្យមកហើយនោះ។
No comments:
Post a Comment