Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

​គ្រូ​ នៅ​តាម​ សាលា​រដ្ឋ​ ចាប់ផ្តើម​ធ្វើ​ កូដកម្ម ទាមទារ​ ប្រាក់ខែ​មួយ​លាន​រៀល​​

​គ្រូ​ នៅ​តាម​ សាលា​រដ្ឋ​ ចាប់ផ្តើម​ធ្វើ​ កូដកម្ម ទាមទារ​ ប្រាក់ខែ​មួយ​លាន​រៀល​​


ដោយ៖​ បូ សា​វី និង​អ៊ឹង ប៊ុនថន​​ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

កូដកម្ម​នេះ​កើតឡើង​ស្របពេល ដែល​ប្រធាន​សមាគម​គ្រូបង្រៀន កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ជូនដំណឹង​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ដើម្បី​រៀបចំ​បាតុកម្ម នៅ​ថ្ងៃ​ទី​៦​ខែ​មករា​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ ​ជូន​គ្រូបង្រៀន​ឲ្យបាន​១​លាន​រៀល។​​ក្រុម​គ្រូបង្រៀន​នៅ​តាម​សាលា​រដ្ឋ​មួយចំនួន នៅ​ថ្ងៃ​ចន្ទ​នេះ នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់បៀវត្សគោល​ប្រចាំខែ​ ជូន​ពួកគេ​ឲ្យ​បាន​ចំនួន​១​លាន​រៀល​។
​គ្រូបង្រៀន​នៅ​គរុកោសល្យ និង​វិក្រិតការ ខេត្ដ​សៀមរាប លោក ហ៊ី សម្បត្ដិ ប្រាប់​VOD​ថា ពួកគាត់​ប្រមាណ​២០​នាក់ នៅ​បង្រៀន​នៅ​សាលា​គរុកោសល្យ និង​នៅ​វិទ្យាល័យ​ខ្លះទៀត មិន​បង្រៀន​សិស្ស  ដោយ​នាំគ្នា​ដើរ​អង្គុយ​តាម​បង់​នៅក្នុង​សាលា​រៀងៗ​ខ្លួន ប្រាក់ខែ​បច្ចុប្បន្ននេះ មិន​អាច​សមាមាត្រ​នឹង​តម្លៃ​ទំនិញ​ដែល​ឡើងថ្លៃ​នោះទេ​ <<​ខ្ញុំ​ទាមទារ​ទៅលើ​បី​ចំនុច​ធំៗ ចំនុច​ទី​១ គឺ​ទាមទារ​ទៅលើ​ប្រាក់ខែ ប្រាក់បៀវត្ស ដើម្បី​រស់​នៅ​មាន​ជីវភាព តុល្យភាព​ជាមួយ​នឹង​ទំនិញ​ទីផ្សារ សព្វថ្ងៃនេះ បាន​ប្រាក់ខែ​ទាប​បំផុត​គឺ ១​លាន​រៀល​។ ចំនុច​ទី​២ គឺ​ដើម្បី​ជំរុញ​គុណភាព​អប់រំ ឲ្យ​គ្រូបង្រៀន​ហូប​គ្រប់គ្រាន់​ទៅ គ្រូ​មាន​ពេល​ទៅ​បង្រៀន​គិតគូរ​ដល់​សិស្ស ដើម្បី​យកចិត្តទុកដាក់​ធ្វើ​កិច្ចការ ក្នុង​ការបំពេញ​កិច្ចការងារ​នេះ​ឲ្យបាន​ជោគជ័យ​។ ចំនុច​ទី​៣ គឺ​ទាក់ទង​នឹង​គុណ​បំណាច់​របស់​គ្រូ​>>​។​
​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​បន្ទាយស្រី ស្រុក​បន្ទាយស្រី លោក ណ​ម សារ៉ាត់ ឲ្យដឹងថា​គ្រូ​ចំនួន​២១​នាក់​ក្នុងចំណោម​២៣​នាក់ ក៏​មិន​បាន​បង្រៀន​សិស្ស​ដែរ​នៅថ្ងៃនេះ ប៉ុន្ដែ​មិន​បាន​ឲ្យ​សិស្ស​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ទេ។ លោក​បន្ដថា ប្រាក់ខែ​គ្រូបង្រៀន​សព្វថ្ងៃនេះ មិន​ស្មើ​នឹង​ចំណេះដឹង​ដែល​ពួកគេ​មាន​ឡើយ​ ​<<​បើ​យើង​គិត​ទៅ ជា​រឿង​មួយ​ត្រឹមត្រូវ ព្រោះ​យើង​ឃើញ​ថា​ប្រាក់ខែ គ្រូបង្រៀន​រាល់ថ្ងៃ យើង​ឃើញថា វា​ដូចជា​មិន​សមរម្យ​និង​តំលៃ​ទីផ្សារ សូម្បី​តែ​កម្មករ​ក៏​ប្រាក់ខែ ១០០$ ជាង​ដែរ មាន​អ្នកខ្លះ​ដល់​ប​រិញ្ញា ប្រាក់ខែ​១០០$​ដែរ វា​អត់​សមតុល្យ​>>​។​
នាយក​វិទ្យាល័យ​បន្ទាយស្រី លោក គឺ គន់ មានប្រសាសន៍ថា ពិតជា​មាន​គ្រូបង្រៀន​ធ្វើ​កូដកម្ម​មែន ដែល​លោក​យល់ថា ការធ្វើ​កូដកម្ម​នៅក្នុង​ម៉ោង​បង្រៀន​ជា​ករណី​ខុសច្បាប់ និង ធ្វើឲ្យប៉ះពាល់​ដល់​ការសិក្សា​របស់​សិ​ស្ស​។​

ដោយឡែក​ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប លោក អ៊ុង សិរី​ឌី ថ្លែងថា កូដកម្ម​គ្រូបង្រៀន​នេះ​កើតឡើង​តិចតួច គឺមាន​តែ​សាលារៀន​ពីរ​កន្លែង​ប៉ុណ្ណោះ ហើយ​ពួកគាត់​បាន​ចូល​បង្រៀន​វិញ​ហើយ​ <<​អត់​មាន​កន្លែង​ណា​ដែល​ធំដុំ​ផង បញ្ហា​ទី​១​គឺ វា​មាន​នៅ​សាលា​គរុកោសល្យ​បន្តិច គាត់​លើក​បដា​នៅ​ចិញ្ចើមថ្នល់ ប៉ុន្តែ​គាត់​នៅ​បង្រៀន​ធម្មតា មិន​មាន​អត់​បង្រៀន​ទេ​។ បញ្ហា​ទី​២ នៅ​វិទ្យាល័យ បន្ទាយស្រី មាន​គ្រូ​៥​នាក់ ម៉ោង​ទី​១​គាត់​បង្រៀន ម៉ោង​ទី​២​គាត់​ជជែក​គ្នា ប៉ុន្តែ​នៅក្រោយពេល​ដែល​ការិយាល័យ អប់រំ​ស្រុក និង​នាយក​សាលា​បាន​អប់រំ​ណែនាំ​ទៅ បាន​ចប់ គាត់​ក៏​បាន​ចប់​ម៉ោង គាត់​ក៏​ចេញទៅ​ផ្ទះ​ទៅ​>>​។​
ក្រៅ​ពី​ខេត្ត​សៀមរាប គ្រូបង្រៀន​នៅ​តាម​ខេត្ត​មួយចំនួន បាន​សម្រេច​ធ្វើ​កូដកម្ម នៅ​ថ្ងៃ​ចន្ទ​នេះ ដូចជា នៅ​វិទ្យាល័យ ជ័យវរ្ម័ន នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល វិទ្យាល័យ​ទួល​ទំពូង រាជធានី​ភ្នំពេញ ជាដើម​។​
​នៅពេល​គ្រូៗ​នាំ​គ្នា​មិន​បង្រៀន​នេះ តាម​សាលារៀន​ជាច្រើន ត្រូវបាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច និង​ទទួល​រង​ការ​គំរាម​ពី​នាយក​សាលា ចំពោះ​ការធ្វើ​កូដកម្ម​នេះ៕

No comments:

Post a Comment