Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

សាលា​រាជធានី​ ភ្នំពេញ បដិសេធ​​ សំណើ​ សុំ​ធ្វើ​បាតុកម្ម​​ របស់​ សហជីព និង​សមាគម​ចំនួន​៩​

សាលា​រាជធានី​ ភ្នំពេញ បដិសេធ​​ សំណើ​ សុំ​ធ្វើ​បាតុកម្ម​​ របស់​ សហជីព និង​សមាគម​ចំនួន​៩​


ដោយ៖​ ជន ស្រីណុច​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សហជីព និង​សមាគម​ចំនួន​៩  ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ និង​ដោះលែង​ជន​ជាប់​ឃុំ ២៣​នាក់ នៅ​ចុង​សប្តាហ៍​នេះ​ទេ ដោយ​រង់ចាំ​ឲ្យ​ស្ថានភាព​ប្រទេស​ជាតិ​ស្ងប់ស្ងាត់ ឬ​វិល​ដូចដើម​វិញ​សិន​។​
​ការឆ្លើយតប​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​សហជីព​មួយ​ចំនួន នា​ព្រឹក​ថ្ងៃទី​២៣​ខែ​មករា​។ កាលពី​ថ្ងៃ​អង្គារ​ទី​២១ សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៩ ដែល​ធ្វើការ​ជាមួយ​កម្មករ​ជា​ច្រើន​វិស័យ បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ទៅ​សាលា​រាជ​ធានី​​ភ្នំពេញ ពី​គម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​
​អ្នកនាំពាក្យ​សាលា​រាជ​ធី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សហជីព​ធ្វើ​បាតុកម្ម ឬ​ហែ​ក្បួន​នោះទេ ដោយសារតែ​ប្រទេស​ជាតិ​បច្ចុប្បន្ន​នៅ​មិនទាន់​មាន​ភាពស្ងប់ស្ងាត់​នៅឡើយ​។ លោក​បន្តថា ដោយសារ​តែ​សហជីព​ទាំងនោះ នៅ​តែ​ទទូច​ធ្វើបាតុកម្ម សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ អំពី​សំណើ​ធ្វើ​បាតុកម្ម​នេះ ។
​សង្គម​​ស៊ីវិល និង​កម្មករ ដែល​គ្រោង​ធ្វើបាតុកម្ម​នោះ បញ្ជាក់ថា ខ្លួន​នឹង​ដើរ​ដង្ហែ​ពី​ទីលាន​ប្រជាធិបតេយ្យ យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ក្រសួង​មហា​ផ្ទៃ ក្រសួង​យុត្តិធម៌ ជាដើម ។​
ក្នុង​អំ​ទ្បុង​បេសកកម្ម​លើក​ទី​១០​របស់​ខ្លួន​នៅ​កម្ពុជា នៅ​ខែ​មករា​នេះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ដកចេញ​បម្រាម​ការធ្វើ​បាតុកម្ម ឬ​ជួបប្រជុំ ដែល​ត្រូវបាន​ដាក់ចេញ ក្រោយពី​មាន​ហិង្សា​រវាង​អ្នក​តវ៉ា​ជាមួយ​សមត្ថកិច្ច នៅតាម​ផ្លូវ​វ៉េងស្រេង​។ លោក​បញ្ជាក់ថា បម្រាម​នេះ គឺ​ផ្ទុយ​នឹង​មាត្រា​៤​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​៕


No comments:

Post a Comment