សកម្មជនដីធ្លីដង្ហែដាក់ញត្តិក្នុងពេលកន្លងមក។ (ហេង រស្មី/VOA)
មន្ត្រី សាលាក្រុង មិនទទួលញត្តិ របស់ ជនរងគ្រោះ ទំនាស់ដីធ្លី
ឃួន ធារ៉ា / VoA | 28 មករា 2014
ភ្នំពេញ — តំណាងសហគមន៍រងគ្រោះដោយការបណ្តេញចេញដោយបង្ខំចំនួនបីសហគមន៍ក្នុងក្រុងភ្នំពេញបានបន្តការតវ៉ារបស់ខ្លួននៅព្រឹកថ្ងៃច័ន្ទនេះដោយប្រមូលផ្តុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញដើម្បីទាមទារឱ្យមានដំណោះស្រាយសមស្របមួយសម្រាប់ពួកគេ។
សហគមន៍បុរីកីឡា សហគមន៍៣៤៧ និងអតីតអ្នកភូមិបឹងកក់បានចាត់តំណាងរបស់ខ្លួនជាង៣០នាក់ដើម្បីយកញត្តិមកដាក់នៅសាលាក្រុងភ្នំពេញ ក្នុងនោះពលរដ្ឋសហគមន៍បុរីកីឡា ដែលមិនទាន់មានដំណោះស្រាយជាង១០០គ្រួសារទាមទារឱ្យក្រុមហ៊ុនផាន អ៊ីម៉ិចរបស់អ្នកស្រីស៊ុយ សុផានគោរពតាមកិច្ចសន្យាសាងសង់២អគារបន្ថែមសម្រាប់ពួកគេ។ ចំណែកឯសហគមន៍៣៤៧ក្នុងសង្កាត់បឹងកក់ទី១ ដែលនៅសល់១២គ្រួសារទៀត កំពុងប្រឈមនឹងការបណ្តេញចេញរបស់អាជ្ញាក្រុងភ្នំពេញ និងទាមទារឱ្យមានការផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់លើទីតាំងដែលពួកគេកំពុងរស់នៅ ខណៈដែលអាជ្ញាធរចាត់ទុកថា ពួកគេកំពុងរស់នៅលើទីតាំងខុសច្បាប់។
លោកពៅ បញ្ញា តំណាងសហគមន៍ដីធ្លី៣៤៧ ថ្លែងថា ពួកខ្លួនចង់ឱ្យរដ្ឋាភិបាលដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរៃនេះឱ្យបានឆាប់ៗ។
«ទំនាស់រ៉ាំរៃនេះបន្តតាំងពីឆ្នាំ២០០៧។ បឹកកក់ចាកចេញក៏ឆ្នាំ២០០៧ សហគមន៍៣៤៧ក៏ឆ្នាំ២០០៧ បុរីកីឡាឆ្នាំ២០១២។ ដូច្នេះសាលារាជធានីភ្នំពេញគ្មានដំណោះស្រាយ ចេះតែបន្ត និងគេចវេសមិនព្រមដោះស្រាយឱ្យពួកខ្ញុំ។ ពួកខ្ញុំរួមគ្នាបីសហគមន៍នេះគឺមកដើម្បីទាមទារឱ្យលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឱ្យគាត់ធ្វើយ៉ាងម៉េចដោះស្រាយឱ្យពួកខ្ញុំ ឱ្យបញ្ចប់បញ្ហាដីធ្លីក្នុងឆ្នាំ២០១៤នេះ ព្រោះពួកខ្ញុំអត់ចង់រង់ចាំតទៅទៀតទេ»។
យ៉ាងណាក៏ពួកគេបានរំសាយទៅវិញ នៅពេលថ្ងៃត្រង់ បន្ទាប់ពីខ្លួនពុំឃើញតំណាងសាលាក្រុងភ្នំពេញចេញមកទទួលញត្តិ។ ពួកគេគ្រោងនឹងយកញត្តិរបស់ខ្លួនមកដាក់ជាថ្មីនៅពេលក្រោយវិញ។
ការដាក់ញត្តិមិនមានការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចរបស់អាជ្ញាធរនោះទេ។
ប៉ុន្តែពួកគេអះអាងថា មានការព្យាយាមរារាំងពីអាជ្ញាធរមូលដ្ឋាន។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ ថ្លែងថា ក្រុមអាជ្ញាធរមានគម្រោងដោះស្រាយជម្លោះរបស់សហគមន៍ទាំងនេះក្នុងពេលឆាប់ៗខាងមុខនេះ។
«ជាគម្រោងនឹងការប្តេជ្ញាចិត្តខ្ពស់របស់លោកអភិបាលក្នុងការដោះស្រាយជម្លោះរបស់បងប្អូនអ្នកបឹងកក់ និងបុរីកីឡានេះ។ ប៉ុន្តែការដោះស្រាយជូនពួកគាត់នោះគឺខ្ញុំមិនទាន់អាចជម្រាបជូនបានទេ ទុកការងារ និងពេលវេលាឱ្យក្រុមការងារដោះស្រាយបញ្ហាហ្នឹង»។
លោកមឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ យល់ថា ប្រសិនបើទំនាស់ដីធ្លីទាំងនេះនៅតែបន្តអូសបណ្លាយ នោះគណបក្សកាន់អំណាចអាចនឹងស្រុតចុះសំឡេងគាំទ្រខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
«ការតវ៉ារបស់ប្រជាពលរដ្ឋកាលពីថ្ងៃម្សិលម៉ិញ និងថ្ងៃនេះ ខ្ញុំឃើញប្រជាពលរដ្ឋគាត់កើតក្តីមិនសប្បាយចិត្តនឹងរបៀបដឹកនាំប្រទេស។ ហើយការអត់សប្បាយចិត្តរបស់ប្រជាពលរដ្ឋកាន់តែរីកដុះដាលធំទៅៗ ដូច្នេះសំណួរសួរថា តើគណបក្សប្រជាជនអាចនឹងទទួលបានកៅអីចំនួនណាមួយដែរឬអត់ បើមានការបោះឆ្នោតនៅថ្ងៃខាងមុខ ហើយបើការបោះឆ្នោតហ្នឹងប្រកបដោយសេរីនិងយុត្តិធម៌»។
លោក មឿន តុលា បន្ថែមថា ប្រសិនបើការបណ្តេញចេញដោយបង្ខំនិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជានៅតែមិនមានភាពធូរស្រាល នោះអាចនឹងនាំឱ្យមានការថ្កោលទោស ឬដាក់ទណ្ឌកម្មណាមួយពីសហគមន៍អន្តរជាតិ៕
No comments:
Post a Comment