Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

កងរាជអាវុធហត្ថ ប្តេជ្ញា ការពារ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល

ថ្ងៃទី 23 មករា 2014 | ដោយ: ពលទោ / CEN
លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ 
ក្នុងឱកាស​ ប្រជុំ​បូកសរុប​ ល​ទ្ឋ​ផល​ការងារ ឆ្នាំ​២០១៣ និង​ទិសដៅ ​កម្មវិធី​ការងារ​ ឆ្នាំ​២០១៤

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ បាន​សំដែង​នូវ​ការប្តេជ្ញាចិត្តដាច់ខាត ក្នុងការ​ការពារ​រដ្ឋ​ធម្មនុញ្ញ និង​រាជរដ្ឋាភិបាល ក្នុង​គ្រប់​កាលទេសៈ ដោយ​មិន​បណ្តែតបណ្តោយ ឱ្យ កម្លាំង​ណាមួយ ធ្វើការ​ប្រទូស្ត​រាយ បំផ្លិចបំផ្លាញ​បានឡើយ​។​​

ការបង្ហាញ​ពី​ឆន្ទៈ​តស៊ូ ក្នុង​កិច្ចការពារ​ស្ថាប័ន​កំពូល​បែបនេះ ត្រូវបាន​ធ្វើឡើង ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក្នុងឱកាស​ប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ ឆ្នាំ​២០១៣ និង​ទិសដៅ​កម្មវិធី​ការងារ​ឆ្នាំ​២០១៤ ដែល​បាន​ប្រារព្ធ​ឡើង កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រតិកម្ម​ទៅនឹង សភាពការណ៍​ចុងក្រោយ ដែល​រីក​រាលដាល ដល់​ការទាមទារ ឱ្យ​នាយករដ្ឋ មន្ត្រី​ស្របច្បាប់ ចុះ​ចេញពី​តំណែង​។ សកម្មភាព​ការប្រមូលផ្តុំ មុខសញ្ញា​ទាមទារ​ជាច្រើន ដោយ​ធ្វើបាតុកម្ម​បិទផ្លូវ និង​មាន​អ្នក​ទី​បី លូកដៃ​ចូល​បង្ក​ជា​អំពើ​ហិង្សា បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​បាត់បង់​អាយុជីវិត​មនុស្ស​ថែមទៀត​។ ម្យ៉ាងទៀត មាន​ក្រុម​ចលនា​និយម​ជ្រុល បានរៀបចំ​ជា​កម្លាំង​ញុះញង់ ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល ជាពិសេស​ក្រុម​ចលនា​អំណាច​ប្រជាពលរដ្ឋ ដឹកនាំ​ដោយ សួន សេរី​រដ្ឋា និង​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ ដឹកនាំ​ដោយ សម សេរី​។​
​    ​
​ភ្ជាប់​ជាមួយ​លទ្ធផល​សកម្មភាព​ប្រតិបត្តិ តួនាទី ភារកិច្ច ការងារ ក្នុង​ឆ្នាំ​២០១៣ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  បានបង្ហាញ​ពីរ​បាយ​ការ​ណ៏ ស្តីពី​ការងារ​បង្ការ ក្នុងការ​ចូលរួម​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្តាប់ធ្នាប់ របៀប រៀបរយ​សង្គម​។ ជាល​ទ្ឋ​ផល​ស្រាវជ្រាវ បង្ក្រាប​បទល្មើស ៨៤០ លើក ឃាត់ខ្លួន​ជនសង្ស័យ ១.៧៣០ នាក់ បញ្ជូនទៅ​តុលាការ ១.៥០៤ នាក់​។ ទទួល​ពាក្យបណ្តឹង​ចំនួន​៧៨០ ចាត់ការ​រួច​ចំនួន ៦៣១ បណ្តឹង​។ ទទួល​ដីកា​ចំនួន ៧.៨៧៨ អនុវត្ត​រួច ៦.០១១ ដីកា​។ ការងារ​សង្គ្រោះ គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១.៤៨២ លើក អគ្គិភ័យ ៣៣៨ លើក គ្រោះធម្មជាតិ ៤៤៦ លើក​។ ជួយសង្គ្រោះ​ករណី​ផ្សេងៗ​ទៀត បាន​ចំនួន ១.៥៣៧ លើក ជួយ​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ចំនួន ២.៣៣៧ នាក់ ដឹកជញ្ជូន​សាកសពទៅកាន់​លំនៅដ្ឋាន ៣០ សាកសព និង​ដឹក​ទៅកាន់​វត្ត ២៣ សាកសព​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម ក្នុង​កិច្ច​ប្រតិបត្តិ​តួនាទី បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស ដែល​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​បំភ្លៃ​ពី​ការពិត​។​
​    ​
​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ និង​លើក​ទិសដៅ​កម្មវិធី​ការងារ​ឆ្នាំ​២០១៤ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ រយៈពេល​ឆ្នាំ​២០១៣ កន្លង ទៅ ដែល​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គ្រប់ផ្នែក​គ្រប់​ថ្នាក់ សម្រេចបាន​ដោយ​ជោគ ជ័យ ដោយ​ផ្តោតជាសំខាន់ ក្នុង​បេសកកម្ម​ការពារ រក្សា​សណ្តាប់ធ្នាប់​សង្គម ធានាបាន​នូវ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទូទាំងប្រទេស​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​ថ្កោលទោស ដល់​រាល់​សកម្មភាព​ទាំងឡាយណា ដែល​បាន និង​កំពុង​ធ្វើឡើង ក្នុង​គោលបំណង​បំផ្លាញ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​ការបណ្តេញ​ឱ្យ​ចុះចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ស្របច្បាប់​៕


No comments:

Post a Comment