លោក សម រង្ស៊ី និងសកម្មជនបក្សសង្គ្រោះជាតិ នៅទីស្នាក់ការបក្ស ភ្នំពេញ ថ្ងៃ៨ កញ្ញា ឆ្នាំ២០១៣។
REUTERS/Damir Sagolj
គណបក្សសង្គ្រោះជាតិ សម្រេច ចូលរួមបោះឆ្នោត ជ្រើសតាំង សមាជិកក្រុមប្រឹក្សា ខេត្តរាជធានី ក្រុងស្រុកខណ្ឌ ថ្ងៃ១៨ឧសភា
ទោះបីជាកំពុងតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ ក៏ដោយ តែគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានសម្រេចថា នឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្តរាជធានី ក្រុងស្រុកខណ្ឌ នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។ ជាការបោះឆ្នោត ដោយអសកល។ ពោលគឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង សរុប១១៤៥៩នាក់ប៉ុណ្ណោះ ជាអ្នកបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្តរាជធានី ក្រុងស្រុកខណ្ឌ អាណត្តិទី២ សរុបចំនួន ៣៣២៤ នាក់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨មករាថា គណបក្សប្រឆាំង ដែលកំពុងតវ៉ា ជំទាស់នឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលនេះ បានសម្រេចថា នឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។
ទោះបីជាពេលនេះ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យកែទម្រង់ការបោះឆ្នោត ពិសេសប្តូរគ.ជ.ប ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា នៅថ្ងៃ១៨ឧសភា ធ្វើឡើងតាមបែបអសកល ដែលមានតែក្រុមប្រឹក្សាឃុំសង្កាត់ ជាអ្នកបោះឆ្នោតនោះ គឺមិនចោទជាបញ្ហាដូចការបោះឆ្នោតសកល ដែលប្រជាពលរដ្ឋចូលរួមកន្លងមកឡើយ។ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ច្បាស់ណាស់ នឹងចូលរួមការបោះឆ្នោត នៅថ្ងៃ១៨ឧសភា ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលទើបតែផ្តាច់សម្ព័ន្ធភាពនឹងគ្នា កាលពីថ្ងៃទី១៣មករា មិនទាន់ច្បាស់ថា នឹងចូលរួមការបោះឆ្នោតនោះ ឬយ៉ាងណាទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៣មករា បានជូនដំណឹង ពីកាលបរិច្ឆេទទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាខេត្តរាជធានី ក្រុងស្រុកខណ្ឌ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ បញ្ចប់នៅថ្ងៃទី៣មីនា។
ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្តរាជធានី ក្រុងស្រុកខណ្ឌ នឹងធ្វើឡើង នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ១១.៤៥៩ នាក់ប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ កាលពីឆ្នាំ២០១២ គឺគណបក្សប្រជាជនកម្ពុជា មាន ៨.២៩២ នាក់។ គណបក្សសមរង្ស៊ី មាន ២.១៥៥ នាក់។ គណបក្សសិទ្ធិមនុស្ស មាន ៨០០ នាក់។ គណបក្សហ្វ៊ុនស៊ិនប៉ិច មាន ១៥១ នាក់។ គណបក្សជាតិនិយម មាន ៥២ នាក់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨នាក់ និងគណបក្សសញ្ជាតិកម្ពុជា មានម្នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅកម្ពុជា មានរាជធានី ១ ខេត្តចំនួន ២៤ ក្រុង ២៦ ស្រុក ១៥៩ និងខណ្ឌ ចំនួន ១២៕
Does it mean CNRP agree with CPP about NEC?
ReplyDelete