អ្នកភូមិបឹងកក់ ពីរក្រុម ប៉ះទង្គិច ពាក្យសំដីគ្នា ពេលអាជ្ញាធរ ចុះវាស់វែងដីធ្លី
ដោយ៖ ពៅ មេត្ដា / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
ប្រជាសហគមន៍បឹងកក់ពីរក្រុមប៉ះពាក្យសំដីគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅពេលអាជ្ញាធររាជធានីភ្នំពេញចុះទៅវាស់វែងដី ធ្វើប័ណ្ណកម្មសិទ្ធិដោយសារមានការចោទប្រកាន់ថា ការវាស់វែងនោះមិនមានតម្លាភាព ឬប្រកាន់បក្ខពួក។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អភិបាលរងរាជធានីភ្នំពេញលោក ឃួង ស្រេង បានដឹកនាំមន្ត្រីទៅវាស់វែងដីក្នុងភូមិ២២ក្នុងតំបន់បឹងកក់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥គ្រួសារតាមគោលការណ៍ដែលផ្តល់ឲ្យក្នុងទំហំដី៤គុណ១៨ម៉ែត្រ។
តែពេលវាស់វែងនោះ ត្រូវប្រជាសហគមន៍បឹងកក់មួយក្រុមទៀត ដែលដឹកនាំដោយអ្នកស្រី ទេព វន្នី ចេញមុខជំនាស់ក្រោមហេតុផលថា សាលារាជធានីភ្នំពេញធ្វើការមិនច្បាស់លាស់អាចមានការបន្លំឈ្មោះ ហើយម្យ៉ាងទៀតការវាស់វែងនោះលម្អៀង គឺវាស់ឲ្យតែអ្នកដែលមិនបានចេញមុខតវ៉ា។
ចំណែកប្រជាសហគមន៍ដែលទទួលបានដីនៅខាងក្រុមអ្នកស្រី លីមុំ អះអាងថា ពួកគាត់ជាម្ចាស់ដីត្រូវទទួលបានដីចំណែកនៅទីនោះ បើទោះបានចូលរួមតវ៉ាតិចច្រើនក៏ដោយ។
អភិបាលរងរាជធានីភ្នំពេញលោក ឃួង ស្រេង ថ្លែងថា ការចុះវាស់វែងនោះ មិនមានប្រកាន់បក្ខពួកទេ គឺដោះស្រាយជំហានតែប៉ុណ្ណោះ។ លោក បញ្ជាក់ថា សាលារាជធានី នឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅទំបន់នោះឲ្យបានទាំងអស់គ្នា តែត្រូវការពេលធ្វើតាមដំណាក់កាល។
ប្រជាសហគមន៍ដែលចេញមុខតវ៉ានោះ អះអាងថា កន្លងសាលារាជធានីភ្នំពេញ ធ្លាប់បន្លំឈ្មោះ បន្លំឯកសារយកដីពួកគាត់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ហើយការសន្យាមួយចំនួនកន្លងមក អាជ្ញាធរមិនបានធ្វើតាមទើបពួកគាត់មិនសុខចិត្ត។ ដីប្រជាសហគមន៍បឹងកក់ មានជម្លោះតាំង២០០៧មក ដែលអូសបន្លាយ៧ឆ្នាំមកហើយ តែមិនទាន់ដោះស្រាយចប់ទេ៕
No comments:
Post a Comment