អ្នកវិនិយោគ៖ នយោបាយ ជាប់គាំង រំខាន ដល់ ការធ្វើពាណិជ្ជកម្ម នៅកម្ពុជា
កត្តានយោបាយជាបញ្ហាមួយដែលអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស រារែកក្នុងការបណ្ដាក់ទុនបន្ថែម ឬបង្កើតអាជីវកម្មថ្មី។ ទោះបីជាកត្តាទាក់ទាញមួយចំនួនរួមមាន កំណើនសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃបរិយាកាសវិនិយោគ ជាកត្តាលើកទឹកចិត្តដល់អ្នកវិនិយោគក្ដី ប៉ុន្តែភាពជាប់គាំងនយោបាយបានក្លាយជាក្ដីបារម្ភធ្ងន់ធ្ងរនៃភាពរស់រានអាជីវកម្មរបស់គេ។
អ្នកវិនិយោគជាច្រើនបានរង់ចាំមើលភាពប្រសើរឡើងវិញនៃស្ថានភាពនយោបាយនៅកម្ពុជា។ អ្នកវិនិយោគមួយចំនួនយល់ឃើញថា ការបន្ថែមទុន ឬការបង្កើតក្រុមហ៊ុនថ្មី គឺមានហានិភ័យខ្ពស់ ដើម្បីទទួលផលត្រឡប់មកវិញ ស្របពេលដែលភាពវឹកវរនយោបាយកំពុងកើតមាន។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច បានអះអាងថា ភាពជាប់គាំងនយោបាយ ឬការធ្វើបាតុកម្ម បានរំខានដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ អ្នកវិនិយោគ និងពាណិជ្ជករទាំងបរទេស និងក្នុងស្រុក មានភាពរារែកវិនិយោគលើអាជីវកម្មរបស់គេ។ លោកបញ្ជាក់ថា ទោះបីជាស្ថានភាពជាប់គាំងនយោបាយនាពេលនេះ មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែការអូសបន្លាយយូរ ពិតជាប៉ះពាល់ដល់ការវិនិយោគថ្មី និងការដក់ទុនវិនិយោគពីកម្ពុជា ទៅប្រទេសដទៃ។
លោកឧកញ៉ា ងួន ម៉េងតិច៖ «មានផលប៉ះពាល់ដែរ មិនមែនថាអត់។ ជៀសមិនរួចទេ គ្រាន់តែថាជារួមម្នាក់ៗគេនៅរក្សាការរកស៊ីនៅក្នុងស្រុកខ្មែរ ប៉ុន្តែបើយើងចេះតែបង្កលក្ខណៈលំបាកអ៊ីចឹងតទៅទៀត ខ្ញុំខ្លាចតែគេធុញទ្រាន់ទៅ គេអាចដកចេញក៏មិនដឹង»។
លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍បន្ថែមទៀតថា ការហូរចូលអ្នកវិនិយោគពីបរទេសហាក់មានសភាពនៅទ្រឹង ដោយសារតែបរិយាកាសធ្វើអាជីវកម្ម និងការវិនិយោគមិនអំណោយផល។ បន្ថែមលើនេះ វិស័យសហគ្រាសខ្នាតតូច និងមធ្យមវិញ បានអះអាងថា ភាពជាប់គាំងនយោបាយមិនប៉ះពាល់ដល់វិស័យផលិតខ្នាតតូច និងមធ្យមនៅកម្ពុជា ឡើយ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា សហគ្រាសរបស់កម្ពុជា ទាំងអស់ ផលិតបានបរិមាណតិចតួចប៉ុណ្ណោះ បើធៀបនឹងតម្រូវការផលិតផលជាក់ស្ដែង។ ប្រទេសកម្ពុជា បាននាំចូលទំនិញពីប្រទេសជិតខាង ដើម្បីបំពេញភាពខ្វះខាតទំនិញប្រើប្រាស់ និងចំណីអាហារឲ្យបានគ្រប់គ្រាន់។ ដូច្នេះ បញ្ហាជាប់គាំងនយោបាយមិនប៉ះពាល់ដល់សកម្មភាពផលិតរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឡើយ។
លោកឧកញ៉ា តែ តាំងប៉៖ «អារឿងសហគ្រាសធុនតូច និងមធ្យមនៅតែផលិតអ៊ីចឹង មិនមានការប៉ះពាល់ ព្រោះយើងផលិតសព្វថ្ងៃនេះ តម្រូវការនៅក្នុងស្រុក វាអត់គ្រប់គ្រាន់ផង។ យើងកុំឲ្យថាការនាំចេញ។ យើងត្រូវដឹងហើយ យើងទិញបណ្ដាប្រទេសវៀតណាម ថៃ បរិមាណខ្ពស់ណាស់។ ថៃ យើងទិញជាង ២ពាន់លាន។ វៀតណាម ជាង ១ពាន់លាន។ គ្រាន់នៅស្រុកយើងមិនគ្រប់សេចក្ដីត្រូវការហ្នឹងផង!»។
លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍បន្ថែមទៀតថា វិស័យសហគ្រាសខ្នាត និងមធ្យមនៅកម្ពុជា ទាំងអស់មានជាង ៥៣ម៉ឺនសហគ្រាស។ ភាគច្រើននៃសហគ្រាសទាំងនោះ ផលិតជាលក្ខណៈគ្រួសារ។
ទោះបីជាការអះអាងរបស់សហគ្រាសខ្នាតតូច និងមធ្យម និងសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ភាពជាប់គាំងនយោបាយមិនប៉ះពាល់ដល់ស្ថានភាពអាជីវកម្មរបស់គេក្ដី ប៉ុន្តែការចុះបញ្ជីពាណិជ្ជកម្មថ្មីរបស់អ្នកវិនិយោគក្នុងស្រុក និងបរទេសមានការធ្លាក់ចុះ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ការចុះបញ្ជីពាណិជ្ជកម្មបានធ្លាក់ចុះ ១២% សមាមាត្រនឹងចំនួនជិត ៣ពាន់ក្រុមហ៊ុនក្នុងឆ្នាំ២០១៣ បើធៀបនឹងឆ្នាំមុន ក្នុងនោះការចុះបញ្ជីពាណិជ្ជកម្មបរទេសធ្លាក់ចុះ ៩% សមាមាត្រនឹង ១.៤០០ក្រុមហ៊ុន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក កែន រដ្ឋា មានប្រសាសន៍ថា ការធ្លាក់ចុះបញ្ជីពាណិជ្ជកម្មនេះ មិនមែនមកពីបញ្ហានយោបាយទាំងស្រុងឡើយ។ ហេតុផលនៃការធ្លាក់នោះ រួមមាន ការកែប្រែនីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងការត្រួតពិនិត្យផ្លាកសញ្ញាពាណិជ្ជកម្ម ដែលបានអនុវត្តចាប់តាំងពីដើមឆ្នាំ២០១៣។ ប៉ុន្តែបច្ចុប្បន្ន ការចុះពាណិជ្ជកម្មបានកើនឡើងនៅដើមឆ្នាំ២០១៤។
លោក កែន រដ្ឋា៖ «ដើមឆ្នាំ២០១៣ យើងមានដាក់កម្រិតតឹងតែង ចុះបញ្ជី គឺត្រូវឆ្លងកាត់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលជាអ្នកកាន់ច្បាប់កម្មសិទ្ធិបញ្ញា មានរឿងហ្នឹងមួយ។ រឿងទីពីរ គឺនៅត្រង់ថា នីតិវិធីសម្រួលក្នុងការចុះបញ្ជីមានអ្នករត់ការមានលក្ខណៈទូលំទូលាយ។ ដល់ក្រោយមក យើងមានការរឹតបន្តឹងមួយចំនួន ធ្វើឲ្យការចុះបញ្ជីមានការធ្លាក់ចុះមួយចំនួនដែរ»។
លោក កែន រដ្ឋា មានប្រសាសន៍បន្ថែមទៀតថា មានកត្តាជាច្រើនដែលវិនិយោគតែងសិក្សាមុននឹងបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា រួមមានកត្តានយោបាយ ច្បាប់វិនិយោគ ការផ្ដល់ការលើកទឹកចិត្តនានា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ ការរកឃើញរបស់ស្ថាប័នស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ បានរកឃើញថា វិស័យឯកជន និងអ្នកនយោបាយ ឬអ្នកដឹកនាំប្រទេស ត្រូវធ្វើការរួមគ្នាដើម្បីជៀសវាងអស្ថិរភាពនយោបាយ និងភាពវឹកវរក្នុងសង្គម។ ភាពមិនចុះសម្រុងគ្នា អាចក្លាយជាហានិភ័យធ្ងន់ធ្ងរចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកំពុងអភិវឌ្ឍនានានៅលើពិភពលោក។ ការរកឃើញនោះ ចង់ឲ្យពាណិជ្ជករ ឬវិស័យឯកជន ចូលរួមគ្រប់គ្រងហានិភ័យនានាដែលអាចកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។
របាយការណ៍ហានិភ័យសកលប្រចាំឆ្នាំ២០១៤ បានរកឃើញថា អស្ថិរភាពសង្គម និងនយោបាយធ្ងន់ធ្ងរ ជាហានិភ័យមួយធ្វើឲ្យបាត់ទំនុកចិត្តលើអ្នកដឹកនាំប្រទេស។ បញ្ហានេះ នឹងធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍ បង្កឲ្យមានអំពើហិង្សា និងជម្លោះប្រដាប់អាវុធ។
របាយការណ៍ដដែលបានក្រើនរលឹកដល់ពាណិជ្ជករ និងរដ្ឋាភិបាល បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីរកវិធានការជម្លៀសហានិភ័យនេះ មានន័យថា ពាណិជ្ជករមិនត្រូវគិតរឿងអាជីវកម្ម ហើយអ្នកនយោបាយគិតរឿងនយោបាយនោះទេ៕
No comments:
Post a Comment