Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

កម្ពុជា ឡើងការពារ របាយការណ៍ សិទ្ធិមនុស្ស នៅម៉ោង៨កន្លះ ល្ងាចនេះ​នៅហ្សឺណែវ​

​កិច្ច​ប្រជុំ​របស់​  UPR ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
កិច្ច​ប្រជុំ​របស់​ UPR ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
google/photo
កម្ពុជា ឡើងការពារ របាយការណ៍ សិទ្ធិមនុស្ស នៅម៉ោង៨កន្លះ ល្ងាចនេះ​នៅហ្សឺណែវ​

ដោយ ប៉ែន បូណា / RFI | ២៨ មករា​ ២០១៤
របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ក្រុមការងារ​នៃ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្ស៊ឺណែវ​ លើក​យក​ទៅ​ពិភាក្សា​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​យប់​តទៅ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី២៨​មករា​នេះ។​ លោក ​ម៉ក់ ​សម្បត្តិ ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ នឹង​ឡើង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល។

ចាប់ពី​ម៉ោង​២​និង​៣០​នាទី​រសៀល​នេះ​ ម៉ោង​នៅ​ប្រទេស​ស្វ៊ីស​ ត្រូវ​នឹង​ម៉ោង​៨​និង​៣០នាទី​យប់​ម៉ោង​នៅ​កម្ពុជា ​ក្រុម​ការងារ​នៃ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​នឹង​ស្តាប់​របាយការណ៍​សិទ្ធិមនុស្ស​របស់​កម្ពុជា។ ​តាម​ការគ្រោង​ទុក​ កិច្ច​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​៣​ម៉ោង​កន្លះ​ពោលគឺ​រហូត​ដល់​ពាក់កណ្តាល​អាធ្រាត្រ​ម៉ោង​នៅ​កម្ពុជា។
សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ពី​ទីក្រុង​ហ្ស៊ឺណែវ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៨​មករា​នេះ​ បាន​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ ​លោក​ ម៉ក់ សម្បត្តិ ​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ នឹង​ឡើង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល។​ នេះគឺ​ជា​លើក​ទី២​ហើយ​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ក្រុម​ការងារ​របស់​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​សិទ្ធិមនុស្ស​ជាសាកល​ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​កំណត់​មួយ​របស់​អង្គការ​សហប្រជាជាតិ​​ដែល​ហៅ​កាត់​ថា​ UPR ។
 
ការត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើក​ទី១​ បាន​បើក​ធ្វើឡើង​កាលពី​ថ្ងៃទី១​ ខែ​ធ្នូ ​ឆ្នាំ ២០០៩។ ​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ពន្យល់​ដល់​ UPR ​អំពី​អ្វីដែល​ខ្លួន​បាន​ធ្វើ​បន្ទាប់​ពី​បាន​ទទួល​អនុសាសន៍​ផ្សេងៗ​កាល​ពី​៤​ឆ្នាំមុន។ ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ថ្មីៗ​នេះ​ក៏អាច​នឹង​ត្រូវ​លើក​ឡើង​ផង​ដែរ។​ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​។

សូម​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​ឡើង​វិញ​អំពី​បញ្ហា​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ ​(UPR)​ ដែល​បើក​ធ្វើ​ជារៀងរាល់​៤​ឆ្នាំ​ម្តង​ បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី​ ២៧ ​មករា​នៅ​ទីក្រុង​ហ្សឺណែវ។ ​កិច្ច​ប្រជុំ​លើក​នេះ​ មាន​រដ្ឋ​ចំនួន​​១៤​ ដែល​ត្រូវ​ឡើង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់​ខ្លួន​ក្នុង​នោះ​ក៏មាន​កម្ពុជា​ដែរ។ ​លោក​ សម រង្ស៊ី ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​អះអាង​ថា​ លោក​នឹង​ទៅ​ចូល​រួម​ស្តាប់​របាយការណ៍​នេះ​ដែរ។

អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បាន​ដាក់​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជូនទៅ ​UPR​ រួច​ហើយ។ ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ស្រអាប់​យ៉ាង​ខ្លាំង​ដោយ​សារ​អំពើ​ហិង្សា​រយៈពេល​ចុងក្រោយ​នេះ។ ​ព្រឹត្តិការណ៍​បង្ក្រាប​ទៅលើ​បាតុកម្ម​កម្មករ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​ របួស​រាប់សិប​នាក់​ និង​ចាប់ខ្លួន​២៣នាក់​ ព្រម​ទាំង​ការរឹត​បន្តឹង​សេរីភាព​សម្តែង​មតិ​រយៈពេល​ចុងក្រោយ​នេះ​គឺជា​ចំណោទ​ធំធេង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​ទំនងជា​ពិបាក​នឹង​ការពារ៕


No comments:

Post a Comment